កីឡាករ​ Cristiano​ Ronaldo​ ចំណាយ​ពេលវេលា​វិស្សមកាល​ជាមួយ​មិត្ត​ស្រី​នៅ​ក្នុង​ប្រទេស​ថៃ​

ដោយ​ ៖ ដេវីត|ថ្ងៃទី 18 កក្កដា 2012 ម៉ោង 13:57:30

​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ Cristiano​ Ronaldo​ របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ Real​ Madrid​ បាន​ចំណាយ​ពេលវេលា​វិស្សមកាល​ទៅ​កាន់​ប្រទេស​ថៃ​និង​ដើម្បី​ទៅ​ថត​ផ្សាយពាណិជ្ជកម្ម​ឲ​ ក្រុមហ៊ុន​រថយន្ត​ Toyota​ ស៊េរី​ថ្មី​ផង​ដែរ​។​
​កីឡាករ​វ័យ​២៧​ឆ្នាំ​នេះ​បាន​ទៅ​កាន់​ប្រទេស​ថៃ​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ដណ្តើម​ជើងឯក​ទ្វីបអឺរ៉ុប​ឆ្នាំ​២០១២​ដោយពេល​ថ្មី​នេះ​រូបគេ​បាន​បង្ហោះ​រូបភាព​ក្នុង​ប្រព័ន្ធ​សង្គម​ទំនើប​ Facebook​ របស់​គេ​ដោយ​រួម​មានការ​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្ត​ស្រី​របស់​គេ​ឈ្នោះ​ Irina​ Shayk​ ដែល​ជា​តារា​បង្ហាញ​ម៉ូ​ដ​សញ្ជាតិ​រុ​ស្ស៊ី​។​

​អតីត​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្លិប​បិសាច​ក្រហម​ Manchester​ United​ រូប​នេះ​ក៏​បាន​ថត​ពាណិជ្ជកម្ម​ឲ្យ​ ក្រុមហ៊ុន​រថយន្ត​ Toyota​ សម្រាប់រ​យន្ត​ស៊េរី​ថ្មី​ម៉ាក​ Hilux​ Vigo​ Champ​ ហើយ​រូបគេ​ក៏​បាន​ចុះ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុមហ៊ុន​របស់​ជប៉ុន​នេះ​ផង​ដែរ​។​

​កីឡាករ​ Ronaldo​ បាន​និយាយ​ថា​ “​រ​យន្ត​នេះ​គឺជា​ជើងឯក​ ខ្ញុំ​ក៏​ជា​ជើងឯក​វា​ពិតជា​ស័ក្តិសម​គ្នា​ខ្លាំង​ណាស់​។​ពេល​ខ្ញុំ​មើល​ទូរទស្សន៍​ទើប​ខ្ញុំ​ដឹង​ថា​អ្នកគាំទ្រ​បាល់ទាត់​នៅ​ទី​នេះ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​”​។​

​គួរ​បញ្ជាក់​ថា​ ក្រុម​ Real​ Madrid​ បាន​ចាប់ផ្តើម​យុទ្ធនាការ​ការពារ​ជើងឯក​អេ​ស្ប៉ា​ញ​ Primera​ Division​ របស់​ខ្លួន​ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​ដោយ​កីឡាករ​ទាំងអស់​បាន​មក​ចូលរួម​ហ្វឹកហាត់​ និង​ប្រកួត​មិត្តភាព​ ជាមួយ​ក្រុម​ដទៃ​ទៀត​ ។​ ប៉ុន្តែ​កីឡាករ​ Ronaldo​ អាច​មក​ចូលរួម​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​ពេល​ក្រុម​របស់​ គេ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​។​