
សាលាដំបូងខេត្ដកណ្ដាលសម្រេចឃុំខ្លួនជំទប់ទី២ឃុំបន្ទាយដែក
ដោយ ៖ ស្អាងជ័យ ថ្ងៃទី 12 មិថុនា 2012ម៉ោង 18:02:21
ខេត្ដកណ្ដាល ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកណ្ដាល លឹម សុគន្ធា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ មាស ប៉េង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាជំទប់ទី២ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ពីបទអ្នកផ្ដើមគំនិតប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត បន្ទាប់ពីចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ ។
យោងតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកណ្ដាលលេខ៨២០ ដកបឃខ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ បានបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ ឈ្មោះមាស ប៉េង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាជំទប់ទី២ ទីកន្លែងកំណើតភូមិ ព្រែកឈ្មោះ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្ដ កណ្ដាល ទីលំនៅបច្ចុប្បន្នភូមិខ្សំ ឃុំបន្ទាយ ដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ជនសង្ស័យត្រូវបានដាក់ឱ្យស្ថិតនៅក្រោម ការពិនិត្យ ពីបទអ្នកផ្ដើមគំនិតប្រើអំពើ ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្ដនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១១ តាមបញ្ញត្ដិមាត្រា២៨នៃក្រមព្រហ្មទណ្ឌ។ ដីកាបង្គាប់ឱ្យឃុំខ្លួនខាងលើក៏បានបង្គាប់ឱ្យ ប្រធានមន្ទីរឃុំឃាំងខេត្ដកណ្ដាល ឃុំខ្លួន ជនសង្ស័យខាងលើនេះជាបណ្ដោះអាសន្នឱ្យបានសម្រេច ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០១២ នគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយបានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះមាស ប៉េង តាមដីការបស់ សាលាដំបូងខេត្ដកណ្ដាល២ដាច់ដោយ ឡែកពីគ្នា ។ ការចាប់ខ្លួននេះបានធ្វើឡើង នៅភូមិកោះធំ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ខណៈជនសង្ស័យ កំពុងសំងំលាក់ខ្លួន ។ ដីកាចាប់ខ្លួនរបស់ សាលាដំបូងខេត្ដកណ្ដាល ទៅលើជន សង្ស័យមាស ប៉េង គឺ១-ដីកាលេខ៨០៨ ស.ក.ប.ច.ខ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ របស់ចៅក្រមស៊ើបសួរ លឹម សុគន្ធា ពីបទ រត់គេចខ្លួន ។ ដីកា១ទៀតលេខ១៦៧ ស.ក.ប.ច.ខ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១២ ដោយចៅក្រមស៊ើបសួរ ស៊ិន វីរៈ ពីបទរត់គេចខ្លួនដូចគ្នា ។
គួរបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ មាស ប៉េង ត្រូវបានចាប់ឃុំខ្លួនម្ដងរួច មកហើយ ប៉ុន្ដែជននេះត្រូវបានរំដោះ ចេញពីពន្ធនាគារ ដោយមន្ដ្រីជាន់ខ្ពស់ គណបក្សសមរង្ស៊ី និងមេធាវីការពារ គណបក្សនេះ គឺលោកជូង ជូងី ទើបនៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២ សមត្ថកិច្ច បានចាប់ឃាត់ខ្លួនម្ដងទៀតតាមដីកា បង្គាប់របស់សាលាដំបូងខេត្ដកណ្ដាល ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
