ជន​រង​គ្រោះ​ចោទប្រកាន់​មេ​គ​២​ អ៊ុ​ក​ ដា​រ៉ា​ន់​ ប្លន់​ជំរិត​ទារប្រាក់​លើ​ពួក​គាត់​រកស៊ី​លក់​ធ្យូង​

ដោយ​ ៖ សុខ​ ​ខេមរា ថ្ងៃទី 07 កញ្ញា 2012ម៉ោង 16:16:38

​ខេត្ដបន្ទាយមានជ័យ​ ៖​ លោក​ វៀន​ វុ​ទ្ធី​ អាយុ​៣១​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ អ៊ុ​ន​ តុង​ហឿ​ង​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ តា​ស្រី​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ បាន​ដាក់​ពាក្យបណ្ដឹង​ រួច​ទៅ​ហើយ​ទៅ​អយ្យការ​នៃ​សាលាដំបូង​ ខេត្ដបន្ទាយមានជ័យ​ ចោទប្រកាន់​ទៅ​ លើ​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ មេ​គ​២​ សឹក​រង​ ស្រុក​ថ្មពួក​តំបន់​ប្រតិបត្ដិការ​សឹក​រង​ ខេត្ដបន្ទាយមានជ័យ​ ពី​បទ​ប្លន់​ និង​ជំរិត​ទារប្រាក់​ ។​

​ជន​រង​គ្រោះ​បានឱ្យ​នគរវត្ដ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៥​ខែសីហា​ឆ្នាំ​២០១២​ ខ្លួន​និង​ភរិយា​ ព្រមទាំង​កម្មករ​ចំនួន​៥​នាក់​ទៀត​បាន​ ធ្វើ​ដំណើរ​ដោយ​រថយន្ដ​កែ​ច្នៃ​១​គ្រឿង​មក​ ពី​ដឹក​ធ្យូង​លក់​ លុះ​មក​ដល់​ចំណុច​ត្រ​ញំ​ង​ ចង្អើ​ប្រើស​ ភូមិ​ប្រាសាទ​តា​បែង​ ឃុំ​ បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ស្រាប់តែ​មាន​ កម្លាំងប្រដាប់អាវុធ​ដែល​ជាម​ន្ដ្រី​យោធា​ ចំនួន​៦​នាក់​ បាន​យក​កាំភ្លើង​មក​ភ្ជង់​រូប​ គាត់​ និង​ប្រពន្ធ​ដែល​ចោទប្រកាន់​ថា​ ពួក​ គាត់​រកស៊ី​បទល្មើស​ម៉ូតូ​គេចពន្ធ​ រួច​ហើយ​ បង្ខំ​ឱ្យ​បង់ប្រាក់​ចំនួន​៣​ម៉ឺន​បាត​ បើ​ពុំ​បាន​ បង់ប្រាក់​ទេ​នោះ​ គេ​នឹង​បញ្ជូន​រថយន្ដ​ កែ​ច្នៃ​នេះ​យក​ទៅ​រក្សា​ទុក​នៅ​អង្គភាព​ ។​

​វៀន​ វុ​ទ្ធី​ បាន​បន្ដ​ថា​ ក្រោម​ការ​បញ្ជា​ ពី​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ មេ​គ​២​ មន្ដ្រី​ យោធា​ទាំង​៦​នាក់​នោះ​បាន​គំរាមកំហែង​ និង​ភ្ជង់​កាំភ្លើង​មក​លើ​ពួក​គាត់​ ហើយ​ ពេល​ដែល​មិន​បាន​បង់​បាក់​ចំនួន​៣​ម៉ឺន​ បាត​នោះ​ លោក​ អ៊ុ​ក​ ដា​រ៉ា់​ន់​ ក៏​បាន​យក​ រថយន្ដ​កែ​ច្នៃ​ទៅ​ តែ​មិនដឹង​យក​ទៅ​ទុក​ នៅ​កន្លែង​ណា​ និង​មិន​មាន​លិខិត​ស្នាម​ដក​ ហូត​ត្រឹមត្រូវ​នោះ​ឡើយ​ ។​

​បន្ទាប់​ពី​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ រំលោភ​បំពាន​និង​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ មក​ភ្ជង់​គំរាម​ទារប្រាក់​នេះ​ នៅ​ថ្ងៃ​ទី​១៩​ ខែសីហា​ឆ្នាំ​២០១២​ លោក​ក៏​បាន​ដាក់​ ពាក្យបណ្ដឹង​ផង​ដែរ​ទៅ​កាន់​អយ្យការ​អម​  សាលាដំបូង​ខេត្ដបន្ទាយមានជ័យ​ ទៅ​លើ​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ ពី​បទ​ប្លន់​និង​ជំរិត​ទារ​ ប្រាក់​ ។​
​ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​នេះ​ កាលពី​រសៀល​ថ្ងៃ​ទី​៧​ខែកញ្ញា​ឆ្នាំ​២០១២​ លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ បានឱ្យ​នគរវត្ដ​ដឹង​ តាម​ទូរស័ព្ទ​ថា​ តាម​ពិត​រថយន្ដ​កែ​ច្នៃ​ នោះ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​បទល្មើស​ ព្រៃឈើ​ ដែល​មាន​ឈើ​គ្រញូង​ចំនួន​១៤​ កំណាត់​ ហើយ​លោក​ក៏​បាន​ធើ​ឯកសារ​ បញ្ជូន​ទៅ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ប្រគល់​ឱ្យ​ទាំង​ឡាន​និង​ឈើ​តាំងពី​ថ្ងៃ​កើត​ ហេតុ​នោះ​ម្ល៉េះ​ ។​

​លោក​ អ៊ុ​ក ដា​រ៉ា​ន់​ បន្ដ​ថា​ បើ​ទោះ​ជា​មាន​ពាក្យបណ្ដឹង​ក៏​ដោយ​ លោក​ចាត់​ទុក​ថា​ រឿង​នេះ​ជា​ការ​ចោទប្រកាន់​មិន​ពិត​ ។​ បើ​ទោះជា​មេ​គ​២​ដែល​ប្រើ​ប្រាស់​កម្លាំងយោធា​ភ្ជង់​ប្លន់​គំរាម​ជំរិត​ ទារប្រាក់​លើ​ក្រុម​គ្រួសារ​រង​គ្រោះ​មក​ពី​លក់​ធ្យូង​នេះ​ក៏​ដោយ​ ប្រធាន​អង្គភាព​ លោក​ ភ្ល​ន់​ តារា​ មេបញ្ជាការ​តំបន់​ ប្រតិបត្ដិការ​សឹក​រង​ខេត្ដបន្ទាយមានជ័យ​ ហាក់ដូចជា​មិន​បាន​ចាប់អារម្មណ៍​ ដោយ​ តាម​ទូរស័ព្ទ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ អត់​ស្គាល់ឈ្មោះ​មេ​គ​២​ និង​អត់​ដឹង​ថា​ មានរឿង​អ្វី​នោះ​ដែរ​ ។​

​ជន​រង​គ្រោះ​ វៀន​ វុ​ទ្ធី​ បាន​លើក​ អំណះអំណាង​ផង​ដែរ​ថា​ ខណៈ​ដែល​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ ឱ្យ​មន្ដ្រី​យោធា​ភ្ជង់​មក​លើ​ គាត់​និង​ប្រពន្ធ​ រួម​ទាំង​កម្មករ​៥​នាក់​ទៀត​  មក​ពី​លក់​ធ្យូង​ ហើយ​ចោទប្រកាន់​ថា​ រកស៊ី​ម៉ូតូ​គេចពន្ធ​ ប៉ុន្ដែ​មិន​មាន​ភស្ដុ​តាង​ និង​បង្ខំ​ឱ្យ​បង់ប្រាក់​ចំនួន​៣​ម៉ឺន​បាត​ ពេល​ ដែល​ចាប់​យក​រថយន្ដ​កែ​ច្នៃ​នេះ​ទៅ​រក្សា​ ទុក​ បែរជា​ព្យាយាម​យក​ឈើ​គ្រញូង​ចំនួន​ ៤-៥​ដុំ​ដាក់​ក្នុង​រថយន្ដ​កែ​ច្នៃ​របស់​គាត់​ ដើម្បី​ធ្វើ​ជា​វត្ថុ​តាង​ដាក់បន្ទុក​ថា​ គាត់​ជាប់​ពាក់ព័ន្ធ​សង្ស័យ​ជួញដូរ​ឈើ​គ្រញូង​ ដែល​រឿង​នេះ​ គឺជា​អំពើ​រំលោភ​បំពាន​ ទាំងស្រុង​មក​លើ​រូប​គាត់​ជា​ជន​រង​គ្រោះ​។​
​វៀន​ វុ​ទ្ធី​ បញ្ជាក់​ទៀត​ថា​ ករណី​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ រឹបអូស​យក​រថយន្ដ​កែ​ច្នៃ​ នា​យប់​ថ្ងៃ​ទី​១៥​ខែសីហា​ឆ្នាំ​២០១២​នោះ​  ក៏​ធ្វើ​ឱ្យ​បាត់បង់​នូវ​ប្រាក់​ចំនួន​១៥​ម៉ឺន​បាត​ ដែល​គាត់​បាន​មក​ពី​ការ​លក់​ធ្យូង​ ក្នុង​នោះ​មាន​វិក្កយបត្រ​ទៀត​ផង​ ។​

​ពាក់ព័ន្ធ​នឹង​ជន​រង​គ្រោះ​ដាក់​ពាក្យ​ បណ្ដឹង​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្ដបន្ទាយមានជ័យ​ បានឱ្យ​ដឹង​ថា​ រឿង​នេះ​លោក​ពុំ​ទាន់​បាន​ ដឹង​នៅឡើយ​ទេ​ ដោយសារ​តែ​មាន​ ភារកិច្ច​ទៅ​ក្រៅប្រទេស​ ហើយ​ទើបនឹង​ មក​ដល់​ស្រុក​ខ្មែរ​កាលពី​ល្ងាច​ថ្ងៃ​ទី​៦​ ខែកញ្ញា​ឆ្នាំ​២០១២​ ដែល​លោក​ព្រះរាជ​ អាជ្ញា​តម្រូវ​ឱ្យទៅ​សួរនាំ​ពី​លោក​ ឡុ​ង​ ជៀប​ ព្រះរាជអាជ្ញា​រង​ ។​

​លោក​ ឡុ​ង​ ជៀប​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​បានឱ្យ​ដឹង​ថា​ បើ​ពាក្យ​បណ្ដឹង​ដាក់​ពី​ថ្ងៃ​ទី​១៩​ខែសីហា​ឆ្នាំ​២០១២​ នោះ​ លោក​មិន​ទាន់​បានដឹង​នៅឡើយ​ទេ​ តែបើ​ក្នុង​មួ​យស​ប្ដា​ហ៍​មុន​ ទើប​លោក​ បាន​គ្រប់គ្រង​ក្នុង​ការ​ដាក់​បណ្ដឹង​នោះ​ ។​

​ករណី​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ មេ​គ​២​ ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ជន​រង​គ្រោះ​ ថា​ រកស៊ី​ម៉ូតូ​គេចពន្ធ​ និង​ជំនួញ​ឈើ​គ្រញូង​ មិន​ត្រឹមតែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អយ្យការ​អម​ សាលាដំបូង​ខេត្ដ​ប៉ុណ្ណោះ​ទេ​ ថ្មីៗ​នេះ​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ក៏​ បាន​ធ្វើការ​តវ៉ា​ទៅ​នឹង​ការ​ចុះ​មក​អង្កេត​ របស់​គណៈកម្មការ​របស់​មន្ដ្រី​យោធា​ យោធភូមិ​ភាគ​ទី​៥​ បន្ទាប់​ពី​ការ​ចុះ​ស៊ើប​ អង្កេត​នេះ​ បែរជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ ក្នុង​ផលប្រយោជន៍​ បែរជា​ ទុក​ឱកាស​ឱ្យ​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ មេ​គ​២​ យក​ឈើ​គ្រញូង​៤​ទៅ​៥​ដុំ​ដាក់​នៅ​ក្នុង​ រថយន្ដ​កែ​ច្នៃ​របស់​ជន​រង​គ្រោះ​ដើម្បី​ដាក់​ បន្ទុក​បង្កើត​បទល្មើស​ដែល​អំពើ​នេះ​ គឺ​ ជា​ការ​រំលោភ​បំពាន​ទៅ​លើ​ជន​រង​គ្រោះ​ ក៏​ដូច​ផ្លូវច្បាប់​ ។​

​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​ សំណូមពរ​ឱ្យ​តុលាការ​ចាត់ការ​ក្នុង​រឿង​ នេះ​ ខណៈ​ដែល​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ បាន​ យក​អំណាច​និង​តួនាទី​ តែងតែ​គំរាម​ កំហែង​ និង​ដាក់​កុងត្រូលជជុះ​ជាដើម​ទារ​ ប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​អុស​ ធ្យូង​ ។

​បើ​ទោះជា​លោក​ ភ្ល​ន់​ តារា​ អះអាង​ ថា​ មិន​ស្គាល់​កូនចៅ​ អ៊ុ​ក​ ដា​រ៉ា​ន់​ និង​ មិនដឹង​ថា​មានរឿង​អី​កើតឡើង​នោះ​ ក៏​ដោយ​ ក៏​អង្គភាព​យោធភូមិ​ភាគ​ទី​៥​ បាន​ចាត់ការ​ឱ្យ​គណៈកម្មការ​ចុះ​ស៊ើប​ អង្កេត​ក្នុង​រឿង​នេះ​ ដើម្បី​ដាក់​ជូន​តុលា​ ការ​ ប៉ុន្ដែ​មន្ដ្រី​ដែល​ចុះ​ទៅ​ពិនិត្យ​សាកសួរ​ ជុំវិញ​ករណី​នេះ​ បាន​ក្លាយទៅជា​អ្នក​ដែល​ ព្យាយាម​ស្វែងរក​ផលប្រយោជន៍​ពី​លោក​ អ៊ុ​ក​ ដា​រ៉ា​ន់​ ទៅ​វិញ​ ទើប​ប្រជាពលរដ្ឋ​ រាប់រយ​គ្រួសារ​ក្នុងភូមិ​ធ្វើការ​តវ៉ា​និង​ ចោទប្រកាន់​ថា​ ការ​ចុះ​អង្កេត​របស់​ គណៈកម្មការ​មន្ដ្រី​យោធា​ភូមិភាគ​៥​សំឡឹង​ ឃើញ​តែ​ប្រយោជន៍​ មិន​បាន​ផ្ដល់​ភាព​ យុត្ដិធម៌​ដល់​ប្រជាពលរដ្ឋ​ជា​ជន​រង​គ្រោះ​។​

​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ពី​អ្នក​ភូមិ​ រាប់រយ​គ្រួសារ​មក​លើ​មន្ដ្រី​យោធា​ភូមិ​ ភាគ​៥​ចុះ​មក​អង្កេត​ ហើយ​ឃុបឃិត​គ្នា​ ជាមួយនឹង​លោក​ អ៊ុ​ក​ ដារ៉ាន់​ នោះ​ នគរវត្ដ​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ ប៊ុ​ន​ សេង​ មេបញ្ជាការ​យោធភូមិ​ភាគ​ ទី​៥​ ដោយ​ទូរស័ព្ទ​ដាក់​ប្រព័ន្ធ​ជាប់រ​វិល​ ៕