
ឆបោកម៉ូតួយកទៅបញ្ចាំ ហើយលក់ផ្ដាច់ ត្រូវជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច
ដោយ ៖ ស្អាងជ័យ ថ្ងៃទី 14 កក្កដា 2012ម៉ោង 14:43:15
ខេត្ដកណ្ដាល ៖ បុរសម្នាក់ត្រូវសមត្ថ កិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនពីបទឆបោកយកម៉ូតូរបស់គេទៅបញ្ចាំយកលុយចាក់បាល់ចាញ់អស់ក៏លក់ផ្ដាច់ ។ ករណីឆបោកម៉ូតូកើតឡើងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១២ នៅផ្សារតាខ្មៅថ្មី សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ហើយជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យក្នុងករណីឆបោក ម៉ូតូខាងលើនេះមានឈ្មោះមួង ម៉េត ហៅធី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅក្នុងភូមិព្រែកក្រាញ់ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែកជនរងគ្រោះមានឈ្មោះជុំ ស៊ីផុន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅភូមិក្បាលកោះលិច ឃុំកោះ ខ្សាច់ទន្លា ស្រុកស្អាង ខេត្ដកណ្ដាល ។
ប្រភពពីសមត្ថកិច្ចដដែលឱ្យដឹងទៀត ថា ជនសង្ស័យឈ្មោះមួង ម៉េត ហៅធី បានឆបោកយកម៉ូតូ១គ្រឿងពីឈ្មោះជុំ ស៊ីផុន ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1R-6571 កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ យក ទៅបញ្ចាំនៅម្ដុំផ្សារតាប៉ាង រាជធានី ភ្នំពេញបានប្រាក់៣០០ដុល្លារសហរដ្ឋ អាមេរិក ។ បន្ទាប់ពីបញ្ចាំបានលុយជន សង្ស័យបាន យកទៅចាក់បាល់ចាញ់អស់ បន្ទាប់មកក៏ទៅលក់ម៉ូតូនោះផ្ដាច់ក្នុង តម្លៃ៥៥០ដុល្លារដោយត្រូវបានអ្នកទិញ ថែមលុយ២៥០ដុល្លារទៀត ជនសង្ស័យ ក៏យកទៅចាយវាយអស់គ្មានសល់ ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាង លើបានជួលម៉ូតូរបស់ខ្លួនឌុបមកផ្សារ តាខ្មៅ ខេត្ដកណ្ដាល ។ លុះមកដល់ផ្សារ តាខ្មៅ ឈ្មោះមួង ម៉េត បានខ្ចីម៉ូតូរបស់ ខ្លួនថាទៅភ្នំពេញ ។ ពេលបានម៉ូតូភ្លាម មួង ម៉េត បានជិះមកបាត់តែម្ដង ។ លុះ ដល់វេលាម៉ោង៨ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១២ ខ្លួនបានជួបមួង ម៉េត និងចាប់ ប្រគល់ឱ្យសមត្ថកិច្ចស្រុកស្អាង ។
បន្ទាប់ពីសាកសួរជនសង្ស័យជុំវិញ ករណីឆបោកខាងលើនេះ សមត្ថកិច្ច ស្រុកស្អាងបានបញ្ជូនខ្លួនជនសង្ស័យទៅ ស្នងការដ្ឋាននគរបាលខេត្ដដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
