
យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនៅលើដើមមានមុខផ្ទះ
ដោយ ៖ សណ្ដោស ថ្ងៃទី 12 មិថុនា 2012ម៉ោង 09:34:27
ខេត្ដកណ្ដាល ៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកដោយខ្សែគោនៅលើដើមមានមុខផ្ទះកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ នៅផ្ទះជនរងគ្រោះ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ជនរងគ្រោះមានឈ្មោះ ម៉េត ប៉ុញ អាយុ២៩ឆ្នាំ មុខរបរជាកម្មករសិប្បកម្មតម្បាញនៅភូមិព្រែកស្វាយ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឱ្យដឹងថា មុនពេលកើតជនរងគ្រោះបានផឹកស៊ីសប្បាយជាមួយមិត្ដភក្ដិ លុះពេលផឹកស៊ីចប់ ជនរងគ្រោះបានដើរមកផ្ទះជួបម្ដាយ ហើយម្ដាយបានសួរថា កូនឯងទើបមកពីណា ? ជនរងគ្រោះឆ្លើយថា ទើបមកពីផឹកស៊ីជាមួយមិត្ដភក្ដិ កូនចង់តែស្លាប់ រួចហើយជនរងគ្រោះក៏ដើរចូលក្នុងផ្ទះបាត់ទៅ ។ ចំណែកឯម្ដាយឮកូននិយាយបែបនេះ ក៏ដើរតាមកូននិងនិយាយលួងលោមអង្វរកុំឱ្យកូនគិតខ្លី ខណៈនោះកូនក៏ចូលដេកទៅ ។ លុះព្រឹកឡើងនៅពេលបងស្រីចេញទៅផ្សារដើរមកមុខផ្ទះ ស្រាប់តែប្រទះឃើញ ប្អូនប្រុសចងកនឹងខ្សែគោនៅលើដើមមានស្លាបបាត់ទៅហើយ ។
តាមក្រុមគ្រួសារបានឱ្យដឹងទៀតថា ជនរងគ្រោះរូបនេះ ឱ្យតែផឹកស៊ីម្ដងៗ មកដល់ផ្ទះវិញ តែងតែនិយាយថា ចង់ស្លាប់ ហើយមានបំណងចង់សម្លាប់ខ្លួនជាច្រើនដងរួចមកហើយ តែដោយក្រុមគ្រួសារនិយាយលួងលោម ទើបរូបគេមិនធ្វើអត្ដឃាត ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលកោសល្យវិច័យបានចុះទៅដល់កន្លែងដើម្បីពិនិត្យសាកសព ទើបដឹងថា ជនរងគ្រោះស្លាប់ដោយចងកពិតប្រាកដមែន ក៏ប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះ៕
