
ប្រជានេសាទដាក់លិខិតអនាមឹកចូលហឹបឆ្នោតចោទប្រកាន់មេៗជលផលខេត្ដសៀមរាបពុករលួយ បើកដៃឱ្យឈ្មួញនេសាទក្នុងដែនឡូតិ៍អភិរក្ស
ដោយ ៖ ជា ស្រស់ ថ្ងៃទី 12 មិថុនា 2012ម៉ោង 11:00:00
ខេត្ដសៀមរាបៈ ប្រជានេសាទសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលមិនពេញចិត្ដជាមួយសមត្ថកិច្ចជលផល ប្រចាំតំបន់នោះបានដាក់លិខិតអនាមឹកមួយសន្លឹកចូលទៅក្នុងហឹបឆ្នោត ដោយធ្វើការចោទប្រកាន់មន្ដ្រីទាំងនោះថា បានបើកដៃឱ្យមេឈ្មួញចូលវាយអ៊ួនក្នុងដែនអភិរក្សឡូត៍លេខ៤និងលេខ៦ ដោយតម្រូវបង់ប្រាក់ក្នុងមួយវង់២លានរៀល ។
លិខិតអនាមឹកនោះត្រូវបានប្រជាពលរដ្ឋដាក់ចូលទៅក្នុងហឹបឆ្នោតកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលជាថ្ងៃ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
យោងតាមលិខិតអនាមឹករបស់ប្រជានេសាទនៅសង្កាត់ចុងឃ្នៀស ដែលដាក់ចូលក្នុងហឹបឆ្នោតកាល ពីថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០១២ បានឱ្យដឹងថា ក្រុមជលផលនៅចុងឃ្នៀសគ្រប់លំដាប់ថ្នាក់សុទ្ធតែជាប់ពាក់ព័ន្ធនឹងការបើកដៃឱ្យមេឈ្មួញ ចូលវាយអ៊ួនក្នុងដែនអភិរក្ស ។ ក្នុងលិខិតដដែលបានបង្ហាញថា មេឈ្មួញរកបទល្មើសនេសាទឈ្មោះដូរ យាុំងដាង ហៅឡេ យ៉ាំងជៀវ ជាជនជាតិវៀតណាម រស់នៅសង្កាត់ចុងឃ្នៀស ។
នៅក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា ជលផលដែលមានការឃុបឃិតជាមួយមេឈ្មួញខាងលើ មានលោកស្រី អូន នាយសង្កាត់ជលផលចុងឃ្នៀស (ឈោះ្មផ្លូវការ ខេង ហ្វុកអូន នាយសង្កាត់ភ្នំក្រោម) លោកដេតនាយផ្នែករដ្ឋបាលជលផល ចុងឃ្នៀស (លោកដេត ជានាយរងផ្នែក) ដោយក្នុងអ៊ួនមួយវង់បង់ឱ្យទាំងពីរកន្លែង នេះ១លាន៤សែន ។ ក្រៅពីនេះនៅមាន ជលផលដែលគេហៅថា ក្រុមអូប៉េ ដែលមានឈ្មោះសៀន ត្រូវបង់មួយវង់៦០ម៉ឺនរៀលផងដែរ ។ លិខិតអនាមឹកមួយនេះត្រូវ បានបែកធ្លាយដល់អាជ្ញាធរសង្កាត់ អាជ្ញាធរក្រុងសៀមរាបហើយ តែគេមិនទាន់ដឹងថា អាជ្ញាធរមានវិធានការយ៉ាងណានៅ ឡើយទេជុំវិញលិខិតចោទប្រកាន់មួយនេះ ។
ទាក់ទិននិងលិខិតចោទប្រកាន់នេះលោកខេងហ្វុកអូន (ក្នុងលិខិតដាក់ឈ្មោះស្រី អូន) នាយសង្កាត់ជលផលភ្នំក្រោម បានឱ្យដឹងតាមទូរស័ព្ទថា លោកអត់បានដឹងអំពីរឿងរ៉ាវទាំងអស់នេះទេ ។ ចំណែកលោកដេត នាយរងផ្នែកជលផលចុង ឃ្នៀសបានឱ្យដឹងថា លោកបានដឹងតាមរយៈលោកចៅសង្កាត់ប្រាប់ តែលោកមិនបានឃើញលិខិតនោះ ទេ ។ លោកបានបន្ដថា តាមការពិតទៅមិនមានរឿងដូចការចោទប្រកាន់នោះទេ តែតាមលោកសន្និដ្ឋានគឺ យាមជាប្រចាំនៅដែនអភិរក្សឡូត៍លេខ៤ និងមានពេលខ្លះចល័តមកយាមនៅឡូត៍បម្រុងលេខ៦ថែមទៀតផង ។ លោកដេត បានបន្ដថា លិខិតអនាមឹកមួយនេះគឺមាន ចេតនាមូលបង្កាច់បង្ខូចកិត្ដិយសសមត្ថកិច្ចរដ្ឋ បាលជលផលដែលកំពុងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីអភិរក្សធនធានមច្ឆាជាតិ។
ចំណែកលោកព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលសៀមរាបបាននិយាយរបៀបកាន់ជើងមន្ដ្រីរបស់ខ្លួនថា រឿង នេះលោកក៏បានដឹងដែរតែលោកចុះស្រាវជ្រាវទៅមិនមានដូចអ្វីដែលបានធ្វើការចោទប្រកាន់នោះទេ ។ លោកនាយខណ្ឌ បានបន្ដថា ការមូលបង្កាច់បែបនេះអាចធ្វើឱ្យមន្ដ្រីរបស់លោកមាន ការអាក់អន់ស្រពន់ចិត្ដក្នុងការបំពេញការងាររបស់ពួកគេ ។
បើទោះបីជាមានការបកស្រាយអះអាងពីក្រុមសមត្ថកិច្ចរដ្ឋបាលជលផលបែបនេះក៏ដោយ មជ្ឈដ្ឋាននានាបានសម្ដែង ពីមតិរបស់គេថា បើអស់លោកមេៗជលផលគ្រប់លំដាប់ថ្នាក់នៅសៀមរាប ជាពិសេជលផលតំបន់ចុងឃ្នៀសតែម្ដង បើមិន មានការគាបសង្កត់ទៅលើប្រជានេសាទលក្ខណៈគ្រួសារទេហើយមិនមានការបើកដៃអោយមេឈ្មួញប្រព្រឹត្ដបទល្មើសនេសាទ នោះទេ ក្រុមប្រជាពលរដ្ឋមិនក្ដៅក្រហាយរហូតដល់ធ្វើជាលិខិតអនាមឹកយកទៅដាក់ក្នុងហឹបឆ្នោតបែបនេះដែរ ៕
