
សៅ ប៊ុននឿន ត្រូវជួបប្រកួតជាមួយខ្លាចាស់ ខុន ចាន់ថន(សារឹម វ៉ាន់ថន) នៅប៉ុស្ដិ៍លេខ៣
ដោយ ៖ យឺន ពន្លឺ ថ្ងៃទី 12 តុលា 2012ម៉ោង 11:14:16
ភ្នំពេញ ៖ នេះជាលើកទី១ហើយដែល អ្នកប្រដាល់ សៅ ប៊ុននឿន ត្រូវបានគេ ផ្គូរផ្គងឱ្យជួបប្រកួតជាមួយខ្លាចាស់ ខុន ចាន់ថន ដែលឈ្មោះពិតរបស់គេនោះគឺ សារឹម វ៉ាន់ថន នៅលើសង្វៀនប៉ុស្ដិ៍ លេខ៣នារសៀលថ្ងៃសៅរ៍ទី១៣ខែតុលា នេះក្នុងទម្ងន់៦៥គីឡូក្រាម ។
ខុន ចាន់ថន ឥឡូវនេះមិនដូចពី មុនឡើយ ពោលគឺមិនសូវល្អនិងខ្លាំង ដូចកាលពីគេនៅប្រកួតក្នុងទម្ងន់៥៧គ. ក្រនោះទេ ។ ពេលនេះ ចាន់ថន ប្រកួត ក្នុងប្រភេទទម្ងន់៦៥គ.ក្រ ឯណោះ ។ ចលនាប្រកួតរបស់គេរាងយឺតជាងមុន ហើយកណ្ដាប់ដៃក៏លែងសូវរហ័សដូច មុនដែរ ។ ការប្រកួតចុងក្រោយរបស់ ខុន ចាន់ថន ត្រូវបានគណៈកម្មការ បណ្ដេញចុះពីសង្វៀន ដោយសារតែ ប្រកួតមិនអស់លទ្ធភាព ធ្វើជាចាញ់ ផាវ ភឿត នៅក្នុងទឹកទី២កាលពីចុងឆ្នាំ ២០១១ នៅលើសង្វៀនស៊ីធីអិន ។
រវាង សៅ ប៊ុននឿន នឹង ខុន ចាន់ថន នេះគេមិនអាចទស្សន៍ទាយមុនបានទេថាអ្នកណាឈ្នះអ្នកណាចាញ់នោះ បើទោះ ជា សៅ ប៊ុននឿន ឡើងសង្វៀនក្រោយ ចាន់ថន ក៏ដោយ ។ តែ ប៊ុននឿន គេនៅតែមានផ្លែល្អដដែល ដោយអន់តែ កម្លាំងប៉ុណ្ណោះ ។ ចាំមើល ប៊ុននឿន គេអាចយកឈ្នះ ខុន ចាន់ថន បានឬអត់ ?
សៅ ប៊ុននឿន អ្នកណាក៏ស្គាល់គេ ដែរ ព្រោះគេប្រកួតមិនចេះខ្លាច ដើរ ចូលវ៉ៃគូប្រកួតជានិច្ច ។ ជាអ្នកប្រដាល់ ដែលអាងលើកម្លាំងបាយនោះ ប៊ុននឿន មិនចេះញញើតទេ ទោះអ្នកនោះជាជើង ខ្លាំងជាងខ្លួនក៏ដោយ ។ គេប្រកួតចុង ក្រោយវាយឈ្នះអ្នកប្រដាល់ ពុទ្ធ ហ៊ុច ក្លិបពុទ្ធសេរីវង្ស ដោយពិន្ទុ ។ ខុន ចាន់ ថន លើកនេះអាចមានការពិបាកហើយ ដែលត្រូវប្រកួតជាមួយ សៅ ប៊ុននឿន ។
លួន សុខខេង អ្នកប្រដាល់ក្លិបសិង្ហកីឡា បានសុំឡើងជម្រះបញ្ជីជាមួយ នួន ភីរក្ស អ្នកប្រដាល់សមាគមកីឡាក្រសួង មហាផ្ទៃនៅលើសង្វៀននេះដែរ ។ នួន ភីរៈ ជាអ្នកប្រដាល់ជើងចាស់ ធ្លាប់អង្រួនសង្វៀនប្រដាល់ឱ្យកក្រើក និងធ្លាប់ទទួលបាននូវការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងកក់ក្ដៅបំផុត ។ គេនៅ ចាំបានថា កាលពីដើមឆ្នាំ២០០៩កន្លងមក នួន ភីរៈ បានចូលរួមប្រកួតក្នុង ព្រឹត្ដិការណ៍ដណ្ដើមខ្សែក្រវាត់K-cement នៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ប៉ុន្ដែ ភីរៈ មិនទទួលបានលទ្ធផលល្អទេ ។ តាមពិត ទៅ នួន ភីរៈ និង លួន សុខខេង គឺជា គូប្រកួតចាស់ធ្លាប់មានប្រវត្ដិជួបគ្នាពី អតីតកាលញឹកញាប់រួចមកហើយ ។ មួយរយៈនៃការបាត់មុខរបស់ នួន ភីរៈ កន្លងមកនេះ លួន សុខខេង គេនៅរក្សា វិជ្ជាគុនបានល្អដដែល ។ ចំណែក នួន ភីរៈ ដែលគេដឹងថា ធ្លាប់មានសមត្ថភាពខ្ពស់ ក្នុងការប្រយុទ្ធនោះឆ្លង កាត់ការអាក់ ខានប្រកួតក្នុងរយៈពេលយូរបែបនេះ មិនដឹងថា គេអាចរក្សាវិជ្ជាគុនបាន កម្រិតណាឡើយ ។ ពេលនេះ នួន ភីរៈ ទំនងជាមិនឈ្នះ លួន សុខខេង ទេ ។
អ្នកប្រដាល់ទាំង២នាក់នេះធ្លាប់ជួប គ្នាចំនួន៤លើកហើយ ដែលក្នុងនោះ សុខខេង វាយចាញ់ ភីរៈ ដោយពិន្ទុ ២លើកនិងចាញ់ក្នុងទឹកទី៤មួយលើក ។ សុខខេង ធ្លាប់បានវាយឈ្នះពិន្ទុ នួន ភីរៈ ម្ដងនាចុងខែវិច្ឆិកា២០១១នៅស្ដាត ចាស់ ។ ជួបគ្នាលើកចុងក្រោយបំផុត គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ នួន ភីរៈ ឈ្នះ សុខខេង ដោយពិន្ទុ ។
លួន សុខខេង បច្ចុប្បន្ននេះមានការ រីកចម្រើនខាងក្បាច់ប្រដាល់ច្រើន ។ គេចេះទាត់ ចេះប្រើកណ្ដាប់ដៃទាំងពីរ ដែលខុសពីមុនគេចេះតែវ៉ៃដៃម្ខាង ប៉ុណ្ណោះ ។ ជាមួយនឹងមានកណ្ដាប់ដៃល្អ កម្លាំងកាយសម្បទារបស់គេក៏រឹងមាំ ទៀត ។ ការប្រកួតចុងក្រោយរបស់ គេគឺវាយឈ្នះ ឡុង សុវណ្ណពៅ អ្នកប្រដាល់ក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ។ ទោះជាបែបនេះក៏ដោយ ក៏ការប្រកួត លើកនេះគេមិនហ៊ានអះអាងថា សុខខេង វាយឈ្នះ នួន ភីរៈ នោះដែរ សម្រាប់ការជួបគ្នាជម្រះបញ្ជីនេះ ។ ចាំមើលតើនរណាឈ្នះ ? ៕
