
Casey Stoner ផ្ដួលកីឡាករ Jorge Lorenzo ឈ្នះជើងឯកប្រណាំងម៉ូតូ នៅសហរដ្ឋអាមេរិក
ដោយ ៖ ដេវីត ថ្ងៃទី 30 កក្កដា 2012ម៉ោង 14:45:11
កីឡាករការពារតំណែងជើងឯកពិភពលោក Casey Stoner បានយកឈ្នះជើងឯកការប្រណាំងម៉ូតូនៅសហរដ្ឋអាមេរិកដោយផ្ដួលកីឡាករ Jorge Lorenzo ដែលកំពុងតែនាំមុខគេលើលំដាប់កំពូលពិភពលោក ។
កីឡាករសញ្ជាតិអូស្ដ្រាលី Casey Stoner បានបើកវ៉ាមិត្ដរួមក្រុមរបស់ខ្លួនដែលមានឈ្មោះ Dani Pedrosa ហើយបន្ដនាំមុខកីឡាករ Lorenzo ថែមទៀតនៅពេលសល់តែ១១ជុំចុងក្រោយ ។ រូបគេបានបន្ដនាំមុខរហូតដល់ទទួលបានជោគជ័យ ។
កីឡាករអង់គ្លេស Cal Crutchlow បានទទួលចំណាត់ថ្នាក់លេខ៥បន្ទាប់ពីមិនអាចបើកវ៉ាកីឡាករអ៊ីតាលី Andrea Dovizioso បាន ។
ជ័យជម្នះរបស់ Stoner ថ្ងៃនេះធ្វើឱ្យរូបគេតាមពីក្រោយកីឡាករនាំមុខតែ៣២ពិន្ទុ ហើយមាន៩ពិន្ទុតាមពីក្រោយកីឡាករចំណាត់ថ្នាក់លេខ២ Pedrosa។ កីឡាក រStoner បាននិយាយប្រាប់ទូរទស្សន៍ BBC ថា “យើងបានធ្វើរឿងដ៏ អស្ចារ្យដោយមិនមានក្រុមណាហ៊ានសម្រេចចិត្ដដូចនេះឡើយ ។ Lorenzo បានបើកដោយល្បឿនលឿន ហើយខ្ញុំមិនអាចព្យាយាមយកឈ្នះលើគេដោយតក់ក្រហល់នោះឡើយ តែខ្ញុំត្រូវរង់ចាំ ដល់មានឱកាសល្អទើបអាចបើកវ៉ារូបគេបាន” ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតប្រណាំងម៉ូតូ GP នៅសហរដ្ឋអាមេរិកៈ
1. កីឡាករ Casey Stoner សញ្ជាតិអូស្ដ្រាលីបើកឱ្យក្រុម Repsol Honda ប្រើថិរវេលា 43:45.961 ។
2. កីឡាករ Jorge Lorenzo សញ្ជាតិអេស្ប៉ាញបើកឱ្យក្រុម Yamaha ប្រើថិរវេលា 43:49.390 ។
3. Dani Pedrosa សញ្ជាតិ អេស្ប៉ាញបើកឱ្យក្រុម Repsol Honda ប្រើថិរវេលា 43:53.594 ។
4. កីឡាករ Andrea Dovizioso សញ្ជាតិអ៊ីតាលីបើកឱ្យក្រុម Tech 3 Yamaha ប្រើថិរវេលា 44:04.563 ។
5. Cal Crutchlow សញ្ជាតិ អង់គ្លេសបើកឱ្យក្រុម Tech 3 Yamaha ប្រើថិរវេលា 44:04.740 ។
6. កីឡាករ Nicky Hayden សញ្ជាតិអាមេរិកបើកឱ្យក្រុម Ducati ប្រើថិរវេលា 44:12.863 ។
7. កីឡាករ Stefan Bradl សញ្ជាតិអាល្លឺម៉ង់បើកឱ្យក្រុម LCR Honda ប្រើថិរវេលា 44:14.354 ។
8. កីឡាករ Alvaro Bautista សញ្ជាតិអេស្ប៉ាញបើកឱ្យក្រុម Gresini Honda ប្រើថិរវេលា 44:36.207 ។
9. កីឡាករ Aleix Espargaro បើកឱ្យក្រុម Aprilia ប្រើថិរវេលា 45:04.954 ។
10. កីឡាករ Karel Abraham បើកឱ្យក្រុម Ducati ប្រើថិរវេលា 45:08.037 ៕
