កីឡាករ​អន្ដរជាតិ​ប្រេ​ស៊ី​ល​ Nilmar​ ចាក​ចេញពី​អេ​ស្ប៉ា​ញ​ទៅ​កាន់​ប្រទេស​កា​តារ​

ដោយ​ ៖ ​ដេ​វីត​ ថ្ងៃទី 20 កក្កដា 2012ម៉ោង 08:47:22

​ក្លិប​បាល់ទាត់​នាវាមុជទឹក​ពណ៌​លឿង ​Villarreal​ ដែល​បាន​ធ្លាប់​ទៅ​កាន់​ក្រប​ខ័​ណ្ឌ​អេ​ស្ប៉ា​ញ​ Division​ 2​ បាន​បញ្ជាក់​ថា​ កីឡាករ​អន្ដរជាតិ​ប្រេ​ស៊ី​ល​ Nilmar​ បាន​សម្រេចចិត្ដ​ចាក​ចេញពី​ក្រុម​របស់​ពួក​គេ​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​តំបន់​មជ្ឈិមបូព៌ា​ ដោយ​ចូលរួម​ក្រុម​ Al​ Rayyan​ ក្នុង​ប្រទេស​កា​តារ​ ។​

​ដើម​ឡើយ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ​ចូលរួម​ជាមួយ​ក្រុម​ Internacional​ បន្ទាប់​ពី​រូបគេ​ បាន​បញ្ជាក់​ច្បាស់​ថា​ នឹង​ចាក​ចេញពី​ក្រុម​ Villarreal​ បន្ទាប់​ពី​ក្រុម​នេះ​ធ្លាក់​ទៅ​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​ Division​ 2​ ។​

ប៉ុន្ដែ​ក្លិប​ Al​ Rayyan​ បាន​ប្រកាស​ នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា​ ពួក​គេ​ ទទួល​បាន​អតីត​កីឡាករ​របស់​ក្លិប​ Lyon​ និង​ Corinthians​ នេះ​ទៅ​ចួ​ល​រួម​ក្រុម​ ទៅ​វិញ​ ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ក្លិប​ Villarreal​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ផង​ដែរ​ថា​ Nilmar​ នឹង​មិន​បាន​លេង​នៅ​ក្នុង​ក្រុម​របស់​ពួក​គេ​ឡើយ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១២-២០១៣​ខាង​មុខ​ ។​

សេចក្ដីថ្លែងការណ៍​នោះ​បានឱ្យ​ដឹង​ថា​ “​ក្លិប​ Villarreal​ និង​ Al​ Rayyan​ បាន​ ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្លាស់​ប្ដូរ​កីឡា​ករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ដោយ​រូបគេ​នឹង​ចុះហត្ថលេខា​រយៈពេល​៤​ឆ្នាំទៅ​លេង​នៅ​ក្នុង​ប្រទេស​កា​តារ​”​ ។​

គួរ​បញ្ជាក់​ថា​ កីឡាករ​ Nilmar​ បាន​បង្ហាញខ្លួន​១១៦​ដង​នៅ​ក្នុង​ក្រុម​ Vill-​ arreal​ ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​៣៤​គ្រាប់​ប៉ុណ្ណោះ​ ​៕