ការ​ប្រកួត​កីឡា​អបអរ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ​គ្រោង​ធ្វើ​នៅ​ខេត្ត​កែប​

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 04 តុលា 2012ម៉ោង 09:29:01

​ភ្នំពេញ​ ៖​ បើ​តាម​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អួ​ឡាំ​ពិ​ក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​កែប​ នឹង​មាន​កីឡា​ចំនួន​៩​ប្រភេទ​ដាក់​ឲ្យ​ប្រកួត​ និង​ទស្សនា​រយ​:​ពេល​២​ថ្ងៃ​ពី​ថ្ងៃ​ទី​២៩​ ដល់​៣០​ធ្នូ​ ឆ្នាំ​២០១២​ ។​ ខណៈ​ដែល​កាលពី​ឆ្នាំ​២០១១​ ពិធីបុណ្យ​សមុទ្រ​បែប​នេះ​ ធ្វើ​នៅ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះ​សីហ​នុ​ ដែល​នៅ​ក្នុង​ពិធីបុណ្យ​កាលនោះ​មាន​កីឡា​តែ​៧​ប្រភេទ​យក​ទៅ​ធ្វើការ​ប្រកួត​ប៉ុណ្ណោះ​។​

​កីឡា​ទាំង​៩​ប្រភេទ​ដែល​គ្រោង​នឹង​យក​ទៅ​ប្រកួត​ និង​សំដែង​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ មាន​ប្រភេទ​ កីឡាហែលទឹក​ដែល​មាន​ហែល​ក្នុង​វិញ្ញាសា​៣​គីឡូម៉ែត្រ​ និង​៥​គីឡូម៉ែត្រ​ ។​ ប្រភេទ​កីឡា​រត់​ដែល​មាន​វិញ្ញាសា​រត់​៣​គីឡូម៉ែត្រ​  និង​រត់​៥​គីឡូម៉ែត្រ​ ។​ ប្រភេទ​កីឡា​ប្រណាំងទូក​ ដែល​មាន​ប្រភេទ​ទូកក្ដោង​ ទូក​ ផ្កាចារ​ ទូក​កា​នូ​ ទូក​កា​យ៉ាក់​ និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ ។​ ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ ឬ​  Duathlon​ ប្រភេទ​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​ ប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​ ប្រភេទ​កីឡា​ម៉ូតូ​លើ​ទឹក​ (Jetsky)​ កីឡា​ជិះ​ម៉ាស៊ីន​ហោះ​(Paragliding)​ដែល​ប្រភេទ​កីឡា​នេះ​គឺ​ជនបរទេស​ជា​ អ្នកលេង​ព្រោះ​ខ្មែរ​យើង​នៅ​មិន​ទាន់​មាន​អ្នកលេង​ហើយ​ក៏​គ្មាន​សំភារៈ​ផង​។​ មួយ​ប្រភេទ​ទៀត​គឺ​កីឡា​រំអិល​លើ​ក្ដារ​ ដែល​ប្រភេទ​កីឡា​នេះ​យើង​មាន​អ្នកលេង​។​

​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​អ្នក​រៀបចំ​ ម្នាក់​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​បាន​អះអាង​ថា​ នៅ​ពេល​នោះ​លោក​នឹង​នាំ​យក​ទៅ​ជាមួយ​នូវ​កីឡា​ចំនួន​៩​ប្រភេទ​ នេះ​ដាក់​ឲ្យ​ប្រកួត​ និង​ទស្សនា​នា​ពេល​នោះ​ ដើម្បី​អបអរសាទរ​បុណ្យ​សមុទ្រ​នេះ​ និង​ក៏​ជា​កា​អបអរសាទរ​ដល់​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​លើ​ពិភពលោក​ ដែល​ជា​ខួប​លើក​ទី​២​ផង​ដែរ​ ។​ ក្រៅពី​នោះ​ ក៏​មាន​កីឡាករ​ កីឡាការិនី​ទៅ​ពី​ភ្នំពេញ​ជាង​៣០០​នាក់​ដើម្បី​ចូលរួម​ប្រកួត​ ៕