សត្វ​ផ្សោត​ជា​ប្រភេទ​សត្វ​កម្រ​មានការ​កើនឡើង​ក្រោម​ការ​អភិរក្ស​របស់​ក្រុមការងារ​អភិវឌ្ឍ​ន៏​​តំបន់​អេកូ​ទេសចរ​ណ៏​នៅ​ខេត្តស្ទឹងត្រែង​

ដោយ​ ៖ ឡុង ​សំបូរ|ថ្ងៃទី 24 សីហា 2012 ម៉ោង 08:40:48

​ខេត្តស្ទឹងត្រែង​​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ជាប់​តំបន់​អេកូ​ទេសចរ​ណ៏​ទាំងអស់​ ក្នុង​ខេត្តស្ទឹងត្រែង​ បាន​សម្តែង​នូវ​ទឹកមុខ​រំភើប​យ៉ាង​ក្រៃ​លែង​ ពី​ការ​កើនឡើង​នៃ​ចំនួន​សត្វ​ផ្សោត​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ក្រោម​ការ​អភិរក្ស​ពី​សំណាក់​ក្រុមការងារ​អភិវឌ្ឍ​ន៏​តំបន់​អេកូ​ទេសចរ​ណ៏​ នៅ​ខេត្ត​ ស្ទឹង​ត្រែង​ ហើយ​ពួក​គាត់​នឹង​សង្ឃឹមថា​ ឆ្នាំ​ក្រោយៗ​សត្វ​ផ្សោត​ នឹង​មាន​កើនឡើង​ជាង​ឆ្នាំ​នេះ​មួយ​ កម្រិត​ទៀត​ ក្នុង​នោះ​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ខ្លាច​វិនាស​ផុត​ពូជ​ ពី​ក្រុម​ជនខិលខូច​មួយ​ចំនួន​លួច​ បំផ្លាញ​តាម​រយះ​ការ​ចាប់​មច្ឆារ​ជាតិ​តាម​គ្រប់​រូបភាព​ ។​

​លោក​យ៉ា​ន់​ យុ​ទ្ធី​ ប្រធាន​សាខា​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ សត្វ​ផ្សោត​ដែល​រស់នៅ​ក្នុង​ទន្លេមេគង្គ​មាន​ចំនួន​ប្រហែល​៨០​ក្បាល​ បើ​ចាប់​គិត​ពី​ឆ្នាំ​២០០៦​មក​ទល់​ នឹង​ឆ្នាំ​២០១២​នេះ​ ។​ ហើយ​សត្វ​ផ្សោត​ទាំងនោះ​រស់នៅ​តាម​អន្លង់​ជ្រៅៗ​ទាំង​៤​ក្នុង​ទន្លេមេគង្គ​មាន​ដូច​ ជា​៖​ អន្លង់​កោះ​សំពាយ​(​កោះ​កូន​សត្វ​)​ អន្លង់​ត្បូង​ខ្លា​ កោះ​ជ្រឹ​ម​ ស្ថិត​ក្នុងស្រុក​សៀម​បូក​ ព្រំប្រទល់​ខេត្ត​ ស្ទឹង​ត្រែង​ ជាប់​ស្រុក​សម្បូរ​ ខេត្តក្រចេះ​ និង​អន្លង់​ឈើទាល​ (​អន្លង់​ស្វាយ​)​ ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល​ ស្រុក​ ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ​ ។​

​លោក​ប្រធាន​សាខា​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ បាន​ថ្លែង​បន្ត​ទៀត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ សត្វ​ផ្សោត​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​(២០១១)​ ដោយ​វា​កើតកូន​បាន​ចំនួន​០៤​ក្បាល​បន្ថែម​ទៀត​ ។​ អ្វី​ដែល​នាំ​ឲ្យ​សត្វ​ផ្សោត​មានការ​កើនឡើង​នូវ​បរិមាណ​បែប​នេះ​ ដោយសារ​មានការ​អភិរក្ស​ និង​ធ្វើការ​ ហាមឃាត់​មិន​ឲ្យ​ប្រជា​នេសាទ​ ចូល​ទៅ​ដាក់​មង​ ឬ​ ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​នានា​ នៅ​ កន្លែង​ដែល​វា​រស់នៅ​នោះ​ឡើយ​  ហើយ​ការ​ប្រើប្រាស់​ឧ​បករ​ណ៏​ស្បៃ​មង​ គឺ​ ធ្វើ​ឲ្យ​សត្វ​ផ្សោត​ងាយ​រង​ គ្រោះថ្នាក់​ដល់​ជីវិត​ និង​អ្វី​ដែល​សំខាន់​នោះ​គឺ​មិន​អាច​ធ្វើ​វា​បន្ត​ពូជ​បាន​ ។​

​លោក​ ភី​វ​ មឿង​ឃុន​ មេឃុំ​ព្រះ​រំកិល​ និង​លោក ​ណ​ង​ ដេ​ត​ ប្រធាន​ប៉ុស្តិ៍​ឆ្នាំ​ទន្លេ​អន្លង់​ឈើទាល​ (​អន្លង់​ស្វាយ​)​ បាន​ធ្វើការ​អះអាង​ស្រ​ដៀង​គ្នា​ថា​ បច្ចុប្បន្ន​នេះ​សត្វ​ផ្សោត​ដែល​រស់នៅ​តាម​អន្លង់​ទាំង​០៤​ ក្នុង​ដែន​អភិរក្ស​ នៃ​តំបន់​អេកូ​ទេសចរ​ណ៏​ក្នុង​ខេត្ត​ ពិតជា​មានការ​កើនឡើង​ នៃ​ចំនួន​០៤​ក្បាល​យ៉ាង​ពិតប្រាកដ​ នេះ​បើ​តាម​ការ​ពិនិត្យ​រាប់​ជាក់ស្តែង​ជា​រៀងរាល់ថ្ងៃ​ ខែ​ ។​ ហើយ​សូម​ធ្វើការ​បដិសេធ​នូវ​ការ​ ចុះ​ផ្សាយ​របស់​កាសែត​ក្នុងស្រុក​មួយ​ កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ចំនួន​សត្វ​ផ្សោត​ក្នុង​ដែន​អភិរក្ស​មានការ​ ថយ​ចុះ​នោះ​ ព្រោះ​ដ្បិតថា​ អ្នក​ផ្តល់​ព័ត៌មាន​ឲ្យ​កាសែត​នោះ​ចុះ​ផ្សាយ​ មិនមែន​ជា​អ្នកជំនាញ​ក្នុង​ការ​រាប់​ ចំនួន​សត្វ​ផ្សោត​រស់នៅ​ក្នុង​ទឹក​នោះ​ទេ​ ។​ ចំណែក​បទល្មើស​ដែល​គេ​ថា​ មាន​កើតឡើង​ក្បែរ​អន្លង់​ ផ្សោត​ដូច​ជា​៖​ ឆក់​ត្រី​ បោក​គ្រាប់បែក​ ឬ​ ប្រើប្រាស់​ឧ​បករ​ណ៏​នេសាទ​ល្មើសច្បាប់​ផ្សេងៗ​ទៀត​នោះ​ គឺ​ គ្មាន​ទាល់តែ​សោះ​ ព្រោះថា​ នៅ​អន្លង់​កោះ​ឈើទាល​ស្ថិត​ក្នុង​ឃុំ​ព្រះ​រំកិល​នេះ​ មាន​កម្លាំង​សមត្ថ​កិច្ចការ​ ពារ​ច្រើន​ណាស់​ដូច​ជា​៖​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​៧០១​ កម្លាំងយោធា​វរៈ​ការពារ​ព្រំដែន​លេខ​ ១០១​ ជា​ពិសេស​នោះ​សហ​គម​ន៏​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ ដូច្នេះ​បទល្មើស​ទាំងនោះ​មិន​អាច​កើត​ មាននៅ​ទី​នេះ​ឡើយ​ ។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ត្រូវ​បាន​លោក ​ម៉ៅ​ ធនិន​ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​ក្រុមការងារ​អ​ភិ​រក្ស​ និង​អភិវឌ្ឍ​ន៏​តំបន់​អេកូ​ទេសចរ​ណ៏​សត្វ​ផ្សោត​ទន្លេមេគង្គ​ស្ទឹង​ត្រែង​ បាន​ថ្លែង​បញ្ជាក់​ថា​ សត្វ​ផ្សោត​ពិតជា​មានការ​កើនឡើង​យ៉ាង​ពិតប្រាកដ​ ដោយសារ​អាជ្ញាធរ​បាន​បង្កើន​នូវ​ការ​ទប់ស្កាត់​ នូវ​រាល់​ បទល្មើស​នេសាទ​ដែល​កើត​មាន​ឡើង​ ។​ ម្យ៉ាងទៀត​ត្រី​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​ មានការ​កើនឡើង​នូវ​បរិ​ មា​ណ​ ហើយ​ត្រី​គឺជា​ប្រភព​ចំណី​របស់​សត្វ​ផ្សោត​ទាំងនោះ​ ដែល​ជួយ​ឲ្យ​វា​ធ្វើការ​បន្ត​ពូជ​ទៀត​បាន​ ។​

​លោក​អភិបាលរង​បាន​បញ្ជាក់​ទៀត​ថា​ គោលដៅ​ចំពោះ​មុខ​ អាជ្ញាធរ​នឹង​ខិតខំ​ថែរក្សា​ ការពារ​ និង​បង្កើត​តំបន់​អភិរក្ស​នោះ​ ឲ្យ​ក្លាយទៅជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏​ ដោយ​ផ្តោត​លើ​ការ​ ចាប់​អារ​ម្ម​ណ៏​ និង​ចូល​មក​ទស្សនា​កាន់តែ​ច្រើន​ថែម​ទៀត​ ។​ កាលណា​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​ច្រើន​ ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហ​គម​ន៏​ មានការ​ប្តូរផ្លាស់​មុខមាត់​ថ្មី​ ក្រោម​ចំណូល​ពី​ភ្ញៀវ​ ទេសចរ​ណ៏​ជាតិ​ និង​អន្តរជាតិ​ ។​

​បើ​ទោះបីជា​មាន​អំណាស់អំណាង​ពី​គ្រប់​ស្រទាប់​អ្នកដឹកនាំ​អភិរក្ស​ សហ​គម​ន៏​អេកូ​ទេសចរ​ណ៏​ ទន្លេមេគង្គ​ថា​សត្វ​ផ្សោត​មានការ​កើនឡើង​យ៉ាងណា​ក្តី​ ក៏​ប្រជាពលរដ្ឋ​ទូទៅ​ ក៏​ដូច​ជា​ប្រជា​សហ​គម​ន៏​ រស់​ក្នុង​រង្វង់​តំបន់​ទេសចរ​ណ៏​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ ខ្លាច​សត្វ​ផ្សោត​ជា​សត្វ​ត្រូវ​បាន​គេ​ចាត់​ទុក​ ថា​ ជា​សត្វ​ដ៏​កម្រ​នោះ​ មានការ​ថយ​ចុះ​ ឬ​បាត់បង់​នៅ​ថ្ងៃក្រោយ​ ។​ ឯការ​ព្រួយបារម្ភ​ដ៏​ធំ​នោះ​គឺ​ការ​សាង​ សង់​ទំ​បន់សា​យ៉ា​បូ​រី​ពី​ទន្លេមេគង្គ​លើ​ របស់​ប្រទេស​ឡាវ​ ហូរ​នាំ​ល្បាប់​មក​ចាក់​ក្នុង​ទន្លេមេគង្គ​ក្រោម​ ទន្លេ​ខេត្តស្ទឹងត្រែង​ ប្រទេស​កម្ពុជា​ ធ្វើ​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​ជីវចម្រុះ​ដល់​អ្នក​រស់នៅ​តំបន់​ទន្លេមេគង្គ​ ក្រោម​ កុំ​ថា​ឡើយ​មនុស្ស​សូ​ម្បី​តែ​សត្វ​ផ្សោត​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​នោះ​ ក៏​ទទួល​រង​នូវ​ផល​ប៉ះពាល់​ផង​ដែរ​ ។​

​លោក​យ៉ា​ន់​ យុ​ទ្ធី​ អធិការរង​ស្រុក​សៀម​បូក​ និង​ជា​ប្រធាន​សាខា​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ ស្ទឹង​ត្រែង​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​ ដើម្បី​អភិរក្ស​សត្វ​ផ្សោត​ដែល​គេ​ចាត់​ទុក​ ក្នុង​លំដាប់​សត្វ​ដ៏​កម្រ​ លើ​លោក​នោះ​បាន​ ទាល់តែ​មានការ​ចូលរួម​ទប់ស្កាត់​លើ​គ្រប់​ករណី​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ពី​សំ​ ណា​ក់​ប្រជាពលរដ្ឋ​ទូទៅ​ រួម​ទាំង​កម្លាំង​ប្រតិបត្តិការ​ណ៏​ប្រចាំ​ថ្ងៃ​ ជា​ពិសេស​នោះ​គឺ​កម្លាំង​ឆ្មាំ​ទន្លេ​ ។​ ហើយ​បច្ចុប្បន្ន​យើង​បាន​បង្កើត​ប៉ុស្តិ៍​ឆ្មាំ​ទន្លេ​ (​ប៉ុស្តិ៍​អភិរក្ស​សត្វ​ផ្សោត​)​ ចំនួន​៥​កន្លែង​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​ ដើម្បី​ចុះ​យាមល្បាត​ និង​ធ្វើការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ដែល​កើត​មាន​ឡើង​ ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត​ ៕​