
រយៈពេលកន្លះម៉ោងមានការបើកឆាកប្រយុទ្ធវាយកាប់ចាក់គ្នា២ករណីក្នុងខណ្ឌ៧មករា
ដោយ ៖ ស សម ថ្ងៃទី 18 កក្កដា 2012ម៉ោង 07:52:19
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងខណ្ឌ៧មករាគ្រាន់ តែរយៈពេលកន្លះម៉ោងប៉ុណ្ណោះមាន ក្រុមក្មេងស្ទាវបើកឆាកប្រយុទ្ធវាយកាប់ចាក់គ្នា២ករណីផ្ទួនៗគ្នា ។
ឈុតឆាកទី១បានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ១០៩កែងផ្លូវកម្ពុជា ក្រោមសង្កាត់មនោរម្យ ខណ្ឌ៧មករា បណ្ដាលមកពីតួអង្គ២នាក់បានវាយកាប់ចាក់គ្នារងរបួសបែកក្បាលហូរឈាមក ក្លាក់ទាំងសងខាង ។ ក្រោយពីប្រយុទ្ធគ្នា រងរបួសទាំងសងខាងហើយនោះ តួអង្គទាំង២ដែលមានឈ្មោះ១-សែ ថេត ភេទ ប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ព្រឹម សាមុត ក្មេងប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរគ្នា ត្រង់ចំណុចផ្ទះលេខ៣៨អឺ៥ សង្កាត់ មនោរម្យ ខណ្ឌ៧មករា ។
ត្រូវបាននគរបាលខណ្ឌ៧មករាឃាត់ ខ្លួនយកមកសួរនាំនៅទីស្នាក់ការប៉ុស្ដិ៍ នគរបាលមនោរម្យ តែចុងបញ្ចប់តួអង្គ ទាំង២ខាងលើនេះ ពុំមានអ្នកចាញ់អ្នក ឈ្នះនោះទេ គឺត្រូវបានចាប់ដៃគ្នាសម្រុះ សម្រួលបញ្ចប់រឿង គ្មានអ្នកណាប្ដឹងអ្នក ណានោះឡើយ ដោយធ្វើកិច្ចសន្យារៀងៗ ខ្លួន ហើយនគរបាលអនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះវិញ ។
ដោយឡែកឈុតឆាកទី២បន្ទាប់ពីឈុតឆាកទី១ដោះស្រាយរួចស្រាប់តែកន្លះ ម៉ោងក្រោយមកបានកើតឡើងម្ដងទៀត ត្រង់ផ្លូវលេខ១៦៩ សង្កាត់មិត្ដភាព ខណ្ឌ ៧មករា (ទល់មុខភោជនីយដ្ឋានគិត អេង) ។ រវាងក្មេងស្ទាវ២ក្រុមមានគ្នា ប្រមាណជាង១០នាក់បានវាយតប់គ្នា ពេញផ្លូវដែលគេអះអាងថាទំនាស់ខាង លើនេះផ្ដើមចេញពីការផឹកស៊ីនិងដណ្ដើមស្រីគ្នា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងគេបានឃើញ ក្រុមក្មេងស្ទាវទាំងអស់នោះជួបជុំគ្នានៅ ចំណុចកើតហេតុ លុះក្រោយមកពុំដឹង មានរឿងអ្វីនោះទេ ស្រាប់តែមានការវាយ តប់គ្នាពេញផ្លូវតែម្ដង ។ ប៉ុន្ដែភ្លាមនោះ ក៏ឃើញមានវត្ដមាននគរបាលខណ្ឌ៧ មករាចុះមកអន្ដរាគមន៍និងបានត្រឹមតែនាំយកក្រុមក្មេងជនរងគ្រោះទៅសួរនាំ នៅក្នុងអធិការដ្ឋានខណ្ឌ៧មករាតែ ប៉ុណ្ណោះ ។ ចំណែកក្រុមក្មេងជនដៃដល់បាន គេចខ្លួនដោយសុវត្ថិភាព ៕
