គយ​សៀមរាប​ចាប់​ឡាន​ស៊េរី​ទំនើប​១​គ្រឿង​សង្ស័យ​អត់​បង់ពន្ធ​នាំ​ចូល​

ដោយ​ ៖ ជា​ ​ស្រស់ ថ្ងៃទី 18 កក្កដា 2012ម៉ោង 14:26:40

​ខេត្តសៀមរាប​៖​ រថយន្ត​តូ​យ៉ូ​តា​កាម​រី​ស៊េរី​ទំនើប​១​គ្រឿង​ ក្រោយ​ពី​ពិនិត្យ​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ មន្ត្រី​គយ​សាខា​ខេត្តសៀមរាប​បាន​ ចាប់​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​ដើម្បី​ទុក​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

​ករណី​ចាប់​រថយន្ត​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​រសៀល​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១២​ នៅ​មុខ​ស្នាក់​ការ​ក្រុមហ៊ុន​លឹ​ម​សុធី​ ហេង​ហុង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុងភូមិ​វត្ត​បូព៌​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​។​

​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ ខេត្តសៀមរាប​ លោក​ភុំ​ សមឫទ្ធី​ មិន​បាន​អត្ថាធិប្បាយ​ច្រើន​នោះ​ទេ​ លោក​គ្រាន់តែ​និយាយ​ថា​ ដោយ​ពិនិត្យ​ឃើញ​ថា​រថយន្ត​នេះ​មាន​ភាព​មិន​ប្រក្រតី​ សមត្ថកិច្ច​របស់​លោក​សម្រេច​អូស​យក​ទៅ​ រក្សា​ទុក​នៅ​ស្នាក់​ការ​ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ច្បាប់​។​ ​ប៉ុន្តែ​បើ​ទោះជា​យ៉ាងនេះ​ក្តី​ លោក​ប្រធាន​គយ​រូប​នេះ​ មិន​បាន​បង្ហាញ​ថា​ ម្ចាស់​យានយន្ត​ជា​នរណា​នោះ​ទេ​ ដោយ​លោក​គ្រាន់តែ​និយាយ​ថា​ អាច​ជា​របស់​ក្រុមហ៊ុន​លឹ​ម​សុធី​ហេង​ហុង​។​​​រថយន្ត​ដែល​ត្រូវ​គយ​ចាប់​នោះ​ ម៉ាក​តូ​យ៉ូ​តា​ កាម​រី​ ហា​យ​ប្រ៊ី​ដ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K​ 8388​ ។​
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ទំនើប​នេះ​ ទំនងជា​រថយន្ត​ដែល​ គេ​នាំ​ចូល​មក​ដោយ​គេចពន្ធ​ ហើយ​ធ្វើ​សន្លឹក​ពន្ធ​ក្លែងក្លាយ​ រួច​បន្ត​រត់ការ​ធ្វើ​ស្លាក​លេខ​សម្គាល់​យានយន្ត​ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​ក្នុង​ពេល​ដែល​ចរាចរ​នៅ​លើ​ដងផ្លូវ​។​

​ប្រភព​បន្ត​ថា​ ប្រ​សិន​ បើ​រក​ឃើញ​ថា​ រថយន្ត​ខាងលើ​ពុំ​បាន​បង់ពន្ធ​នាំ​ចូល​ ហើយ​បែរជា​មាន​ស្លាក​លេខ​ត្រឹមត្រូវ​មែន​នោះ​ ក្រុម​សមត្ថកិច្ច​ត្រូវ​តែ​រក​ឲ្យ​ឃើញ​ចំពោះ​ជន​ដែល​ឃុបឃិត​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ បើ​មិន​ដូច្នោះ​ទេ​ ប្រាកដជា​មាន​អំពើ​បែប​នេះ​កើត​ឡើងជា​បន្តបន្ទាប់​ទៀត​ជា​មិន​ខាន​៕