
Zidane នឹងធ្វើជាគ្រូបង្វឹកក្រុមយុវជនរបស់ក្លិប Real Madrid នៅអេស្ប៉ាញ
ដោយ ៖ ដេវីត ថ្ងៃទី 01 សីហា 2012ម៉ោង 08:43:23
ក្លិបបាល់ទាត់ Real Madrid ម្ចាស់ជើងឯកអេស្ប៉ាញ Primera Division ឆ្នាំ២០១២បានប្រកាសឱ្យដឹងថា ខ្លួនបានតែងតាំងលោក Zinedine Zidane ធ្វើជាគ្រូបង្វឹកក្រុមយុវជនបន្ទាប់ពីរូបគាត់ទទួលបានសិទ្ធិធ្វើជាគ្រុបង្វឹក ។
លោក Zinedine Zidane ដែលបានចូលនិវត្ដន៏ពិភពបាល់ទាត់កាលពីឆ្នាំ២០០៦ធ្លាប់បានបញ្ជាក់ថា គាត់ចង់ក្លាយទៅជាគ្រូបង្វឹកមួយរូបនៅថ្ងៃ អនាគតដោយបានចូលរួមនៅសកលវិទ្យាល័យបាល់ទាត់មួយជាមួយដែលលោក Laurent Blanc អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងធ្លាប់បានរៀននៅទីនោះផងដែរ ។
ចាប់តាំងពីលាឈប់ពីអាជីពកីឡាកររួចមកអតីតកីឡាករអន្ដរជាតិបារាំងរូបនេះបានជាទីប្រឹក្សាដល់គ្រូបង្វឹក Florentino Perez ប្រធានក្លិបនិងលោក Jose Mourinho គ្រូបង្វឹកក្រុម Real Madrid ។ គាត់នឹងបន្ដអាជីពនៅក្នុងក្លិបយក្សរបស់ប្រទេសអេស្ប៉ាញនេះក្នុងនាមជាគ្រូបង្វឹកក្រុមយុវជនទៀត ។
សេចក្ដីថ្លែងការណ៍មួយរបស់ក្លិប Real Madrid បានឱ្យដឹងថា “Zinedine Zidane នឹងចាបផ្ដើមហ្វឹកហាត់ដើម្បីក្លាយទៅជាគ្រូបង្វឹក១រូបនៅពេលជាមួយគ្នានេះគឺគាត់នឹងត្រូវដឹកនាំក្រុមយុវជនរបស់ពួកយើងតែម្ដង ។ គាត់នឹងបញ្ចប់វគ្គហ្វឹកហ្វឺនជាងគ្រូបង្វឹកនៅក្នុងឆ្នាំនេះតែម្ដងហេតុដូចនេះហើយទើបវាអាចធ្វើគាត់អាចផ្ដល់ចំណេះដឹងផ្នែកបាល់ទាត់ជាផ្លូវការ” ។
Zidane ត្រូវបានគេរំពឹងថា នឹងជំនួស Alberto Giraldez ក្នុងនាមជាគ្រូបង្វឹកធំប្រចាំក្រុមយុវជនរបស់ Real Madrid ។ កាលពីដើមខែកក្កដាកន្លង ទៅលោក Noel Le Graet ប្រធានសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បានអះអាងថា ក្ដីស្រមៃក្នុងការក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនៅថ្ងៃអនាគតរបស់ខ្សែបម្រើកណ្ដាលរូបនេះ នឹងអាចក្លាយជាការពិតនាថ្ងៃណាមួយ ៕
