
កម្ពុជានិងឥណ្ឌូនេស៊ីនៅមានសក្ដានុពលអាចសហប្រតិបត្ដិការគ្នាច្រើនទៀត
ភ្នំពេញ ៖ ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីនៅមានសក្ដានុពលយ៉ាងច្រើនដែលអាចសហប្រតិបត្ដិការគ្នាដូចជាលើវិស័យកសិកម្មការតម្លើងរោងចក្រសម្រាប់ផលិតសម្ភារផ្សេងៗ សម្រាប់នាំចេញទៅក្រៅប្រទេសនេះបើតាម ប្រសាសន៍បញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបសម្ដែងការគួរសមរបស់លោក Marzuki Alie ប្រធានសភាប្រទេសឥណ្ឌូនេស៊ី និងជាប្រធានអាយប៉ាជាមួយសម្ដេចតេជោនៅវិមានសន្ដិភាពនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ លោក Marzuki Alie បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានទទួលរូបលោក និងគណៈប្រតិភូយ៉ាងកក់ក្ដៅ ។ លោកមានក្ដីសប្បាយរីករាយ ដែលបានឃើញទំនាក់ទំនងដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា នឹងប្រទេសឥណ្ឌូនេស៊ី ដែលមានការរីកចម្រើនយ៉ាងខ្លាំង ។
លោក Marzuki Alie បានស្វាគមន៍នូវរាល់កិច្ចសហប្រតិបត្ដិការទាំងឡាយរវាងព្រះរាជាណាចក្រកម្ពុជានឹងឥណ្ឌូនេស៊ីជាអាថ៌លើវិស័យកសិកម្ម ការនាំអង្ករចេញពីកម្ពុជាទៅកាន់ឥណ្ឌូនេស៊ីក្នុងមួយឆ្នាំប្រមាណ១០ម៉ឺនតោន ។
នៅក្នុងឱកាសនោះលោក Marzuki Alie ក៏បានជម្រាបសម្ដេចតេជោអំពីកិច្ចប្រជុំអាយប៉ាដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ដោយក្នុងនាមជាប្រធានអាយប៉ាលោកបានគោរពអញ្ជើញសម្ដេចតេជោចូលរួមក្នុងកិច្ចប្រជុំអាយប៉ាលើកទី៣៣ នៅប្រទេសឥណ្ឌូនេស៊ី ។
ជាការឆ្លើយតបសម្ដេចតេជោបាន ឯកភាពចំពោះការវាយតម្លៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានឹងឥណ្ឌូនេស៊ី ខណៈប្រទេសទាំង២នៅមានសក្ដានុពលយ៉ាងច្រើនដែលអាចសហប្រតិបត្ដិការគ្នាបាន ។ ដោយឡែកចំពោះបញ្ហានាំអង្ករចេញសម្ដេចតេជោបានបញ្ជាក់ថា គម្បីណាត្រូវជំរុញក្នុងក្របខ័ណ្ឌអាស៊ាន ហើយនេះគឺជាបញ្ហាមួយដែលពាក់ព័ន្ធទៅនឹងបញ្ហាសន្ដិសុខស្បៀង ។
សម្ដេចតេជោបន្ដថា ឥណ្ឌូនេស៊ីមានបច្ចេកវិទ្យា និងបទពិសោធន៍ដែលអាចនាំមកកម្ពុជាដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក ពិសេសលើវិស័យកសិកម្ម ។ក្នុងន័យនេះសម្ដេចតេជោបញ្ជាក់ថា បើអាចធ្វើទៅបាន គម្បីណាពិនិត្យបង្កើតរោងចក្រជី ឬរោងចក្រចំណីសត្វ ឬក៏រោង ចក្រអ្វីផ្សេងៗទៀត ដែលអាចទាញយកនូវផលិតផលកសិកម្មកម្ពុជាសម្រាប់បម្រើឱ្យរោងចក្រទាំងនោះ ហើយក៏សម្រាប់ការនាំចេញផងដែរ ។
ទន្ទឹនឹងនោះសម្ដេចតេជោក៏បានថ្លែងអំណរសាទរចំពោះលោក Marzuki Alie ដែលបានត្រូវតែងតាំងធ្វើជាប្រធានអាយប៉ា ហើយបានថ្លែងអំណរគុណចំពោះការអញ្ជើញរូបសម្ដេចឱ្យចូលរួមក្នុងកិច្ចប្រជុំអាយប៉ា ដោយសម្ដេចណែនាំឱ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីរៀបចំដំណើរ ទស្សនកិច្ចនេះជាមួយឥណ្ឌូនេស៊ី ៕
