ចោរហារយ​លួច​ស្ទើរតែ​រាល់ថ្ងៃ​នៅ​ម្ដុំ​ផ្ទះល្វែង​ភូមិ​ដើម​ដូង​សង្កាត់​ទឹកថ្លា​

ដោយ​ ៖ អ៊ុំ​ ណូន|ថ្ងៃទី 10 តុលា 2012 ម៉ោង 14:40:10

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ជា​ច្រើន​ គ្រួសារ​ដែល​រស់នៅ​ក្នុងផ្ទះ​ល្វែង​មិន​មាន​ ស្លាក​យីហោ​ តាម​បណ្ដោយ​ផ្លូវ​លេខ​ ២០០៤(​ម៉ៃ​ដា​)​ក្នុងភូមិ​ទឹកថ្លា​(​ហៅ​ភូមិ​ ដើម​ដូង​)​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ បាន​និយាយ​ឱ្យ​នគរវត្ដ​ដឹង​ថា​ ពួក​គាត់​ រស់នៅ​សព្វថ្ងៃ​មានការ​ភ័យ​ខ្លាច​យ៉ាង​ ខ្លាំង​ដោយសារ​តែ​មាន​ភាព​អសន្ដិសុខ​ ដោយ​ក្រុម​ចោរហារយ​មិន​ថា​ពេល​យប់​ ឬ​ពេល​ថ្ងៃ​នោះ​ទេ​ ពួក​គេ​តែងតែ​ធ្វើ​ សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​ លួច​ សម្ភារ​ដូច​ជា​កង់​ម៉ូតូ​ កាច់​កញ្ចក់​រថយន្ដ​ លួច​ខោអាវ​ដាក់​ហាល​ អា​គុយ​រថយន្ដ​ ជា​ច្រើន​ទៀត​ ។​

ពួក​គាត់​បន្ដ​ទៀត​ថា​ ដោយសារ​តែ​មាន​ក្រុម​ចោរលួច​ទាំង​ យប់​ទាំង​ថ្ងៃ​បែប​នេះ​ ពួក​គាត់​សំណូមពរ​ ដល់​មេ​ភូមិ​ ក៏​ដូច​ជា​នាយ​ប៉ុស្ដិ៍​នគរបាល​ ទឹកថ្លា​ មេត្ដា​ជួយ​ដាក់​កម្លាំង​នគរបាល​ ជួយ​ការពារ​សន្ដិសុខ​ ក៏​ដូច​ជា​យាម​ទ្រព្យ​ សម្បត្ដិ​របស់​ពួក​គាត់​ផង​ ជា​ពិសេស​ សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ មាន​ លោក​មេ​ភូមិ​នៅ​ពេល​ដែល​មាន​មនុស្ស​ មក​ស្នាក់​នៅ​ថ្មីៗ​ ឬ​ក៏​មក​ជួល​ផ្ទះ​ស្នាក់​ នៅ​ មេត្ដា​ពិនិត្យ​ឱ្យ​បាន​ល្អិតល្អន់​ផង​ ។​

​ពួក​គាត់​បន្ដ​ទៀត​ថា​ រាល់ថ្ងៃ​ពួក​គាត់​ រវល់​តែ​ការ​រកស៊ី​ចិញ្ចឹមជីវិត​ ដូច្នេះ​ ហើយ​រឿង​សន្ដិសុខ​សុវត្ថិភាព​ គឺ​ពឹងផ្អែក​ ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ ជា​ពិសេស​ កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ជួយ​មើល​ ការ​ខុស​ត្រូវ​បញ្ហា​នេះ​ផង​ បើ​ពុំ​ដូច្នោះ​ទេ​ ពួក​ចោរហារយ​បង្ក​ការ​អុកឡុក​ក្នុងភូមិ​ គ្មាន​អ្នក​ណា​ហ៊ាន​ដេក​ពួន​បាន​ឡើយ​ ។​

​ជា​ចុង​ក្រោយ​ពួក​គាត់​សង្ឃឹមថា​ លោក​មេ​ភូមិ​ និង​លោកនាយ​ប៉ុស្ដិ៍​នឹង​ ជួយ​មើល​ការ​ខុស​ត្រូវ​រាល់​បញ្ហា​ពួក​គាត់​ សំណូមពរ​ដូច​ខាងលើ​នេះ​ជា​មិន​ខាន​ ៕