អតីត​វីរបុរស​អា​ហ្ស​ង់​ទិន​ Maradona​ កំពុង​តែ​ជួប​ចរចារ​ជាមួយនឹង​ក្លិប​នៅ​ក្នុង​ប្រទេស​ចិន​

ដោយ​ ៖ ដេវីត ថ្ងៃទី 31 កក្កដា 2012ម៉ោង 17:26:27

លោក​ Diego​ Maradona​ អតីត​ គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​និង​ក្រុម​ Al​ Wasl​ កំពុង​តែ​ជួប​ពិភាក្សា​ជាមួយនឹង​តំណាង​របស់​ក្លិប​ មួយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ចិន​ Super​ League​ ដើម្បី​ទៅ​ដឹកនាំ​ក្រុមបាល់ទាត់​របស់​ចិន​វិញ​ម្ដង​ ។​

​គ្រូបង្វឹក​វ័យ​៥១​ឆ្នាំ​ដែល​ធ្លាប់​ជួយ​ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ជើង​ ឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ​១៩៨៦​បាន​ជួប​ជាមួយ​ភ្នាក់ងារ​ម្នាក់​ឈ្មោះ​ Daniel​ Dos​ Reis​ និង​លោក​ Diego​ Cativa​ នៅ​ ក្នុង​ទីក្រុង​ Emirati​ ប្រទេស​អា​រ៉ាប់​រួម​ ។​

លោក​ Dos​ Ries​ បាន​បង្ហើប​ឱ្យ​ ដឹង​ថា​ ការ​ចរចា​កំពុង​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​មួយ​យ៉ាង​រលូន​ ពីព្រោះ​លោក​ Maradona​ ហាក់ដូចជា​បង្ហាញ​ចំណាប់​ អារម្មណ៍​ចង់​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​បាល់​ ទាត់​ក្នុង​តំបន់​ចុង​បូព៌ា​ជាង​តំបន់​អឺរ៉ុប​ ឬ​នៅ​អា​មេ​រិ​ក​ ។​ លោក​ Do​ Ries​ បាន​ បន្ដ​ទៀត​ថា​ អ្វីៗ​បាន​ប្រព្រឹត្ដ​ទៅ​ក្រោម​ បរិយាកាស​រីករាយ​ និង​យោគយល់​គ្នា​ នៅ​សល់​តែ​បញ្ហា​ប្រាក់​ឈ្នួល​ និង​កុងត្រា​តែ​ប៉ុណ្ណោះ​ ដែល​ត្រូវ​ពិភាក្សា​បន្ដ​ទៀត​ ។​

គួរ​បញ្ជាក់​ថា​ លោក​ Diego​ Ma-​ radona​ ធ្លាប់​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អា​ហ្ស​ង់​ទី​ន​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ ពិភពលោក​ឆ្នាំ​១៩៨៦​តែ​គាត់​មិន​មានសំណាង​ល្អ​ក្នុង​ការ​ធ្វើ​ជា​គ្រូបង្វឹក​បាល់​ ទាត់​នោះ​ទេ​ ។​ លោក​ត្រូវ​បាន​សហព័ន្ធ​ កីឡាបាល់ទាត់​អា​ហ្ស​ង់​ទី​ន​បណ្ដេញ​ចេញពី​ក្រុម​ជម្រើសជាតិ​រួច​បន្ដ​មក​ដឹកនាំ​ក្លិប​ Al​ Wasl​ ទើបតែ​បាន​រយៈពេល​១៤​ ខែ​ក៏​ត្រូវ​មន្ដ្រី​ក្លិប​រូប​នេះ​បណ្ដេញចេញ​ទៀត​បើ​ទោះជា​លោក​នៅ​សល់​កុងត្រា​ មួយ​ឆ្នាំ​ទៀត​ក៏​ដោយ​ ។​

ប្រសិនបើ​គាត់​ទៅ​ដឹកនាំ​ក្រុម​នៅ​ ក្នុង​ប្រទេស​ចិន​មែន​នោះ​គាត់​នឹង​ក្លាយ​ ទៅ​ជា​គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នទី​២​ ហើយ​បន្ទាប់​ពី​លោក​ Sergio​ Batista​ ដែល​កំពុង​តែ​ដឹកនាំ​ក្រុម​ Shanghai​ Shenhua​ ។​ ក្របខ័ណ្ឌ​បាល់ទាត់​ចិន​ Super​ League​ កំពុង​តែ​ចំណាយ​ថវិកា​ជា​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​នាំ​យក​កីឡាករ​ល្បីៗ​នៅ​តំបន់​អឺរ៉ុប​ដូច​ជា​កីឡាករ​ Nicolas​ Anelka​ និង​ Didier​ Drogba​ ជាដើម​ ៕