
ចោរហារយលួចស្ទើរតែរាល់ថ្ងៃនៅម្ដុំផ្ទះល្វែងភូមិដើមដូងសង្កាត់ទឹកថ្លា
ដោយ ៖ អ៊ុំ ណូន ថ្ងៃទី 10 តុលា 2012ម៉ោង 14:40:10
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារដែលរស់នៅក្នុងផ្ទះល្វែងមិនមាន ស្លាកយីហោ តាមបណ្ដោយផ្លូវលេខ ២០០៤(ម៉ៃដា)ក្នុងភូមិទឹកថ្លា(ហៅភូមិ ដើមដូង) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាននិយាយឱ្យនគរវត្ដដឹងថា ពួកគាត់ រស់នៅសព្វថ្ងៃមានការភ័យខ្លាចយ៉ាង ខ្លាំងដោយសារតែមានភាពអសន្ដិសុខ ដោយក្រុមចោរហារយមិនថាពេលយប់ ឬពេលថ្ងៃនោះទេ ពួកគេតែងតែធ្វើ សកម្មភាពលួចកាច់សោ.កម៉ូតូ លួច សម្ភារដូចជាកង់ម៉ូតូ កាច់កញ្ចក់រថយន្ដ លួចខោអាវដាក់ហាល អាគុយរថយន្ដ ជាច្រើនទៀត ។
ពួកគាត់បន្ដទៀតថា ដោយសារតែមានក្រុមចោរលួចទាំង យប់ទាំងថ្ងៃបែបនេះ ពួកគាត់សំណូមពរ ដល់មេភូមិ ក៏ដូចជានាយប៉ុស្ដិ៍នគរបាល ទឹកថ្លា មេត្ដាជួយដាក់កម្លាំងនគរបាល ជួយការពារសន្ដិសុខ ក៏ដូចជាយាមទ្រព្យ សម្បត្ដិរបស់ពួកគាត់ផង ជាពិសេស សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន មាន លោកមេភូមិនៅពេលដែលមានមនុស្ស មកស្នាក់នៅថ្មីៗ ឬក៏មកជួលផ្ទះស្នាក់ នៅ មេត្ដាពិនិត្យឱ្យបានល្អិតល្អន់ផង ។
ពួកគាត់បន្ដទៀតថា រាល់ថ្ងៃពួកគាត់ រវល់តែការរកស៊ីចិញ្ចឹមជីវិត ដូច្នេះ ហើយរឿងសន្ដិសុខសុវត្ថិភាព គឺពឹងផ្អែក ទៅលើអាជ្ញាធរមូលដ្ឋាន ជាពិសេស កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយមើល ការខុសត្រូវបញ្ហានេះផង បើពុំដូច្នោះទេ ពួកចោរហារយបង្កការអុកឡុកក្នុងភូមិ គ្មានអ្នកណាហ៊ានដេកពួនបានឡើយ ។
ជាចុងក្រោយពួកគាត់សង្ឃឹមថា លោកមេភូមិ និងលោកនាយប៉ុស្ដិ៍នឹង ជួយមើលការខុសត្រូវរាល់បញ្ហាពួកគាត់ សំណូមពរដូចខាងលើនេះជាមិនខាន ៕
