
ស្គាល់អត្ដសញ្ញាណសាកសពបងប្អូនតាមរយៈកាសែតនគរវត្ដ
ខេត្ដកណ្ដាល ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរជិះម៉ូតូបុកក្បាលថ្មចែកផ្លូវ បណ្ដាលឱ្យបែកក្បាលចេញខួរ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា ម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ នៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាលកន្លងទៅ ឥឡូវក្រុមគ្រួសារបានរកឃើញសាច់ញាតិ ហើយតាមរយៈកាសែតនគរវត្ដ ។
ជនរងគ្រោះដែលស្លាប់ដោយគ្រោះ ថ្នាក់ចរាចរមានឈ្មោះសូ ឡូត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាជាងជួលជុលម៉ូតូ មានទីលំនៅឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ បានមើលកាសែតនគរវត្ដ ដែលបង្ហាញ ពីភិនភាគជនរងគ្រោះដែលស្លាប់ រួច ហើយបានកាន់កាសែតមកទំនាក់ទំនង ជាមួយនគរបាលស្រុក ។ ពេលនោះសមត្ថ កិច្ចក៏បានរៀបរាប់ពីភិនភាគបន្ថែមទៀត ទើបក្រុមគ្រួសារជនរងគ្រោះប្រាប់សមត្ថ កិច្ចថា ជនរងគ្រោះមានឈ្មោះដូចខាង លើ គឺចេញពីភ្នំពេញត្រឡប់ទៅស្រុកនៅ ខេត្ដស្វាយរៀង ពេលមកដល់ចំណុច កើតហេតុក៏ជួបគ្រោះថ្នាក់ជិះម៉ូតូបុក ក្បាលថ្មចែកផ្លូវបណ្ដាលឱ្យស្លាប់តែម្ដង។
លោកនាយផ្នែកបានបន្ដថា ភ្លាមៗ នោះសមត្ថកិច្ចក៏បានស្រាវជ្រាវរកក្រុម គ្រួសារ តែរកពុំទាន់ឃើញនៅឡើយ ស្រាប់តែនៅព្រឹកថ្ងៃទីអាទិត្យ ទី២០ ខែ សីហា ក្រុមគ្រួសារក៏បានមើលឃើញ តាមរយៈកាសែតនគរវត្ដ ប៉ុន្ដែសាក សពជនរងគ្រោះត្រូវបានបូជារួចទៅ ហើយ ។ នៅព្រឹកថ្ងៃទី២០ ខែសីហានេះ ក្រុមគ្រួសារជនរងគ្រោះក៏បានមកធ្វើ បុណ្យឱទ្ទិសកុសលឱ្យសាកសពជនរង គ្រោះនៅក្នុងវត្ដមូលីសុវណ្ណ ហៅវត្ដ តៈមុល ហើយក៏បានយកធាតុធ្វើដំណើរ ទៅស្រុកកំណើតវិញ ។ ចំណែកម៉ូតូរបស់ ជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារសពវិញហើយ ៕
