ហ៊ី​យ៉ា​ន់​ដាយ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ស្លាប់​១​របួស​១

ដោយ​ ៖ ​ស្អាង​ជ័យ​ ថ្ងៃទី 18 កក្កដា 2012ម៉ោង 08:49:45

​ខេត្ដកណ្ដាល​ ៖​ គ្រោះថ្នាក់​ចរាចរ​មួយ​បាន​បង្ក​ឡើង​ដោយសារ​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ បើក​ជ្រុល​ចង្កូត​ទៅ​បុក​ ម៉ូតូ​២​គ្រឿង​ពីក្រោយ​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ និង​រង​របួសស្រាល​ម្នាក់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​១៥​នាទី​ ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​ ២០១២​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦,២៧​ ស្ថិត​ក្នុងភូមិ​ព្រែក​អ​ង្គុ​ញ​ ឃុំ​សៀមរាប​ ស្រុក​កណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​។​
​ជន​រង​គ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​១-​ឈ្មោះ​សួន​ វង្ស​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​ បាន​បាត់បង់​ជីវិត​ និង​២-​ឈ្មោះ​អិន​ ស្រី​នៀ​ទ​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ រង​របួសស្រាល​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ​សួន​ វង្ស​ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា​ ចេញពី​ខេត្ដតាកែវ​ មក​រាជធានី​ភ្នំពេញ​ ដោយ​បើកបរ​ពីក្រោយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​គុប​ ជ្រុង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ បុក​ម៉ូតូ​វី​វ៉ា​ពីក្រោយ​ រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​ ម៉ាក​គុប​ជ្រុង​១​គ្រឿង​ពីក្រោយ​បន្ថែម​ទៀត​ បណ្ដាល​ឱ្យ​រថយន្ដ​កិន​ចំ​ពីមុខ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម៉ា​កវី​វ៉ា​នៅ​នឹង​កន្លែង​ កើតហេតុ​ និង​អ្នក​បើក​ម៉ូតូ​គុប​ជ្រុង​រង​របួសស្រាល​។​

​បច្ចុប្បន្ន​រថយន្ដ​និង​ម៉ូតូ​២​គ្រឿង​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​កសាង​សំណុំរឿង​ តាម​នីតិវិធី​។​ ចំណែកសពត្រូវ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​