សាំង​យ៉ុ​ង​​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​១របួសស្រាល១​​ បើក​រត់​បាត់​

ដោយ​ ៖ ស្ឥាងជ័យ ថ្ងៃទី 18 សីហា 2012ម៉ោង 11:09:56

​ខេត្តកណ្តាល ​៖​​ យ៉ាង​ហោច​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ និង​បុរស​ម្នាក់​ទៀត​រង​របួសស្រាល​ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​បុរស​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​១គ្រឿង​តាម​ដងផ្លូវ​ជាតិ​លេខ​៨​ ត្រូវ​រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង​ បើក​ស្រប​ទិស​គ្នា​ បោះពួយ​យ៉ាង​លឿន​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវជាតិ​​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦យប់​ ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១២​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​ ស្ថិត​ក្នុងភូមិ​អន្លង់​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​។​

លោក​អធិការរង​ស្រុក​ខ្សាច់កណ្តាល​លោក​ នៅ​ សុ​ខន​ បាន​ឲ្យ​ដឹង​ថា​ ករណី​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​នេះ​ បង្ក​ឡើង​ដោយ​រថយន្ត​១គ្រឿង​​ ម៉ាក​សាំង​យ៉ុ​ង​ ពណ៌​ស​ មិន​ស្គាល់​ស្លាក​លេខ​ ។​ បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿ​ន​គេចខ្លួន​បាត់​​ ។​  ​លោក​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​មានឈ្មោះ​ រិ​ន​ ទៀវ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ជា​កសិករ​ (​ជា​អ្នក​រួម​ដំណើរ​)​ និង​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​ ឈ្មោះ​ ឈូក​ សាន្ត​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ជា​កសិករ​ ។​ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​រការ​ទី​១​ ឃុំរ​ការ​ជ​ន្លឹ​ង​ ស្រុក​ខ្សាច់កណ្តាល​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ជ​​១៤៤៦​ ភព​១​។​

​​លោក​ នៅ​ សុ​ខន​ បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​​ សាក្សី​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១គ្រឿង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​ ក្នុង​ល្បឿ​ង​មធ្យម​ពី​ត្បូង​ទៅ​ជើង​ ។​ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៍​ស្រាប់តែ​រថយន្ត​បើកបរ​យ៉ាង​លឿន​​ក្នុង​ទិស​ដៅ​ស្របគ្នា​​ មក​បុក​ម៉ូតូ​ពីក្រោយ​ពេញ​​ទំហឹង​ បណ្តាល​ឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវជាតិ​បែក​ផ្កាភ្លើង​ ​។ ​ភ្លាមៗ​នោះ​គេ​ឃើញ​អ្នក​រួម​ដំណើរ​ជិះពីក្រោយ​ប៉ើង​ខ្ទាត​ចេញពី​កន្លែង​ពីម៉ូតូជា​ច្រើន​ម៉ែត្រ​ បណ្តាល​ឲ្យ​បាក់​ក​ បែកក្បាល​ស្លាប់​ភ្លាមៗ​មួយ​រំ​ពេក​ ​។ ​រីឯ​អ្នកបើក​មិន​បាន​ប៉ើង​ខ្ទាត​ទេ ​ហើយ​បាន​ដួល​ទៅ​ជាមួយ​ម៉ូតូ​រង​របួសស្រាល​ ។​

​លោក​អធិការរង​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​រួច​មក ​អ្នកបើកបរ​បាន​បន្ថែម​ល្បឿ​រថយន្ត​គេចខ្លួន​បាត់​តែ​ម្តង​ ។ ​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន​ និង​ជំនាញ​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ជួយ​នាំ​អ្នក​រង​របួស​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រួច​នាំ​យក​ម៉ូតូ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ជា​បណ្តោះអាសន្ន​ ។​ ចំណែក​​សពត្រូវ​​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​