
កីឡាករអន្ដរជាតិប្រេស៊ីល Nilmar ចាកចេញពីអេស្ប៉ាញទៅកាន់ប្រទេសកាតារ
ដោយ ៖ ដេវីត ថ្ងៃទី 20 កក្កដា 2012ម៉ោង 08:47:22
ក្លិបបាល់ទាត់នាវាមុជទឹកពណ៌លឿង Villarreal ដែលបានធ្លាប់ទៅកាន់ក្របខ័ណ្ឌអេស្ប៉ាញ Division 2 បានបញ្ជាក់ថា កីឡាករអន្ដរជាតិប្រេស៊ីល Nilmar បានសម្រេចចិត្ដចាកចេញពីក្រុមរបស់ពួកគេទៅប្រកបអាជីពបាល់ទាត់នៅតំបន់មជ្ឈិមបូព៌ា ដោយចូលរួមក្រុម Al Rayyan ក្នុងប្រទេសកាតារ ។
ដើមឡើយកីឡាករវ័យ២៨ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅស្រុកកំណើតរបស់គេចូលរួមជាមួយក្រុម Internacional បន្ទាប់ពីរូបគេ បានបញ្ជាក់ច្បាស់ថា នឹងចាកចេញពីក្រុម Villarreal បន្ទាប់ពីក្រុមនេះធ្លាក់ទៅលេងនៅក្នុងក្របខ័ណ្ឌ Division 2 ។
ប៉ុន្ដែក្លិប Al Rayyan បានប្រកាស នៅក្នុងគេហទំព័ររបស់ខ្លួនថា ពួកគេ ទទួលបានអតីតកីឡាកររបស់ក្លិប Lyon និង Corinthians នេះទៅចួលរួមក្រុម ទៅវិញ ។ ស្របពេលជាមួយគ្នានេះដែរក្លិប Villarreal បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរថា Nilmar នឹងមិនបានលេងនៅក្នុងក្រុមរបស់ពួកគេឡើយក្នុងរដូវកាលឆ្នាំ២០១២-២០១៣ខាងមុខ ។
សេចក្ដីថ្លែងការណ៍នោះបានឱ្យដឹងថា “ក្លិប Villarreal និង Al Rayyan បាន ឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្ដូរកីឡាករសញ្ជាតិប្រេស៊ីលដោយរូបគេនឹងចុះហត្ថលេខារយៈពេល៤ឆ្នាំទៅលេងនៅក្នុងប្រទេសកាតារ” ។
គួរបញ្ជាក់ថា កីឡាករ Nilmar បានបង្ហាញខ្លួន១១៦ដងនៅក្នុងក្រុម Vill- arreal ដោយស៊ុតបាល់បញ្ចូលទី៣៤គ្រាប់ប៉ុណ្ណោះ ៕
