
Lionel Messi សង្ឃឹមថាមិត្តរួមក្រុម២រូបនឹងឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ២០១២
ដោយ ៖ ដេវីត ថ្ងៃទី 19 កក្កដា 2012ម៉ោង 15:55:09
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi របស់ក្លិប Barcelona បានបង្ហាញពីក្តីសង្ឃឹមថា មិត្តរួមក្រុមរបស់គេចំនួន២នាក់គឺកីឡាករ Andres Iniesta និង Xavi ពិតជាស័ក្តិសមឈ្នះពានរង្វាន់កីឡាករលេងល្អបំផុតរបស់ពិភពលោក Ballon d'Or ។
កីឡាករ Messi បានស៊ុតបាល់៧៣គ្រាប់ឲ្យក្រុម Bacelona រាល់គ្រប់កម្មវិធីទាំងអស់នៅក្នុង រដូវកាលឆ្នាំ២០១២ ប៉ុន្តែរូបគេនៅតែមានអារម្មណ៍ថាមិត្តរួមក្រុមរបស់ខ្លួនពិតជាស័ក្តិសមទទួល ពានរង្វាន់ Ballon d'Or បន្ទាប់ពីក្រុមគោជលអេស្ប៉ាញឈ្នះជើងឯកយូរ៉ូឆ្នាំ២០១២។
Messi បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “មុនពេលឈានដល់ការប្រកាសម្ចាស់ពានរង្វាន់នោះ គឺយើងមិនទាន់ដឹងថាជានរណានោះឡើយ។ ខ្ញុំសង្ឃឹមថានឹងនៅជាមួយក្រុម Barcelona ដដែលពោលគឺបានទៅលើ Iniesta ឬក៏ Xavi ដោយសារតែពួកគេធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតយូរ៉ូឆ្នាំ២០១២” ។
គួររំលឹកថា កីឡាករ Messi បានឈ្នះជើង Ballon d'Or ចំនួន៣ដងរួចមកហើយដោយកាលពីឆ្នាំ ២០១០កីឡាករ Iniesta បានជាប់ចំណាត់ថ្នាក់លេខ២និងឆ្នាំ២០១១ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Cristiano Ronaldo បានទទួលចំណាត់ថ្នាក់លេខ២។ កីឡាករ Iniesta ក៏បានក្លាយទៅជាកីឡាករលេងល្អជាងគេបំផុតនៅក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១២បន្ទាប់ពីប្រទេសអេស្ប៉ាញបំបាក់ក្រុមអ៊ីតាលី ៤-០ នៅវគ្គផ្តាច់ព្រ័ត្រ។
Messi បានបង្ហាញពីក្តីសង្ឃឹមថា ក្រុមរបស់គេនឹងអាចយកឈ្នះជើងឯក Champion Leagueនិងជើងឯកអេស្ប៉ាញ Primera Division មកវិញក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកថ្មីTito Vilanova។ រូបគេបាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែលបានគាត់ចូលមកកាន់តំណែងនេះដោយសារតែ ខ្ញុំធ្លាប់បានស្គាល់រូបគាត់ច្បាស់ ។ ខ្ញុំដឹងថា ការប្រកួតបាល់ទាត់វាកាន់តែលំបាក់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយខ្ញុំនៅតែមិនទាន់ភ្លេចបានឡើយពេលបរាជ័យវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Champion League ជាមួយក្រុមតោខៀវ Chelsea” ។
កីឡាករ Messi ធ្លាប់បានឈ្នះមេដាយមាសនៅក្នុងកម្មវិធីអូឡាំពិកកាលពី៤ឆ្នាំមុននៅក្នុង ទីក្រុងប៉េកាំង ប្រទេសចិន ប៉ុន្តែឆ្នាំនេះគេគ្មានឱកាសលេងទៀតឡើយ ដោយសារតែក្រុមជម្រើសជាតិ អាហ្សង់ទីនមិនបានជាប់ទៅលេងនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសឡើយ ៕
