
បង្ហាញមុខកីឡាករ៦នាក់ត្រៀមប្រកួតកំពូលជើងឯកអាស៊ានវគ្គ២នៅស៊ីធីអិន
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១២កន្លងមក ស្ថានីយទូរទស្សន៍ស៊ីធីអិនបានរៀបចំ ធ្វើសន្និសីទកាសែតមួយស្ដីពីការប្រកួតកីឡាប្រដាល់កំពូលជើងឯកអាស៊ានវគ្គ២ ដោយបានបង្ហាញមុខកីឡាករកម្ពុជា ទាំង៦រូបដើម្បីត្រៀមស្វាគមន៍កីឡាករបរ ទេស៦នាក់ផ្សេងទៀតមកពីប្រទេសថៃ និងឡាវ ។ សម្រាប់ជំនួបប្រកួតលក្ខណៈ មិត្ដភាពអន្ដរជាតិដែលមានចំណងជើង ខាងលើថា “កំពូលជើងឯកអាស៊ានវគ្គ២” (ASEAN 2) នឹងប្រព្រឹត្ដទៅនាល្ងាច ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១២ ខាង មុខនេះ ។
នៅក្នុងសន្និសីទកាសែតនោះប្រធាន គ្រប់គ្រងការប្រកួតកីឡាប្រដាល់របស់ ស្ថានីយទូរទស្សន៍ស៊ីធីអិនលោកម៉ា សេរី បានឱ្យដឹងថា មូលហេតុដែលកម្មវិធី របស់លោកដាក់ចំណងជើងថាកំពូល ជើងឯកអាស៊ានវគ្គ២គឺស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើជាប្រធានអាស៊ាន។ ដូច្នេះហើយដើម្បីឱ្យប្រទេសដែលស្ថិត ក្នុងតំបន់អាស៊ានកាន់តែមានភាពស្និទ្ធ ស្នាលគ្នា បន្ថែមទៀតនេះ ទើបបានជា ស្ថានីយទូរទស្សន៍ស៊ីធីអិនបង្កើតឱ្យមាន កម្មវិធីនេះឡើងក្នុងន័យទំនាក់ទំនងល្អជា រវាងប្រទេសក្នុងតំបន់អាស៊ានដូចគ្នា ។
លោក ម៉ា សេរី បានបន្ដទៀតថា សម្រាប់កីឡាករកម្ពុជាទាំង៦នាក់គឺបាន សម្រាំងយកសុទ្ធតែកំពូលជើងឯកក្នុង ប្រទេស និងក្រៅប្រទេសដូចជា កីឡាករ ឡុង សុភី, សែន រ៉ាឌី, ឯម លីថូ, យ៉េន ឌីណា, កែវ រំចង់ និងកីឡាករ វ៉ន វីវ៉ា អ្នកទាំងនេះបច្ចុប្បន្នពួកគេពិបាករកគូ ប្រកួតណាស់ សម្រាប់អ្នកប្រដាល់ក្នុង ស្រុកដូចគ្នា ។
ដោយឡែកលោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា បានបញ្ជាក់ថា សម្រាប់ការប្រកួតកំពូល ជើងឯកអាស៊ាននេះ សហព័ន្ធបានត្រៀម រួចហើយ ។ លោកបន្ដថា ចំពោះអាជ្ញា កណ្ដាលខាងសហព័ន្ធតែងតែណែនាំ ព្រម ឱ្យប្រធានក្លិបនីមួយៗរឹតបន្ដឹងវិន័យ និងការហ្វឹកហាត់ឱ្យទៀងទាត់ ដើម្បីទទួល បានការគាំទ្រពីសំណាក់ប្រិយមិត្ដគ្រប់ មជ្ឈដ្ឋានទូទៅ ។
ចំពោះសមាសភាពប្រកួតវិញលោក ម៉ា សេរី ឱ្យដឹងថា ម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា ត្រូវប្រកួតជាមួយអ្នក ប្រដាល់ថៃ Taneelek ក្នុងទម្ងន់៧៥គីឡូ ក្រាម ។ Taneelek បច្ចុប្បន្នមានខ្សែ ក្រវាត់ក្នុងដៃចំនួន៤ និងមានប្រវត្ដិ ប្រកួត១៥៦ដង ។
កីឡាករ កែវ រំចង់ ត្រូវប្រកួតជា មួយកីឡាករថៃ Teeraphang ក្នុងប្រភេទទម្ងន់៧៩គីឡូក្រាម ។
ចំណែកអ្នកប្រដាល់ក្បាច់ខ្មែរបុរាណ គ្មានគូប្រៀប សែន រ៉ាឌី នៅម្ទេសខ្មាំង ត្រូវជួបប្រកួតជាមួយជើងខ្លាំងប្រចាំ សង្វៀនប៉ុស្ដិ៍លេខ៧របស់ថៃ Rouy S. Souradeth ក្នុងប្រភេទទម្ងន់៥៤គីឡូ ក្រាម នៅក្រោយការប្រកួតរបស់ឡុង សុភី និងកីឡាករថៃ Sansak ក្នុងទម្ងន់ ៦៥គីឡូក្រាម ។
រីឯកីឡាករ យ៉េន ឌីណា ត្រូវជួបប្រកួត ជាមួយ S. Thongbang មកពីប្រទេស ឡាវ ហើយឯម លីថូ ត្រូវបើកឆាកជា មួយកីឡាករឡាវ Samboun Vongsa ក្នុងទម្ងន់៥៤គីឡូក្រាម ៕
