Lionel​ Messi​ សង្ឃឹមថា​មិត្ត​រួម​ក្រុម​២​រូប​នឹង​ឈ្នះ​ពានរង្វាន់​ Ballon​ d'Or​ ឆ្នាំ​២០១២

ដោយ​ ៖ ដេវីត ថ្ងៃទី 19 កក្កដា 2012ម៉ោង 15:55:09

​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​ Lionel​ Messi​ របស់​ក្លិប​ Barcelona​ បាន​បង្ហាញ​ពី​ក្តី​សង្ឃឹមថា​ មិត្ត​រួម​ក្រុម​របស់​គេ​ចំនួន​២​នាក់​គឺ​កីឡាករ​ Andres​ Iniesta​ និង​ Xavi​ ពិតជា​ស័ក្តិសម​ឈ្នះ​ពានរង្វាន់​កីឡាករ​លេង​ល្អ​បំផុត​របស់​ពិភពលោក​ Ballon​ d'Or​ ។​

កីឡាករ​ Messi​ បាន​ស៊ុត​បាល់​៧៣​គ្រាប់​ឲ្យ​ក្រុម​ Bacelona​ រាល់​គ្រប់​កម្មវិធី​ទាំងអស់​នៅ​ក្នុង​ រដូវ​កាល​ឆ្នាំ​២០១២​ ប៉ុន្តែ​រូបគេ​នៅ​តែ​មាន​អារម្មណ៍​ថា​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ពិតជា​ស័ក្តិសម​ទទួល​ ពានរង្វាន់​ Ballon​ d'Or​ បន្ទាប់​ពី​ក្រុម​គោ​ជល​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក​យូ​រ៉ូ​ឆ្នាំ​២០១២​។​

Messi​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ថា​ “​មុន​ពេល​ឈាន​ដល់​ការ​ប្រកាស​ម្ចាស់​ពានរង្វាន់​នោះ​ គឺ​យើង​មិន​ទាន់​ដឹង​ថា​ជា​នរណា​នោះ​ឡើយ​។​ ខ្ញុំ​សង្ឃឹមថានឹង​នៅ​ជាមួយ​ក្រុម​ Barcelona​ ដដែល​ពោល​គឺ​បាន​ទៅ​លើ​ Iniesta​ ឬ​ក៏​ Xavi​ ដោយសារ​តែ​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​ នៅ​ក្នុង​ការ​ប្រកួត​យូ​រ៉ូ​ឆ្នាំ​២០១២”​ ។​

គួរ​រំលឹក​ថា​ កីឡាករ​ Messi​ បាន​ឈ្នះ​ជើង​ Ballon​ d'Or​ ចំនួន​៣​ដង​រួច​មក​ហើយដោយ​កាលពី​ឆ្នាំ​ ២០១០​កីឡាករ​ Iniesta​ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​និង​ឆ្នាំ​២០១១​ខ្សែប្រយុទ្ធ​ក្លិប​ Real​ Madrid​ កីឡាករ​ Cristiano​ Ronaldo​ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​២​។​ កីឡាករ​ Iniesta​ ក៏​បាន​ក្លាយទៅជា​កីឡាករ​លេង​ល្អ​ជាងគេ​បំផុត​នៅ​ក្នុង​កម្មវិធី​យូ​រ៉ូ​ឆ្នាំ​២០១២​បន្ទាប់​ពី​ប្រទេស​អេ​ស្ប៉ា​ញ​បំបាក់​ក្រុម​អ៊ី​តា​លី​ ៤-០​ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

Messi​ បាន​បង្ហាញ​ពី​ក្តី​សង្ឃឹមថា​ ក្រុម​របស់​គេ​នឹង​អាច​យកឈ្នះ​ជើងឯក​ Champion​ League​និង​ជើងឯក​អេ​ស្ប៉ា​ញ​ Primera​ Division​ មក​វិញ​ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក​ថ្មី​Tito​ Vilanova​។​ រូបគេ​បាន​និយាយ​ថា​ “​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​គាត់​ចូល​មក​កាន់​តំណែង​នេះ​ដោយសារ​តែ​ ខ្ញុំ​ធ្លាប់​បាន​ស្គាល់​រូប​គាត់​ច្បាស់​ ។​ ខ្ញុំ​ដឹង​ថា​ ការ​ប្រកួត​បាល់ទាត់​វា​កាន់តែ​លំបាក់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ហើយ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ភ្លេច​បាន​ឡើយ​ពេល​បរាជ័យ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ Champion​ League​ ជាមួយ​ក្រុម​តោ​ខៀវ​ Chelsea”​ ។​

កីឡាករ​ Messi​ ធ្លាប់​បាន​ឈ្នះ​មេដាយមាស​នៅ​ក្នុង​កម្មវិធី​អូ​ឡាំ​ពិ​ក​កាលពី​៤​ឆ្នាំ​មុន​នៅ​ក្នុង​ ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ប៉ុន្តែ​ឆ្នាំ​នេះ​គេ​គ្មាន​ឱកាស​លេង​ទៀត​ឡើយ​ ដោយសារ​តែ​ក្រុម​ជម្រើសជាតិ​ អា​ហ្ស​ង់​ទី​ន​មិន​បាន​ជាប់​ទៅ​លេង​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ប្រទេស​អង់គ្លេស​ឡើយ​ ៕