
ការប្រកួតកីឡាអបអរពិធីបុណ្យសមុទ្រឆ្នាំនេះគ្រោងធ្វើនៅខេត្តកែប
ដោយ ៖ យឺន ពន្លឺ ថ្ងៃទី 04 តុលា 2012ម៉ោង 09:29:01
ភ្នំពេញ ៖ បើតាមអគ្គលេខាធិការគណៈកម្មាធិការជាតិអួឡាំពិកកម្ពុជា បានឲ្យដឹងថា បុណ្យសមុទ្រឆ្នាំនេះគ្រោងនឹងធ្វើឡើងនៅខេត្តកែប នឹងមានកីឡាចំនួន៩ប្រភេទដាក់ឲ្យប្រកួត និងទស្សនារយ:ពេល២ថ្ងៃពីថ្ងៃទី២៩ ដល់៣០ធ្នូ ឆ្នាំ២០១២ ។ ខណៈដែលកាលពីឆ្នាំ២០១១ ពិធីបុណ្យសមុទ្របែបនេះ ធ្វើនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលនៅក្នុងពិធីបុណ្យកាលនោះមានកីឡាតែ៧ប្រភេទយកទៅធ្វើការប្រកួតប៉ុណ្ណោះ។
កីឡាទាំង៩ប្រភេទដែលគ្រោងនឹងយកទៅប្រកួត និងសំដែងក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ មានប្រភេទ កីឡាហែលទឹកដែលមានហែលក្នុងវិញ្ញាសា៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ។ ប្រភេទកីឡារត់ដែលមានវិញ្ញាសារត់៣គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ ។ ប្រភេទកីឡាប្រណាំងទូក ដែលមានប្រភេទទូកក្ដោង ទូក ផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូកប្រពៃណីខ្នាតអន្តរជាតិ ។ ប្រភេទកីឡាទ្រីយ៉ាត្លុង ឬ Duathlon ប្រភេទបាល់ទះលើឆ្នេរខ្សាច់ ប្រដាល់ក្បាច់គុនបូរាណខ្មែរ ប្រភេទកីឡាម៉ូតូលើទឹក (Jetsky) កីឡាជិះម៉ាស៊ីនហោះ(Paragliding)ដែលប្រភេទកីឡានេះគឺជនបរទេសជា អ្នកលេងព្រោះខ្មែរយើងនៅមិនទាន់មានអ្នកលេងហើយក៏គ្មានសំភារៈផង។ មួយប្រភេទទៀតគឺកីឡារំអិលលើក្ដារ ដែលប្រភេទកីឡានេះយើងមានអ្នកលេង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នករៀបចំ ម្នាក់ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំបានអះអាងថា នៅពេលនោះលោកនឹងនាំយកទៅជាមួយនូវកីឡាចំនួន៩ប្រភេទ នេះដាក់ឲ្យប្រកួត និងទស្សនានាពេលនោះ ដើម្បីអបអរសាទរបុណ្យសមុទ្រនេះ និងក៏ជាកាអបអរសាទរដល់ឆ្នេរសមុទ្រកម្ពុជាដែលបានជាប់ជាឆ្នេរស្អាតជាងគេលើពិភពលោក ដែលជាខួបលើកទី២ផងដែរ ។ ក្រៅពីនោះ ក៏មានកីឡាករ កីឡាការិនីទៅពីភ្នំពេញជាង៣០០នាក់ដើម្បីចូលរួមប្រកួត ៕
