កម្ពុជា​និង​ឥណ្ឌូ​នេ​ស៊ី​នៅ​មាន​សក្ដា​នុ​ពល​អាច​សហប្រតិបត្ដិការ​គ្នា​ច្រើន​ទៀត​

ដោយ​ ៖ មរតក ថ្ងៃទី 08 កញ្ញា 2012ម៉ោង 10:31:45

ភ្នំពេញ​ ៖​ ប្រទេស​កម្ពុជា​ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​មាន​សក្ដានុពល​យ៉ាងច្រើន​ដែល​អាច​សហប្រតិបត្ដិការ​គ្នា​ដូច​ជា​លើ​វិស័យ​កសិកម្ម​ការ​តម្លើង​រោងចក្រ​សម្រាប់​ផលិត​សម្ភារ​ផ្សេងៗ​ សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​នេះ​បើ​តាម​ ប្រសាសន៍​បញ្ជាក់​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​របស់​លោក​ Marzuki​ Alie​ ប្រធាន​សភា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ជា​ប្រធាន​អាយ​ប៉ា​ជាមួយ​សម្ដេច​តេ​ជោ​នៅ​វិមាន​សន្ដិភាព​នា​រសៀល​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក​ Marzuki​ Alie​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​ទទួល​រូប​លោក​ និង​គណៈប្រតិភូ​យ៉ាង​កក់ក្ដៅ​ ។​ លោក​មាន​ក្ដី​សប្បាយ​រីករាយ​ ដែល​បានឃើញ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា​ នឹង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ ។​

​លោក​ Marzuki​ Alie​ បាន​ស្វាគមន៍​នូវ​រាល់​កិច្ច​សហប្រតិបត្ដិការ​ទាំងឡាយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ឥណ្ឌូ​នេ​ស៊ី​ជា​អាថ៌​លើ​វិស័យ​កសិកម្ម​ ការ​នាំ​អង្ករ​ចេញពី​កម្ពុជា​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​១០​ម៉ឺន​តោន​ ។​

​នៅ​ក្នុង​ឱកាស​នោះ​លោក​ Marzuki​ Alie​ ក៏​បាន​ជម្រាប​សម្ដេច​តេ​ជោ​អំពី​កិច្ចប្រជុំ​អាយ​ប៉ា​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១២​ ដោយ​ក្នុង​នាម​ជា​ប្រធាន​អាយ​ប៉ា​លោក​បាន​គោរព​អញ្ជើញសម្ដេច​តេ​ជោ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​អាយ​ប៉ា​លើក​ទី​៣៣​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​បាន​ ឯកភាព​ចំពោះ​ការ​វាយតម្លៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​នឹង​ឥណ្ឌូ​នេ​ស៊ី​ ខណៈ​ប្រទេស​ទាំង​២​នៅ​មាន​សក្ដានុពល​យ៉ាង​ច្រើន​ដែល​អាច​សហប្រតិបត្ដិការ​គ្នា​បាន​ ។​ ដោយឡែក​ចំពោះ​បញ្ហា​នាំ​អង្ករ​ចេញ​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​ គ​ម្បី​ណា​ត្រូវ​ជំរុញ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ ហើយ​នេះ​គឺជា​បញ្ហា​មួយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សន្ដិសុខ​ស្បៀង​ ។​

​សម្ដេច​តេ​ជោ​បន្ដ​ថា​ ឥណ្ឌូ​នេ​ស៊ី​មាន​បច្ចេកវិទ្យា​ និង​បទ​ពិសោធន៍​ដែល​អាច​នាំ​មក​កម្ពុជា​ដើម្បី​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពិសេស​លើ​វិស័យ​កសិកម្ម​ ។​ក្នុង​ន័យ​នេះ​សម្ដេច​តេ​ជោ​បញ្ជាក់​ថា​ បើ​អាច​ធ្វើ​ទៅ​បាន​ គ​ម្បី​ណា​ពិនិត្យ​បង្កើត​រោង​ចក្រ​ជី​ ឬ​រោងចក្រ​ចំណី​សត្វ​ ឬ​ក៏​រោង​ ចក្រ​អ្វី​ផ្សេងៗ​ទៀត​ ដែល​អាច​ទាញ​យក​នូវ​ផលិតផល​កសិកម្ម​កម្ពុជា​សម្រាប់​បម្រើ​ឱ្យ​រោងចក្រ​ទាំងនោះ​ ហើយ​ក៏​សម្រាប់​ការ​នាំ​ចេញ​ផង​ដែរ​ ។​

​ទ​ន្ទឹ​នឹង​នោះ​សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែង​អំណរ​សាទរ​ចំពោះ​លោក​ Marzuki​ Alie​ ដែល​បាន​ត្រូវ​តែងតាំង​ធ្វើ​ជា​ប្រធាន​អាយ​ប៉ា​ ហើយ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​អញ្ជើញ​រូប​សម្ដេច​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាយ​ប៉ា​ ដោយ​សម្ដេច​ណែនាំ​ឱ្យ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី​រៀបចំ​ដំណើរ​ ទស្សនកិច្ច​នេះ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​ ៕