
ក្រុមជម្រើសជាតិអេស្ប៉ាញហាលអាវមុនគេនៅអូឡាំពិកឆ្នាំ២០១២
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដែលជាម្ចាស់ជើងឯកពិភពលោក និងទ្វីបអឺរ៉ុបនោះបានធ្លាក់ចេញពីកម្មវិធីអូឡាំពិកហើយ បន្ទាប់ពីចាញ់២ប្រកួតជាប់ៗគ្នា ។
ក្រុមបាល់ទាត់ U-23 អេស្ប៉ាញ គឺជាក្រុមមួយដែលរំពឹងថា នឹងទទួលមេដាយក្នុងកីឡាអូឡាំពិកឡុង២០១២នេះ បានធ្លាក់ដោយស្វ័យប្រវត្ដិ បើទោះបីជានៅសល់១ប្រកួតទៀតក៏ដោយ ។
បន្ទាប់ពីប្រកួតចាញ់អ្នកលេងដាវសាមូរ៉ៃជប៉ុន ១-០ ក្នុងថ្ងៃបើកឆាក ហើយក្រុមគោជល់អេស្ប៉ាញត្រូវការជ័យជម្នះជាចាំបាច់ក្នុងជំនួបជាមួយហុងឌុយរ៉ាស់កាលកាលពីថ្ងៃអាទិត្យ ប៉ុន្ដែក្រុមជើងខ្លាំងមួយនេះបានត្រឹមតែខកចិត្ដដោយសារតែប្រកួតចាញ់សាជាថ្មីម្ដងទៀត ។
លទ្ធផល ១-០ នោះបានកើតចេញពីការតែតបញ្ចូលទីនៅនាទីទី៧នៃតង់ទី១របស់កីឡាករខ្សែប្រយុទ្ធ Jerry Bengtson ហើយវាគឺជាការស៊ុតបញ្ចូលទីគ្រាប់ទី៣ក្នុង២ប្រកួតសម្រាប់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះផងដែរ ។
នៅពេលជាមួយគ្នានេះដែរ ក្រុមសាមូរ៉ៃខៀវជប៉ុន និងសាំបាប្រេស៊ីលបានក្លាយជាក្រុម២ដែលឈានទៅវគ្គ៨ក្រុមចុងក្រោយមុនគេក្រោយពីបន្ដការឈ្នះលើកទ២រៀងៗខ្លួន ។ ជប៉ុនបានបំបាក់ម៉ារ៉ុក ១-០ ដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Kensuke Nagai នៅនាទី៨៤ ខណៈប្រេស៊ីលសំពងក្រុមបេឡារូស ៣-១ ស៊ុតបញ្ចូលទីដោយ Pato, Neymar និង Oscar ៕
