
ក្រុមចោរលួចគោសកម្មនៅកំពង់ឆ្នាំងជាប់អន្ទាក់សមត្ថកិច្ច
ខេត្ដកំពង់ឆ្នាំង ៖ ជនសង្ស័យលួចគោចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលស្រុករលាប្អៀរ,នគរបាលក្រុងកំពង់ឆ្នាំង , នគរបាលស្រុកកំពង់ត្រឡាចតាមឃាត់ចាប់បាន ក្រោយពីពួកគេលួចគោរបស់ប្រជាពលរដ្ឋ ហើយទៅសំងំលាក់ខ្លួននៅផ្ទះសំណាក់មួយកន្លែងក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង។ ប្រតិបត្ដិការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នៅក្នុងផ្ទះសំណាក់ហង្សនាគ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ជនសង្ស័យទាំង៥នាក់មានឈ្មោះ១-លី សុភ័ក្រ ភេទ ប្រុសអាយុ២១ឆ្នាំ, ២-ឈ្មោះលី គិន ភេទប្រុស អាយុ២៧ឆ្នាំ, ៣- ផូ សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ជនសង្ស័យទាំង៣នាក់នេះ រស់នៅក្នុងភូមិព្រៃពីស ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង, ៤-ពៅ ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ និង៥-ជឿន ស្រីអន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ។
លោក ហ៊ុល វាសនា អធិការរងក្រុងកំពង់ឆ្នាំង បានប្រាប់ដឹងថា ជនសង្ស័យ លី សុភ័ក្រ , លី គិន និងឈ្មោះ ផូ សុភ័ក្រ គឺជាមុខសញ្ញាលួចគោយ៉ាងសកម្ម នៅក្នុងខេត្ដកំពង់ឆ្នាំង ។ កន្លងមកគោររបស់ប្រជាពលរដ្ឋត្រូវបានបាត់ជាបន្ដបន្ទាប់ ប៉ុន្ដែដោយមានការបញ្ជាដឹកនាំរបស់លោកស្នងការ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចនៅតាមបណ្ដាស្រុក បានចុះប្រតិបត្ដិការតាមឃ្លាំមើលមុខសញ្ញាទាំងនេះ។
លោកបានបន្ដទៀតថា មុខសញ្ញាខាងលើនេះបានធ្វើសកម្មភាពលួចគោរបស់ ប្រជាពលរដ្ឋនៅវេលាម៉ោង១យប់រំលងអធ្រាត ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ ដោយក្រុមចោរទាំងនេះបានចូលលួចគោររបស់ប្រជាពលរដ្ឋឈ្មោះ ប្រាក់ សុគារ នៅក្នុងភូមិត្រញំងចិក្សា សង្កាត់-ក្រុងកំពង់ឆ្នាំង ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ភ្លាមៗមកសមត្ថកិច្ច ក្រោយមកកម្លាំងបានចុះប្រតិបត្ដិការទាំងយប់ ដោយដឹងពីការពួនស្ទាក់របស់សមត្ថកិច្ច មុខសញ្ញាជនសង្ស័យទាំងនេះបានរត់គេចខ្លួនកាត់ទឹកស្រែ មកសម្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់ហង្សនាគនេះតែម្ដង។ រហូតដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ទើបសមត្ថកិច្ចចាប់ បានក្នុង ផ្ទះសំណាក់តែម្ដង។ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរឹបអូសបានម៉ូតូ១គ្រឿងម៉ាកហុងដាសូនិក ពណ៌ខៀវ អត់ស្លាកលេខ និងមានវត្ថុតាងមួយចំនួនទៀតដូចជាកាំបិត ខ្សែគោ អាគុយ បំពង់ជក់កញ្ឆា ដែលវត្ថុតាងទាំងនេះជាមធ្យោបាយធ្វើសកម្មភាពសម្រាប់លួចគោ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្ដតាមនីតិវិធី ៕
