
ព្រឹត្ដិការណ៍ដោះដូរកីឡាករនិងគ្រូបង្វឹកបាល់ទាត់
ដោយ ៖ ដេវីត ថ្ងៃទី 17 កក្កដា 2012ម៉ោង 15:04:37
1.លោក Fabio Capello ក្លាយទៅជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិរុស្ស៊ី
សហព័ន្ធបាល់ទាត់នៃប្រទេសរុស្ស៊ី (RFU) បានប្រកាសតែងតាំងលោក Fabio Capello ជាគ្រូបង្វឹកថ្មីរបស់ក្រុម ជម្រើសជាតិរុស្ស៊ីក្រោយពេលគ្រូបង្វឹកចាស់ដឹកនាំមិនបានល្អនៅក្នុងកម្មវិធី យូរ៉ូឆ្នាំ២០១២ដែលទើបតែបញ្ចប់ ។
លោក Nikita Simonyan អនុប្រធាន RFU បានថ្លែងថា “ថ្ងៃនេះយើងបានសម្រេចតែងតាំងលោក Capello ជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់របស់យើង ហើយដោយយើងរំពឹងថា គាត់អាចមកកាន់ទីក្រុងមូស្គូនៅពេលឆាប់ៗខាងមុខ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងចុងក្រោយ”។
លោកគ្រូបង្វឹកវ័យ៦៦ឆ្នាំសញ្ជាតិ អ៊ីតាលីរូបនេះនឹងមកកាន់តំណែងជំនួសលោកគ្រូបង្វឹកសញ្ជាតិហុល្លង់ Dick Advocaat ដែលមិនអាចជួយក្រុមខ្លាឃ្មុំ ទឹកកករុស្ស៊ីឡើងទៅលេងវគ្គ៨ក្រុមចុង ក្រោយនៃកម្មវិធីយូរ៉ូនៅក្នុងប្រទេសប៉ូឡូញនិងអ៊ុយក្រែន ។
លោក Capello ធ្លាប់មានបទ ពិសោធន៍ដឹកនាំក្រុមធំៗនៅក្នុងតំបន់ អឺរ៉ុបដូចជា AC Milan, Roma, Juventus និង Real Madrid ដោយ បានជួយក្រុមនីមួយៗឈ្នះជើងឯក League អាជីពនៅក្នុងប្រទេសរបស់គេមុនពេលផ្លាស់ទៅដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ២០០៧ ។
ក្រោមការដឹកនាំរបស់លោក Capello ក្រុមតោកំណាចអង់គ្លេសបានជាប់ទៅ លេងកម្មវិធីយូរ៉ូឆ្នាំ២០១២ ប៉ុន្ដែគាត់ បានលាលែងចេញពីមុខតំណែង ព្រោះ តែគាំទ្រកីឡាករ John Terry មិនឱ្យដក ចេញពីតំណែងប្រធានក្រុម ។
2.ក្រុម Napoli ទិញកីឡាករពីររូបពីក្រុម Fiorentina
លោក Aurelio De Laurentiis ប្រធានក្លិបបាល់ទាត់ Napoli បាន បញ្ជាក់ថា ខ្លួនបានទិញកីឡាករ២រូបពី ក្រុមបាល់ទាត់ Fiorentina ក្នុងក្របខ័ណ្ឌ អ៊ីតាលី Serie A ដូចគ្នា ។
កីឡាករទាំង២រូបនោះមានឈ្មោះ Alessandro Gamberini និង Valon Behrami ដោយពួកគេបានត្រួតពិនិត្យ សុខភាពរួចរាល់ហើយនៅក្នុងក្រុម Napoli ។ លោក De Laurentiis បានថ្លែងថា “ខ្ញុំសូមប្រកាសជាផ្លូវការថាបាន ទិញកីឡាករ Gamberini និង Behrami ជាផ្លូវការហើយ ។ ពួកយើងកំពុងតែនៅ ក្នុងទីក្រុងរ៉ូមជាទីដែលកីឡាករទាំង២រូបពិនិត្យសុខភាពរបស់ពួកគេ ។ ពួកយើង បានខិតខំរយៈពេល២ខែដើម្បីឱ្យកិច្ចសន្យា នេះកើតមានឡើង ។ យើងជឿថា ពួក គេនឹងអាចជួយពង្រឹងក្រុមឱ្យកាន់តែខ្លាំងឡើង” ។
គួរបញ្ជាក់ថា កីឡាករ Gamberini ធ្លាប់ជាប់ជាកីឡាករជម្រើសជាតិអ៊ីតាលី ៨ដងដោយលេងជាមួយក្រុមFiorentina ចាប់តាំងពីឆ្នាំ២០០៥មក ។ ចំណែក កីឡាករអន្ដរជាតិស្វីស Behrami ទើប តែផ្លាស់ពីក្រុម West Ham កាលពីខែ មករាឆ្នាំ២០១១ប៉ុណ្ណោះ ។
3.កីឡាករ Marco Verratti ផ្លាស់ ចេញពីប្រទេសអ៊ីតាលីទៅកាន់បារាំង
កីឡាករ Marco Verratti តារាបាល់ទាត់វ័យក្មេងទើបតែរះរបស់ក្រុម Pescara បានសម្រេចចិត្ដចាកចេញពីក្រុមរបស់ប្រទេសអ៊ីតាលីទៅកាន់ក្រុមអ្នកមាន របស់ប្រទេសបារាំង Paris Saint-Germain ដោយរូបគេបញ្ជាក់ថា វាជាឱកាសដ៏ពិសេសសម្រាប់អនាគត ។
ខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះត្រូវបាន គេរំពឹងថា អាចនឹងទៅចូលរួមក្រុម Juventus ប៉ុន្ដែត្រូវម្ចាស់ជើងឯកអ៊ីតាលី បានបដិសេធវិញ ។ កីឡាករ Verratti ត្រូវ បានគេចាត់ទុកជាកីឡាករ Andrea Pirlo ថ្មីដែលត្រូវបានគ្រូបង្វឹកក្រុមជម្រើស ជាតិអ៊ីតាលីជ្រើសរើសឱ្យទៅលេងនៅ ក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១២ផងដែរ ។
កីឡាករ Veratti បាននិយាយប្រាប់ សារព័ត៌មាន Sky Sport នៅក្នុង ប្រទេសអ៊ីតាលីថា “វាជាឱកាសដ៏ល្អ បំផុតសម្រាប់ខ្ញុំដែលមិនអាចខកខាន បានឡើយ ហើយខ្ញុំពិតជាទន្ទឹងរង់ចាំការ ប្រកួតរដូវកាលថ្មីនេះណាស់ ។ ខ្ញុំពិតជា មានក្ដីរីករាយខ្លាំងណាស់ដែលបានលេងនៅក្នុងក្របខ័ណ្ឌ Champion League ដែលខ្ញុំធ្លាប់តែបានមើលតាមទូរទស្សន៍ប៉ុណ្ណោះកាលពីមុន ។ ប៉ុន្ដែខ្ញុំនៅតែចងចាំ Pescara ទុកក្នុងចិត្ដរបស់ខ្ញុំជានិច្ច និងចង់វិលត្រឡប់មកវិញនៅពេលឆាប់ៗផងដែរ” ។
4.កីឡាករសហរដ្ឋអាមេរិក Mich- ael Bradley ចុះកិច្ចសន្យាលេងឱ្យ Roma ចំនួន៤ឆ្នាំ
ក្លិបបាល់ទាត់ Roma របស់អ៊ីតាលី បានប្រកាសនៅក្នុងគេហទំព័របស់ខ្លួនថា ពួកគេបានទទួលជោគជ័យក្នុងការទិញ កីឡាករសហដ្ឋអាមេរិក Michael Bradley ពីក្រុម Chievo ដោយតម្លៃខ្លួន ៣,៧៥លានអឺរ៉ូ ដែលរូបគេយល់ព្រមចុះ ហត្ថលេខាលេងរហូតដល់ឆ្នាំ២០១៦ ។
គ្រូបង្វឹកថ្មីរបស់ក្រុម Roma លោក Zdenek Zeman ពិតជាពេញចិត្ដខ្លាំង ចំពោះខ្សែបម្រើដ៏មានបទពិសោធន៍ មួយនេះដោយរូបគេធ្លាប់បានលេងឱ្យក្រុម Heerenveen, Borussia Moncheng- ladbach និង Aston Villa មុនពេល ផ្លាស់មកលេងឱ្យក្រុម Chievo នៅក្នុង ឆ្នាំ២០១១ ។
កីឡាករវ័យ២៤ឆ្នាំនេះបានក្លាយទៅជាកីឡាករដ៏សំខាន់នៅក្នុងក្រុម Chievo ដោយបានបញ្ចេញថ្វីជើងល្អគួរឱ្យកត់ សម្គាល់កាលពីរដូវកាលមុន ។ រូបគេ បាននិយាយថា“អរគុណដល់ក្រុម Roma ដែលបានចំណាយទឹកប្រាក់ទិញរូបខ្ញុំ ហើយខ្ញុំនឹងសងគុណវិញដោយការខិតខំ លេងឱ្យបានល្អឱ្យអស់ពីកម្លាំងកាយចិត្ដ។ ខ្ញុំនឹងមិនបោះបង់ឱកាសដ៏ល្អនេះចោលងាយៗនោះទេហើយខ្ញុំក៏ស្គាល់លោក Ze- man ច្បាស់ផងដែរ ។ ខ្ញុំពិតជាសប្បាយ ចិត្ដខ្លាំងណាស់ពេលបានមកចូលរួមជាមួយពួកគាត់ក៏ដូចជាមិត្ដរួមក្រុមទាំងមូល” ។
5.ក្លិប Paris ចំណាយទឹកប្រាក់មហា សាលទិញកីឡាករ Thiago Silva
ក្លិបអ្នកមានរបស់ប្រទេសបារាំង Paris Saint Germain បានចុះកិច្ចសន្យារយៈ ពេល៥ឆ្នាំទិញកីឡាករខ្សែការពារ Thiago Silva ក្នុងតម្លៃខ្លួន៤២លានអឺរ៉ូ ។ខ្សែការពារជម្រើសជាតិប្រេស៊ីល Thiago Silva ដែលធ្លាប់ទទូចម្ដង ហើយម្ដងទៀតថា មិនចង់ចាកចេញពី AC Milanនោះ ឥឡូវនេះបានផ្លាស់ទៅ លេងឱ្យក្រុមរងជើងឯកបារាំង League1 ហើយ ដោយសារតែទទួលបានប្រាក់ច្រើន មហាសាលមិនអាចប្រកែកបាន ។
សេចក្ដីថ្លែងការណ៍មួយរបស់ក្លិប Paris បានឱ្យដឹងថា “Thiago Silva វ័យ២៧ឆ្នាំជាសមាជិកជម្រើសជាតិប្រេស៊ីលមកពីក្រុម AC Milan បានចុះ ហត្ថលេខាជាមួយក្លិប Paris Saint-Germain រយៈពេល៥រដូវកាល”។ នៅពេលជាមួយគ្នានេះក្រុម ACMilan ក៏ បានចេញមកបញ្ជាក់ពីព័ត៌មានដូចគ្នានេះដែរ ។
ក្លិប Paris បានចាយលុយច្រើន ប៉ុន្ដែ បានត្រឹមតែរងជើងឯកក្របខ័ណ្ឌ Ligue 1 រដូវកាលមុន ។ ពួកគេនៅតែបន្ដ ចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធប់ ទៀតដើម្បីទិញខ្សែប្រយុទ្ធ Zlatan Ibra- himovic ។ កីឡាករសញ្ជាតិស៊ុតអែត នេះបានឈ្នះពានរង្វាន់ស្បែកជើងមាស ប្រចាំក្របខ័ណ្ឌ Serie A រដូវកាល ២០១១-២០១២ រូបគេក៏ចាប់អារម្មណ៍ នឹងគម្រោងរបស់ក្លិប PSG ដូចគ្នា ។
6.គ្រូបង្វឹកក្រុម Man City ប្ដេជ្ញា រក្សាកីឡាករ Edin Dzeko និ Carlos Tevez នៅក្នុងក្រុមទៀត
លោក Roberto Mancini គ្រូបង្វឹក របស់ក្រុម Manchester City ម្ចាស់ជើង ឯកអង់គ្លេស Premier League បាន បញ្ជាក់ថា គាត់នឹងធ្វើយ៉ាងណារក្សាកីឡា ករខ្សែប្រយុទ្ធ Edin Dzeko និ Carlos Tevez នៅក្នុងក្រុមរបស់គាត់ជាបន្ដ ទៀតសម្រាប់រដូវកាលថ្មី ។
កីឡាករទាំង២រូបនេះត្រូវបានគេរំពឹង ថានឹងអាចចាកចេញពីក្រុម Man City ដោយសារតែកីឡាករ Edin Dzeko មិន សូវជាប់ជាជម្រើស១១នាក់ដំបូង និង កីឡាករអាហ្សង់ទីន Carlos Tevez ធ្លាប់ មានបញ្ហាជាមួយនឹងគ្រូបង្វឹក ដោយមិន បានចូលហ្វឹកហាត់អស់ជាច្រើនខែ ។ប៉ុន្ដែកីឡាករ Tevez បានវិលត្រឡប់ មកវិញ ដោយដើរតួយ៉ាងសំខាន់ជួយ ក្រុម Man City ឈ្នះជើងឯកអង់គ្លេស Premier League កាលពីឆ្នាំ២០១២ ខណៈកីឡាករ Dzeko បានស៊ុតបាល់ បញ្ចូលទី១៩គ្រាប់ឱ្យក្រុមរបស់គេផង ដែរ ។ លោក Mancini បានបញ្ជាក់ថា “កីឡាករទាំង២នឹងនៅតែលេងជាមួយ ក្រុម Man City ដដែល ។ យើងជាក្រុម ដ៏អស្ចារ្យ ហើយត្រូវរក្សាកីឡាករល្អៗ នៅក្នុងក្រុមបន្ដទៀត ។ ទោះបីជាយ៉ាង នេះក្ដីយើងត្រូវការកីឡាករល្អជាងនេះ ២ទៅ៣រូបទៀតដើម្បីធ្វើឱ្យក្រុមរបស់ យើងឈានដល់កម្រិតកំពូលដូចក្រុម Real Madrid និង Barcelona” ។
ចំណែកខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Mario Balotelli ក៏ត្រូវខិតខំហ្វឹកហាត់ ថែមទៀតដើម្បីប្រកួតប្រជែងយកតំណែង របស់កីឡាករ Edin Dzeko និង Carlos Tevez នៅរដូវកាលក្រោយ ។ រូបគេបាន ទទួលការកោតសរសើរយ៉ាងច្រើននៅក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១២ ដោយជួយក្រុម ជម្រើសជាតិអ៊ីតាលីឈានទៅលេងវគ្គផ្ដាច់ព្រ័ត្រទៀតផង ៕
