
ជនជាតិស្វីសជិះម៉ូតូបុកទ្រូងផ្លូវស្លាប់នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បុរសជនជាតិស្វីសម្នាក់បានជិះម៉ូតូបុករបាំងថ្មចែកទ្រូងផ្លូវ តាមបណ្តោយវិថីឯករាជ្យ ក្នុងក្រុងព្រះសីហនុ បែកក្បាលនិងបាក់ឆ្អឹកផ្គាមស្លាប់នៅនឹងកន្លែង កាលពីវេលាទៀបភ្លឺ ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១២ ក្នុងភូមិ៤សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ ។ រីឯស្ត្រីម្នាក់រួមដំណើររងរបួសស្រាល បានប្រមូលទ្រព្យសម្បត្តិគេចខ្លួនបាត់ស្រមោល ។
នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាវស្ន័រ ខាស្ភើស៊ូខេម (WAVZNER KASPER ZOKEM ) អាយុ៣៩ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ56615948 មកប្រទេសកម្ពុជាជាអ្នកទេសចរ។ប្រភពបានបន្តថា ជនរងគ្រោះ មានអាការៈស្រវឺងជោក ហើយបើកបរម៉ូតូឌុបស្រីស្នេហ៍តាមបណ្តោយផ្លូវវិថីឯករាជ្យ ក្នុងក្រុងព្រះសីហនុ លុះមកដល់ចំណុចផ្លូវបំបែកជាប់របងមន្ទីរសុខាភិបាលខេត្ត ក្នុងភូមិ៤សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជនរងគ្រោះបានបើកបុកខឿនសុវត្តិភាពពុះទ្រូងផ្លូវ បណ្តាលឲ្យជនរងគ្រោះបានផ្លោងទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបែកលលាដ៍ក្បាល និងបាក់ឆ្អឹកផ្គាមស្លាប់នៅនិងកន្លែង ។
ប្រភពដដែលបានបន្តទៀតថា ក្រោយឧបទ្ទវហេតុនេះកើតឡើង គេឃើញស្ត្រីម្នាក់រួមដំណើរជាមួយរងរបួសស្រាល ហើយបានអង្គុយយំនៅជិតសាកសពជនរងគ្រោះ មួយសន្ទុះស្ត្រីរូបនោះបានគេចខ្លួនបាត់ស្រមោលទៅ ចំណែកជនរងគ្រោះពុំមានបន្សល់ទុកនូវអ្វីជាការកត់សម្គាល់អត្តសញ្ញាណនោះទេ ។
រីឯម៉ូតូ មានម៉ាក អ៊ែប្លែត (AIR BLACK) ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1Q-0332 ពណ៌ក្រហម ក៏មានលិខិតសម្គាល់យានយន្តរបស់ឈ្មោះ យី សេងកេង រស់នៅភូមិកំពង់ស្វាយក្រាម ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្តាល ដូចនេះអាចបញ្ជាក់ថា ជនរងគ្រោះមិនមែនស្នាក់នៅក្នុងក្រុងព្រះសីហនុទេ គឺគាត់បានមកកំសាន្ត រយះពេលខ្លីតែប៉ុណ្ណោះ ។
សាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនទៅស្ថានទូតបញ្ជូនទៅស្រុកកំណើតវិញ ៕
