កីឡាករ​ Wiggins​ នៅ​តែ​បន្ដ​នាំមុខ​បើ​ទោះបីជា​ Voeckler​ ឈ្នះ​ដំណាក់កាល​ទី​១៦

ដោយ​ ៖ ដេវីត ថ្ងៃទី 19 កក្កដា 2012ម៉ោង 16:40:13

កីឡាករ​ម្ចាស់ផ្ទះ​បារាំង​ Thomas​ Voeckler​ បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ដំណាក់​កាលពី​១៦​នៃ​កម្មវិធី​ប្រណាំង​កង់​Tour​ de​ France​ ប៉ុន្ដែ​កីឡាករ​ Bradley​ Wiggins​ នៅ​តែ​បន្ដ​នាំមុខ​ដ​ដែរ​ចំពោះ​ថេរវេលា​ដែល​នាំ​ឱ្យ​គេ​ទទួល​ជ័យជម្នះ​ ។​

ការ​ប្រណាំង​ក្នុង​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​១៩៧​គីឡូម៉ែត្រ​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទីប្រជុំជន​ Bagneres-de-Luchon​ ប្រទេស​បារាំង​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​កន្លង​មកនេះ​ ដោយ​កីឡាករ​Voeckler​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​ក្រុម​ Team​ Europcar​បាន​យកឈ្នះ​ ដោយ​ប្រើ​អស់​ថិរវេលា​៥​ម៉ោង​៣៥​នាទី​និង​២​វិនាទី​យកឈ្នះ​កីឡាករ​ដា​ណឺ​ម៉ាក​ Chris​ Anker​ Sorensen​ ជិះ​ឱ្យ​ក្រុម​ Team​ Saxo​ Bank-Tinkoff​ Bank​ ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​១​នាទី​និង​៤០​វិនាទី​ ។​

នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ​ចំណែក​កីឡាករ​អេ​ស្ប៉ា​ញ​ Gorka​ Izaguirre​ Insausti​ ជិះ​ឱ្យ​ក្រុម​ Euskaltel​ -​ Euskadi​ ស្ថិត​នៅ​លំដាប់​ទី​៣​ក្រោយ​ពី​ប្រើ​ថិរវេលា​ច្រើន​ជាង​  Voeckler​  ២​នាទី​និង​២២​វិនាទី​ ។​

កីឡាករ​វ័យ​៣២​ឆ្នាំ​ Thomas​ Voeckler​ បាន​និយាយ​ក្រោយ​ពេល​ប្រកួត​ចប់​ថា​ “​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ទទួល​ជោគជ័យ​នៅ​ថ្ងៃនេះ​ពិសេស​គឺ​ក្រុម​របស់​យើង​តែ​ម្ដង​ ។​ បើ​ទោះបីជា​យ៉ាងណា​ក្ដី​យើង​ធ្វើ​បាន​យ៉ាង​ល្អ​។​ សម្រាប់​ខ្ញុំ​វា​ហាក់បីដូចជា​ការ​ប្រកួត​ចំនួន​៤​ដ​នៅ​ថ្ងៃនេះ​ព្រោះ​ វា​ជា​ការ​ប្រណាំង​ឡើង​ភ្នំ​ ប៉ុន្ដែ​ខ្ញុំ​បាន​សុំា​ទៅ​ហើយដោយ​ខ្ញុំ​បាន​ប្រកួត​ចាប់តាំងពី​អាយុ​១៩​ឆ្នាំ​មក​ម្លេះ​”​ ។​

កីឡាករ​អង់គ្លេស​ Bradley​ Wiggins​ ដែល​បាន​បញ្ចប់​ដំណាក់​នេះ​ក្នុង​លំដាប់​ទី​១២​នោះ​នៅ​តែ​សន្សំ​ ពេលវេលា​បាន​យ៉ាង​ល្អ​បន្ដ​គ្រង​អាវកាក់​ពណ៌​លឿង​ជា​ដដែល​ ។​ គួរ​កត់​សម្គាល់ថា​ ១៦​ដំណាក់​នៃ​ Tour​ de​ France​ឆ្នាំ​នេះ​គឺ​មាន​កីឡាករ​តែ​២​រូប​ប៉ុណ្ណោះ​ដែល​នាំមុខ​នៅ​លើ​តារាង​ ថិរវេលា​សរុប​នោះ​គឺ​កីឡាករ​អង់គ្លេស​ Bradley​ Wiggins​ និង​កីឡាករ​ស្វី​ស​ Fabian​ Cancellara​ ។​ ពេលវេលា​សរុប​ នៅ​លើ​តារាង​បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រណាំង​អស់​១៦​ដំណាក់​មកនេះ​កីឡាករ​ Bradley​ Wiggins​បាន​ប្រើ​អស់​ថិរវេលា​តិច​ជាងគេ​បំផុត​គឺ​៧៤​ម៉ោង​១៥​នាទី​និង​៣២​ វិនាទី​ នាំមុខ​កីឡាករ​មិត្ដ​រួម​ជាតិ​ Christopher​ Froome​ ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​២​នាទី​និង​៥​វិនាទី​ ។​ ឯ​កីឡាករ​អ៊ី​តា​លី​ Vincenzo​ Nibali​ ជិះ​ឱ្យ​ក្រុម​ Liquigas-Cannondale ​ស្ថិត​នៅ​លំដាប់​ទី​៣​និង​ប្រើ​ថិរវេលា​សរុប​ច្រើន​ជាង​ Bradley​ Wiggins​  ២​នាទី​និង​២៣​វិនាទី​ ។​ រីឯ​ Cadel​ Evans ​ដែល​ជា​កីឡាករ​ការពារ​ជើងឯក​បាន​ធ្លាក់​ទៅ​លំដាប់​ទី​៧​បន្ទាប់​ពី​បាន​ប្រើ​ពេល​ច្រើន​ជាង​៨​នាទី​និង​៦​វិនាទី​ ៕