
រថយន្ដច្នៃដឹកដំឡូងមីផ្ទុះកង់មុខក្រឡាប់ស្លាប់២នាក់របួស០៩នាក់
ដោយ ៖ ស សារ៉េត ថ្ងៃទី 18 កក្កដា 2012ម៉ោង 14:03:42
ខេត្ដប៉ៃលិន ៖ រថយន្ដច្នៃដឹកដំឡូងមីផ្ទុះកង់មុខក្រឡាប់ស្លាប់២នាក់របួស៩នាក់ពេលដែលពួកគេជិះចេញពីចំការត្រឡប់មកផ្ទះវិញ ។
ហេតុការណ៍គោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ត្រង់ចំនុចតាមផ្លូវជិតដីព្រលានយន្ដហោះ ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
លោក ហួយ ហិត អធិការរងស្រុកសាលាក្រៅបានឱ្យដឹងថាជនរងគ្រោះ ដែលឡានក្រឡាប់សង្កត់ស្លាប់ទី១ឈ្មោះ ង៉ែត តី ភេទស្រីអាយុ ២០ឆ្នាំមុខ របរកសិករ មានទីលំនៅភូមិត្រល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។ ទី២-ឈ្មោះ ប៉ុល ចាន់ថា ភេទប្រុស អាយុ៧ ឆ្នាំ មានទីលំនៅភូមិវាល ឃុំសាលា ក្រៅស្រុកសាលាក្រៅខេត្ដប៉ៃលិន ។ ចំណែកជនរងគ្រោះ៣នាក់ទៀតដែលរង របួសធ្ងន់ទី១-ឈ្មោះ ដួង ផល្លី ភេទប្រុស អាយុ ៥០ ឆ្នាំ ទី២-ឈ្មោះសំ វតនា ភេទប្រុស អាយុ ៣២ ឆ្នាំនិង ទី៣-ឈ្មោះ ណែត ទិត្យ ភេទប្រុស អាយុ ២៤ ឆ្នាំ ទាំងបីនាក់ជាកម្មករស៊ីឈ្នួលដកដំឡូងមីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ។ អ្នកបើកបរត្រូវបាន គេស្គាល់ថាឈ្មោះ ឃ្លុយ ភេទប្រុស អាយុប្រហែល២៤ឆ្នាំតៃកុងរថយន្ដមានស្រុកកំណើត ភូមិស្នឹង ឃុំស្នឹង ស្រុក បាណន់ ខេត្ដបាត់ដំង បច្ចុប្បន្ន មកស្នាក់ នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលា ក្រៅខេត្ដប៉ៃលិនក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ។
លោក ហួយ ហិតបានបន្ដទៀតថា រថយន្ដថ្នៃដឹកដំឡូងមើមដំឡូងមីនោះដឹកមើមដំឡូងមីពេញឡានហើយអ្នកជិះ លើឡានមាន១១នាក់ ។ លុះពេលមកដល់ ចំនុចកើតហេតុរថយន្ដនោះបាន ផ្ទុះកង់ មុខផ្នែកខាងស្ដាំរេចង្កូតក្រឡាបទើប បណ្ដាលឱ្យជនរងគ្រោះត្រូវរថយន្ដនិង មើមដំឡូងមីសង្កត់ស្លាប់នៅនឹងកន្លែង ។
ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែង កើតហេតុបានឱ្យដឹងថាមុនពេលរថយន្ដក្រឡាប់គេឃើញរថយន្ដនោះដឹកដំឡូងមីពេញឡានហើយមានអ្នកខ្លះអង្គុយខាងលើអ្នកខ្លះអង្គុយខាងមុខ ។ លុះពេល រថយន្ដផ្ទុះកង់ក៏ក្រឡាប់ធ្លាក់មនុស្សទើបត្រូវរថយន្ដសង្កត់ពីលើស្លាប់អ្នកខ្លះត្រូវកប់នៅក្រោមមើមដំឡូងកុំតែបានប្រជាពរដ្ឋជួយកាយយកចេញទាន់កុំអីស្លាប់ទាំងអស់ ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំនែកអ្នករងរបួសត្រូវបានបញជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ។ រថយន្ដត្រូវបាននាំយកមករក្សាទុកនៅអធិការ ស្រុកសាលាក្រៅដើម្បីរងចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
