
វិចារណកថាៈនរណាមិនឱ្យ សម រង្ស៊ី ចូលស្រុក?
ដោយ ៖ នួន នរិន្រ្ទ ថ្ងៃទី 04 តុលា 2012ម៉ោង 07:53:01
ជាថ្មីម្ដងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសថា លោកនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោត ឆ្នាំ២០១៣ខាងមុខ ។ លោកបានអះអាងថា នឹងចូលស្រុក “ឆាប់ៗ”។ ស្រប ពេលជាមួយគ្នានេះ មន្ដ្រីគណបក្សប្រឆាំងមិនប្រាកដប្រជាទេថា តើគណបក្ស សម រង្ស៊ី, គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិដែលទើបតែកើតថ្មី អាចនឹងចូលរួមបោះឆ្នោតដែរឬអត់ ប្រសិនបើក្រសួងមហាផ្ទៃមិនទទួលយក សំណូមពររបស់ពួកខ្លួន ក្នុងការសម្រួលសមាសភាពគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតនោះ។ បើសិនជាគ.ជ.ប.មិនមានការកែសម្រួលសមាសភាព មានន័យថា គណបក្សប្រឆាំងមិនចូលរួមបោះឆ្នោតទេ ដូច្នេះតើប្រយោជន៍អី ដែលលោកសម រង្ស៊ី ត្រូវប្រកាសកំណត់ពេលចូលស្រុក?
លោក សម រង្ស៊ី បាននិយាយថា ខ្លួនមិនចូលស្រុក ក្នុងនាមប្រធានគណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣ ។ ការលើកឡើងរបស់ លោក សម រង្ស៊ី ហាក់ដូចជាកម្ពុជាសម្រាប់តែបុគ្គលណាម្នាក់ ដែលហាមឃាត់ មិនឱ្យលោកសម រង្ស៊ី ចូលយ៉ាងដូច្នោះ។ ទ្វាររបស់កម្ពុជាបើកចំហមិនមែនត្រឹម តែលោកសម រង្ស៊ី ម្នាក់ប៉ុណ្ណោះទេ។ ជនានុជនកម្ពុជា សញ្ជាតិបរទេស ភ្ញៀវ ទេសចរបរទេសរាប់លាននាក់ក្នុង១ឆ្នាំៗ ចេញចូលកម្ពុជាដោយរីករាយ ដែល មិនមានការហាមឃាត់ណាមួយនោះឡើយ។ ដូច្នេះលោក សម រង្ស៊ី ក្នុងនាម ឈាមជ័រជាខ្មែរ ដែលមានការទទួលខុសត្រូវចំពោះជោគវាសនាជាតិរបស់ខ្លួន នោះ ពិតជាមានសិទ្ធិចូលស្រុក១០០ភាគរយ។ គ្មាននរណាម្នាក់ដែលនឹងច្រាន ទ្រូងលោកសម រង្ស៊ី ពេលដែលលោកចុះដល់ព្រលានយន្ដហោះនោះឡើយ។
បញ្ហាថាតើគ្រប់គ្នាទាំងអ្នកសញ្ជាតិបរទេស ក៏ដូចសញ្ជាតិខ្មែររស់នៅក្រោម ដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រត្រូវតែគោរពច្បាប់របស់ប្រទេសនេះ។ លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ពាក់ព័ន្ធនឹងការដកតម្រុយបង្គោលព្រំដែននៅខេត្ដស្វាយរៀង។ តាំងពីពេលដែល តុលាការប្រកាសសាលក្រម លោក សម រង្ស៊ី មិនទាន់បានអនុវត្ដទោស១ថ្ងៃនៅ ឡើយទេ។ ដូច្នេះ នៅពេលដែលលោក សម រង្ស៊ី ចង់ចូលរួមប្រកួតប្រជែងការ បោះឆ្នោតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការបង្ហាញវត្ដមាននៅក្នុងប្រទេស ចាំ បាច់លោក សម រង្ស៊ី ក៏ត្រូវតែអនុវត្ដតាមច្បាប់របស់ប្រទេសនេះផងដែរ។
ប៉ុន្មានថ្ងៃនេះ ក្រុមអង្គការសង្គមស៊ីវិលអន្ដរជាតិនានា ក៏ដូចជាក្នុងស្រុកបាន វាយប្រហារមកលើរាជរដ្ឋាភិបាលក្រោយពេលដែលតុលាការប្រកាសសាលក្រម ផ្ដន្ទាសទោសលោកម៉ម សូណង់ដូ ឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ។ ការលើក ឡើងរបស់ក្រុមសង្គមស៊ីវិលដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំងហាក់ដូច ជាចង់ឱ្យរាជរដ្ឋាភិបាល, រដ្ឋសភា ក៏ដូចជាព្រឹទ្ធសភាចែងច្បាប់ផ្ដល់សិទ្ធិដល់ ក្រុមអ្នកប្រឆាំងថា ពួកគេ “គ្មានទោសត្រូវជាប់គុក” នោះទេ។ បើយ៉ាងនេះ តើ ពួកគេគួរតែរស់នៅក្រោមដំបូលមេឃព្រះរាជាណាចក្រកម្ពុជាដែរឬទេ? បើ តាមគំនិតរបស់លោក ប្រេដ អាដាម លោកសម រង្ស៊ី ក្ដី, លោកម៉ម សូណង់ដូ ក្ដី មិនត្រូវជាប់គុកនោះទេ បើទោះជាប្រព្រឹត្ដខុសច្បាប់ប្រទេសយ៉ាងណាក៏ដោយ។ វាហាក់ដូចជាត្រូវផ្ដល់សិទ្ធិឱ្យក្រុមប្រឆាំងអាចរួចផុតពីច្បាប់។
អ្វីដែលក្រុមសង្គមស៊ីវិលបានលើកឡើង នោះហើយគឺជាសេរីភាព ដែលមិន គួរធ្វើឱ្យហួសព្រំដែននោះឡើយ។ អ្វីៗដែលពួកគេបានធ្វើនៅលើទឹកដីកម្ពុជាជា រឿងមួយដែលបាននិងកំពុងអនុវត្ដជំរុញឱ្យកម្ពុជាដើរលើនីតិរដ្ឋ។ ពាក្យសំដីវាយ ប្រហារមកលើរាជរដ្ឋាភិបាលនោះមានន័យថា វាជាទម្រង់និងជាគោលដៅនៃការ ចូលរួមចំណែកកសាងនីតិរដ្ឋនៅកម្ពុជា។ ប៉ុន្ដែទង្វើបែបនេះ កំពុងហួសហេតុ ជ្រុលពេក ដែលក្រុមសង្គមស៊ីវិលទាំងនោះចាប់បង្ខំឱ្យរាជរដ្ឋាភិបាលទទួលយកនូវ អ្វីដែលជាការបំពានច្បាប់របស់ប្រទេស ដែលច្បាប់នោះ ក៏ជាការរួមចំណែកចង ក្រងដល់ក្រុមគណបក្សប្រឆាំងនោះផងដែរ។ មានន័យថា គណបក្សប្រឆាំងបាន ចូលរួមចំណែកធ្វើច្បាប់ ប៉ុន្ដែពួកគេបែរជាមិនស្ថិតនៅក្រោមសំណាញ់ច្បាប់ នោះទៅវិញ។ ធ្វើបែបនេះ មិនយុត្ដិធម៌សម្រាប់មនុស្សទាំងអស់ទេ។
ក្រុមសង្គមស៊ីវិលចង់ឱ្យកម្ពុជាដើរលើនីតិរដ្ឋ ក៏ប៉ុន្ដែពួកគេមិនចង់ឱ្យមនុស្ស ទាំងអស់គ្នាស្ថិតនៅក្រោមច្បាប់នោះឡើយ។ ជាក់ស្ដែង អ្វីដែលលោក ប្រេដ អាដាម បានលើកឡើង គឺមិនចង់ឱ្យលោកសម រង្ស៊ី ឬលោក ម៉ម សូណង់ដូ ស្ថិត នៅក្រោមច្បាប់នោះទេ។ ហេតុអ្វីបានជាមិនជំរុញឱ្យក្រុមគណបក្សប្រឆាំងនាំគ្នា គោរពច្បាប់ ឬនៅក្រោមច្បាប់ទាំងអស់គ្នា។ មានន័យថា លោក ប្រេដ អាដាម គឺជាអ្នកគាំទ្រផ្កាប់មុខ មិនគិតមុខគិតក្រោយ មិនគិតអំពីយុត្ដិធម៌ សម្រាប់ ប្រជាពលរដ្ឋទូទៅនោះឡើយ គឺគាត់គិតតែក្រុមអ្នកប្រឆាំងប៉ុណ្ណោះ។ ពិតហើយ អ្វីដែលលោកសម រង្ស៊ី លើកឡើង គឺជាភាពត្រឹមត្រូវដែលគ្មាននរណាហាម ឃាត់ចំពោះការបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្ដែ លោកក៏ត្រូវអនុវត្ដ ច្បាប់នៅក្នុងប្រទេសនេះផងដែរ មិនមែនរួចផុតពីការចោទប្រកាន់តាមផ្លូវច្បាប់ នោះទេ។ ដូចគ្នានេះដែរ លោក ម៉ម សូណង់ដូ ក៏ត្រូវអនុវត្ដតាមច្បាប់ដូចគ្នា។
ជារួមទៅ ដើម្បីឱ្យកម្ពុជាដើរនៅលើផ្លូវនីតិរដ្ឋ គឺគ្រប់ៗគ្នា ទាំងអ្នកប្រឆាំង ក៏ដូចជាសង្គមស៊ីវិល, អ្នកមិនប្រឆាំង, អ្នកគាំទ្រ... ទាំងអស់គ្នាត្រូវនៅក្រោម ច្បាប់។ ការជំរុញបែបនេះ ទើបកម្ពុជាអាចក្លាយជានីតិរដ្ឋទៅតាមការចង់បានពី គ្រប់អ្នកទាំងអស់គ្នា។ មិនមែនឱ្យអ្នកគាំទ្ររដ្ឋាភិបាលគោរពច្បាប់ ហើយក្រុមអ្នក ប្រឆាំងរួចផុតពីសំណាញ់ច្បាប់នោះឡើយ។ ទាំងអស់គ្នានៅក្រោមច្បាប់ បើទោះ បីជាលោកសម រង្ស៊ី, លោក ម៉ម សូណង់ដូ មានសញ្ជាតិ២ ក៏ត្រូវតែគោរពច្បាប់ទាំងអស់គ្នា។ គោរពច្បាប់ទាំងអស់គ្នា ទើបកម្ពុជារីកចម្រើននិងមានការអភិវឌ្ឍឆាប់រហ័ស ៕
