
បើករថយន្ដជែងមិនផុតប៉ះកន្ទុយរថយន្ដចុះមកស្រែកជេរឡូឡា
ដោយ ៖ កេត្យា ថ្ងៃទី 14 កក្កដា 2012ម៉ោង 10:14:41
ភ្នំពេញ ៖ ស្ដ្រីមានគ្នាប្រមាណ៣-៤នាក់ មានអាយុប្រហែល២៥-៣០ឆ្នាំ បានចុះពីលើរថយន្ដរបស់ខ្លួន ចុះស្រែកឡូឡា និងជេរទៅលើភាគីរថយន្ដម្ខាងទៀត ក្រោយបើករថយន្ដជែងនឹងរថយន្ដគេមិនផុតបណ្ដាលឱ្យប៉ះនឹងកន្ទុយរថយន្ដ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅចំណុច មុខផ្សាររាត្រី តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីសាក្សីឈរមើលហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដ១គ្រឿងម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2L-6559 នៅក្នុងរថយន្ដមានអ្នកបើកបរនិងអ្នករួមដំណើរស្រីៗ៤នាក់ ក្នុងទិសដៅពីត្បូងទៅជើង។ ដល់ចំណុចកើតហេតុ ក៏ជួបនឹងរថយន្ដប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីបើកស្របទិសគ្នា ហើយរថយន្ដកាមរីឆ្លាមបានបើកជែងរថយន្ដប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីនោះ ប៉ុន្ដែបើកមិនទាន់ផុតផង ក្បាលរថយន្ដ ក្រុមហ៊ុនស៊ីនទ្រីបានប៉ះកន្ទុយរថយន្ដកាមរី បន្ទាប់មកគេឃើញស្ដ្រី៣-៤នាក់បានចុះពីរថយន្ដហើយស្រែកឡូឡា និង ជេរទៅលើអ្នកបើកបររថយន្ដក្រុមហ៊ុនស៊ីនទ្រី ។
ប្រភពដដែលបន្ដថា បន្ទាប់មកក៏មានអ្នកកាសែតចុះទៅថតរូបភាព ក៏ត្រូវពួកស្រីៗទាំងនោះរារាំងមិនឱ្យថតយកទៅមកចុះផ្សាយ ។ ប៉ុន្ដែមានអ្នកកាសែតម្នាក់បានព្យាយាមយកសកម្មភាពច្រងេងច្រងាងរបស់ស្ដ្រីទាំងនោះ បន្ទាប់មកក៏ត្រូវស្ដ្រីម្នាក់ក្នុងចំណោមបក្ខពួកដោះស្បែកជើងមកវាយលើអ្នកកាសែតរូបនោះ និងដណ្ដើមយកម៉ាស៊ីនថតពីអ្នកកាសែតទៀតផង ៕
