
កាំកុងត្រូលច្រកអន្ដរជាតិប៉ោយប៉ែតឈរចាំបង្ខំឱ្យកម្មករអូសទំនិញតាមរទេះបង់ប្រាក់
ប៉ោយប៉ែត ៖ សាក្សីជាប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ច្រកអន្ដរជាតិប៉ោយប៉ែត បាននិយាយថា រូបភាពរបស់មន្ដ្រីកាំកុងត្រូលដែលបានឈរនិងដាក់តុអង្គុយ ចាំឱ្យកម្មករអូសទំនិញតាមរទេះចូលបង់ប្រាក់មាត់ច្រកទ្វារ មិនត្រឹមតែជាការគាបសង្កត់ធ្វើបាបកម្មករនិងឈ្មួញប៉ុណ្ណោះទេ សកម្មភាពនេះបានជះឥទ្ធិពល ដ៏អាក្រក់ដល់សមត្ថកិច្ចកម្ពុជា ស្របពេលដែលមន្ដ្រីកាំកុងត្រូលឈរនិងអង្គុយ ចាំយកប្រាក់នេះធ្វើឡើងនៅចំពោះមុខ សមត្ថកិច្ចភាគីថៃអាចបាត់បង់កិត្ដិយសនិងសេចក្ដីថ្លៃថ្នូរដ៏ធ្ងន់ធ្ងរ ។
លោក សុខ ប៊ុនណៃ អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំភ្នំធំ ស្រុកមង្គលបុរី ដែលជាកម្មករអូសទំនិញតាមរទេះស៊ីឈ្នួលឱ្យ ឈ្មួញក្នុង១ជើងបាន១៥០បាតទៅ២០០ បាត ប្រាប់នគរវត្ដឱ្យដឹងថា កន្លងទៅ មន្ដ្រីកាំកុងត្រូលដែលមានគ្នា២-៣នាក់ នៅខាងក្រោមខ្លោងទ្វារប្រាសាទមាត់ច្រក នេះតែងតែឱ្យគាត់បង់ប្រាក់ក្នុង១រទេះ ជួន៣០បាត និងខ្លះទៀត៥០បាត ដោយ មិនបានគិតពីទំនិញអ្វីនោះទេ ។
បងស្រី អ៊ុំ សុធី អាយុ៤២ឆ្នាំ ដែលមានកូនតូចផងដែរនៅលើរទេះអូសទំនិញ របស់គាត់ បាននិយាយថា សព្វថ្ងៃបងស្រី គ្មានទីពឹងអ្វីក្រៅពីការប្រើកម្លាំងពលកម្ម ខណៈដែលគ្រួសាររបស់គាត់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរ ហើយមាន កូនក្នុងបន្ទុកចំនួន៦នាក់ ដូច្នេះ ការអូស ទំនិញតាមរទេះក្នុង១ថ្ងៃទូទាត់ថ្លៃបាយ ទឹក និងបង់ឱ្យសមត្ថកិច្ច ក្នុងនោះមន្ដ្រីកាំកុងត្រូលបានបង្ខំឱ្យគាត់បង់ប្រាក់១រទេះ ៣០ទៅ៤០បាត សល់តែ៧០ទៅ៨០បាតប៉ុណ្ណោះក្នុងមួយថ្ងៃ ។
លោក លី សុភាព អាយុ៤៦ឆ្នាំ ដែល ជាជនពិការ រស់នៅភូមិអូរស្ងួត ឃុំអូរស្ងួត ស្រុកមង្គលបុរី បានឱ្យដឹងថា កន្លងទៅគាត់ធ្លាប់ឈ្លោះប្រកែកជាមួយមន្ដ្រី កាំកុងត្រូលនៅទីនេះម្ដងរួចទៅហើយ ពេលដែលបង្ខំឱ្យគាត់បង់ប្រាក់លើសពីអ្វី ដែលគាត់ស៊ីឈ្នួលដឹកទំនិញឱ្យគេ ប៉ុន្ដែសព្វថ្ងៃមន្ដ្រីកាំកុងត្រូលនៅមាត់ច្រកយកប្រាក់ត្រឹមតែ១រទេះ៣០បាតប៉ុណ្ណោះ។
គេបានរាយការណ៍មកថា មន្ដ្រីកាំកុងត្រូលដែលមានវត្ដមាននៅមាត់ច្រកមានចំនួន៣រូប គឺឈ្មោះ ស៊ាន ស៊ីណាត, ស៊ាន តារា និងឈ្មោះ វឌ្ឍនា អ្នកទាំង៣ ឋិតនៅក្រោមការគ្រប់គ្រងពីលោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ដបន្ទាយមានជ័យ ដូច្នេះ អ្វីដែលពួកគាត់ កំពុងតែបង្ខំកម្មករអូសទំនិញតាមរទេះ ឱ្យបង់ប្រាក់អាចជាការចាត់តាំងឡើងពីលោកប្រធានសាខា ។
លោក អ៊ុត សុភាព ប្រធានសាខា កាំកុងត្រូលខេត្ដបន្ទាយមានជ័យ ធ្លាប់ សារភាពប្រាប់នគរវត្ដតាមទូរស័ព្ទថា ការយកលុយពីកម្មករអូសទំនិញតាមរទេះ ពី៣០ទៅ៥០បាត វាជារឿងធម្មតា ព្រោះ សូម្បីតែមន្ដ្រីគយក៏យកលុយដូចគ្នាពី កម្មករ បើមន្ដ្រីរបស់គាត់មិនយកលុយ ពីកម្មករ តើមានប្រាក់ឯណាសម្រាប់ទិញ បាយ ទិញទឹក ដែលកំពុងធ្វើការនៅ កណ្ដាលថ្ងៃនេះ ។ ប៉ុន្ដែកាលពីរសៀលថ្ងៃ ទី១៨ខែកក្កដាឆ្នាំ២០១២ នគរវត្ដមិន អាចទាក់ទងបានទេពីលោក អ៊ុត សុភាព ដែលមានទម្លាប់ឱ្យមន្ដ្រីរបស់គាត់ធ្វើ ការគាបសង្កត់លើកម្មករអូសរទេះបង្ខំ ឱ្យបង់ប្រាក់នោះ ។
យ៉ាងហោចណាស់ក៏ក្នុង១ថ្ងៃមាន កម្មករអូសទំនិញតាមរទេះដែលចូលបង់ ប្រាក់ឱ្យមន្ដ្រីកាំកុងត្រូលរាប់រយរទេះ ចំណែកទំនិញតាមរទេះមួយចំនួនទៀត ជាទំនិញរបស់ក្រុមឈ្មួញធំៗ បើទោះជា ពុំបានបង់ប្រាក់នៅកន្លែងឈរជើងរបស់ ក្រុមលោក ស៊ាន ស៊ីណាត ប៉ុន្ដែនៅពេល ល្ងាចនឹងមានក្រុមឈ្មួញទាំងនោះទៅ ទូទាត់ប្រាក់នៅកន្លែងស្នាក់ការ ដូច្នេះ ខាងកាំកុងត្រូលនៅមាត់ច្រកចាំតែរាប់ រទេះរបស់ក្រុមឈ្មួញទាំងនោះតែប៉ុណ្ណោះដើម្បីទូទាត់ប្រាក់ជាក្រោយ ។
ក្រុមហ៊ុនដឹកជញ្ជូនទំនិញវិនិយោគ និងរួចពន្ធ បានឱ្យនគរវត្ដដឹងតាមទូរស័ព្ទ ថា កន្លងទៅមន្ដ្រីកាំកុងត្រូលច្រកប៉ោយ ប៉ែតក៏បង្កផលលំបាកផងដែររាល់ការ ត្រួតពិនិត្យទំនិញ បើទោះជាត្រូវបង់ប្រាក់ ក្នុង១ឯកសារចំនួន២០ដុល្លារទៅលើ សេវាថ្លៃទំនាក់ទំនង និងត្រួតពិនិត្យរួច ហើយក៏ដោយ ប៉ុន្ដែពួកគាត់មានទម្លាប់ បង្ខំឱ្យបង់ប្រាក់លើសពីនេះ ប្រសិនបើ អ្នករត់ការមិនបានបំពេញតម្រូវការ របស់គាត់ អាចនឹងធ្វើឱ្យការងារយឺតយូរខាតបង់ពេលវេលា ។
មានការព្រួយបារម្ភផងដែរ ខណៈដែលចំណីអាហារមានជាតិពុល ទំនិញ ខូចគុណភាព គ្រឿងសំអាងមួយចំំនួន សុទ្ធតែប៉ះពាល់សុខភាព ហើយត្រូវគេ ដឹងថា មាននាំចូលតាមច្រក បន្ទាប់ពី ឃុបឃិតជាមួយនឹងសមត្ថកិច្ចជាច្រើន ស្ថាប័ន ក្នុងនោះមន្ដ្រីកាំកុងត្រូលក៏ទទួល បានផលប្រយោជន៍ពីទំនិញនាំចូលមិនស្របច្បាប់នេះ ។
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកអគ្គនាយក អគ្គនាយក ដ្ឋានកាំកុងត្រូល បើតាមការអះអាងពី មន្ដ្រីបានលើកឡើងថា ជានិច្ចកាលលោក ម៉ក់ ពេជ្ជរិទ្ធ តែងតែជំរុញឱ្យមន្ដ្រីទទួល ខុសត្រូវទប់ស្កាត់ទំនិញខូចគុណភាព ចំណីអាហារមានជាតិពុល ដើម្បីការពារ សុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសដែលជាអ្នកប្រើប្រាស់និងបរិភោគ ប៉ុន្ដែអ្វីដែលលោក អ៊ុត សុភាព កំពុងតែ គឃ្លើននឹងបទបញ្ជាថ្នាក់លើក្នុងប្រយោជន៍ គឺជាឥទ្ធិពលដ៏អាក្រក់ ប្រឈមមុខនឹងថ្នាក លើត្រូវសិក្សាឡើងវិញពីបុគ្គលិកលក្ខណៈ ដឹកនាំរបស់គាត់ ដែលខ្វះការទទួលខុស ត្រូវ ពង្រាយមន្ដ្រីនៅមាត់ច្រកធ្វើបាប កម្មករអូសទំនិញតាមរទេះឱ្យចូលបង់ ប្រាក់ ក៏ដូចជាមានកំហុសធ្ងន់ធ្ងរផងដែរ ក្នុងនាមមន្ដ្រីរដ្ឋបាលមុខងារសាធារណៈ ងប់ងុលទៅនឹងល្បែងកាស៊ីណូ ។ នេះបើ តាមការអះអាងពីសមត្ថកិច្ចខ្លះធ្លាប់ឃើញ លោកប្រធានសាខាកាំកុងត្រូលស្ទើរតែ យកកាស៊ីណូធ្វើជាការិយាល័យធ្វើការ ដែលការងប់ងុលនឹងល្បែងស៊ីសងនេះ អាចនឹងធ្វើឱ្យគាត់ខូចឥរិយាបថលើការ គ្រប់គ្រងមន្ដ្រី និងពាក់ព័ន្ធអំពើពុករលួយណាមួយនោះ ៕
