
ខ្សែប្រយុទ្ធ Filippo Inzaghi របស់ក្លិប ACMilan សម្រេចចិត្ដឈប់លេងបាល់ទាត់អាជីព
ដោយ ៖ ដេវីត ថ្ងៃទី 25 កក្កដា 2012ម៉ោង 15:56:11
កីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Filippo Inzaghi របស់ក្លិប AC Milan បានប្រកាសចូលនិវត្ដន៍ឈប់លេងបាល់ទាត់អាជីពទៀតហើយដោយសម្រេចចិត្ដចូលធ្វើជាគ្រូបង្វឹកក្រុមយុវជនរបស់ក្លិប ACMilan វិញ ។
កីឡាករវ័យ៣៨ឆ្នាំរូបនេះបានព្យាយាមស្វែងរកក្លិបដទៃទៀតនៅក្រៅក្របខ័ណ្ឌអ៊ីតាលី Serie A ផងដែរក្រោយពេលបញ្ចប់រដូវកាលឆ្នាំ២០១២ ប៉ុន្ដែរូបគេពុំមានការចាប់អារម្មណ៍ពីសំណាក់ក្លិបដែលគាត់ចង់ទៅលេងឱ្យនោះទេ ។
Inzaghi បាននិយាយប្រាប់អ្នកសារ ព័ត៌មានថា “ពេលវេលារបស់ខ្ញុំជាមួយ ក្រុម ACMilan បានបញ្ចប់ទៅដោយ ក្ដីរីករាយបំផុត ដោយខ្ញុំបានស៊ុតបាល់ បញ្ចូលទីនៅក្នុងការប្រកួតចុងក្រោយ ផងដែរ ។ វាពិតជាមានភាពអស្ចារ្យ ខ្លាំងណាស់សម្រាប់ខ្ញុំ” ។
កីឡាករ Inzaghi បានថ្លែងបន្ដទៀតថា “នៅពេលនេះខ្ញុំមានក្ដីសុបិនមួយទៀត គឺចង់ក្លាយទៅជាគ្រូបង្វឹកដ៏ល្អមួយដែលអាចជួយកូនក្រុមរបស់ខ្ញុំឈ្នះជើងឯក Champion League” ។ រូបគាត់ធ្លាប់បានសារព័ត៌មានផ្សាយថា អាចនឹងទៅលេងនៅក្នុងក្លិប Watford នៅក្នុងក្របខ័ណ្ឌអង់គ្លេស Championship ប៉ុន្ដែព័ត៌មាននេះត្រូវបានលោកគ្រូបង្វឹកGianfranco Zola ច្រានចោលភ្លាមៗ តែម្ដង ។
Inzaghi បានចុះហត្ថលេខារយៈពេល២ឆ្នាំជាមួយក្រុម ACMilan ដើម្បីទៅ ដឹកនាំក្រុមយុវជនវ័យក្មេងបំផុតរបស់ ក្លិបរហូតដល់ឆ្នាំ២០១៤ ។ នៅក្នុងរយៈពេល១១ឆ្នាំ កីឡាករបស់ក្លិប ACMilan រូបនេះបានស៊ុតបាល់បញ្ចូលទី១២៥គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន២៩៦ប្រកួត ៕
