
គណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាភិបាលធនាគារពិភពលោកនៅទីក្រុងតូក្យូ
តូក្យូ ៖ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលកម្ពុជាប្រចាំធនាគារពិភពលោក អញ្ជើញចូលរួម ប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាភិបាលធនាគារពិភពលោក(WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឆ្នាំ២០១២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីចុងសប្តាហ៍មុននេះ ។
នៅក្នុងកិច្ចប្រជុំនោះគណៈប្រតិភូកម្ពុជាបានស្វាគមន៍ចំពោះទិសដៅការងារថ្មីរបស់ ធនាគារពិភពលោក ដើម្បីធ្វើឲ្យស្ថាប័នមួយនេះឈានមកជា ធនាគារផ្តល់ដំណោះស្រាយ (Solutions Bank) របស់ប្រទេសជាសមាជិក និងជម្រុញលើកទឹកចិត្តឲ្យមានការអនុវត្តសំដៅ ប្រែក្លាយទិសដៅកំណែទម្រង់នេះឲ្យទៅជាការពិតជាក់ស្តែង ។
លោក ជឹម យុង គីម (JIM YONG KIM) ប្រធានថ្មីនៃធនាគារពិភពលោក ដែលទើបចូល កាន់តំណែង បានដាក់ចេញនូវផែនការកំណែទម្រង់ប្រតិបត្តិការរបស់ធនាគារ សំដៅប្រែក្លាយ ស្ថាប័ននេះពី ធនាគារនៃចំណេះដឹង (Knowledge Bank) ឲ្យទៅជា ធនាគារផ្តល់ដំណោះស្រាយ (Solutions Bank) មានន័យថា ប្តូររបៀបធ្វើការងារមួយ ដែលតែងតែតម្រូវឲ្យប្រទេសសមាជិក ត្រូវតែអនុវត្តជាដាច់ខាតតាមគោលការណ៍ស្តង់ដាររបស់ខ្លួន មកជារបៀបធ្វើការថ្មី ដោយត្រូវ ស្តាប់ និងរៀនសូត្រពីប្រទេសជាសមាជិកនីមួយៗ ហើយធ្វើការក្នុងភាពជាដៃគូ ដើម្បីរក ដំណោះស្រាយសមស្របទៅតាមបញ្ហាជាក់ស្តែងនីមួយៗដោយឈរលើមូលដ្ឋាននៃភស្តុតាង និងអំណះអំណាងត្រឹមត្រូវ ។
កិច្ចប្រជុំបានកត់សំគាល់ថា បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកកំពុងតែស្ថិតក្នុងភាពប្រឈម ធំមួយចំនួនរូមមាន កំណើនជាសាកលមានភាពទន់ខ្សោយ និងផុយស្រួយ ជាមួយវិបត្តិបំណុ លធ្ងន់ធ្ងរនៅអ៊ឺរ៉ុប អាត្រាអត់ការងារធ្វើមានកម្រិតខ្ពស់ និងគម្លាតរវាងអ្នកមាននិងអ្នកក្រមាន ទំហំធំ ។ នៅក្នុងបរិការណ៍សាកលលោកនេះកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីដែលធ្លាប់តែ សម្រេចបានជិត២ខ្ទង់ ត្រូវបានព្យាករណ៍ថានឹងធ្លាក់មកនៅត្រឹម៧,២% នៅឆ្នាំ២០១១ និង៦% នៅឆ្នាំ២០១២ មុននឹងងើបឡើងវិញដល់៦,៧% នៅឆ្នាំ២០១៣ ។
ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានបច្ចុប្បន្ន អង្គប្រជុំនេះបានដាក់ណ ចេញវិធានការជាយុទ្ធសាស្ត្រចំនួន៣ រួមមានៈ ១-គ្រប់គ្រងឲ្យបាននូវវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ ដោយត្រូវទ្រទ្រង់និងជម្រុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាអត់ការងារធ្វើ ជាមួយ និងការគ្រប់គ្រងបំណុលសាធារណៈដោយប្រយ័ត្នប្រយែង ២-ការបន្តនិងឈានទៅបញ្ចប់ ដោយជោគជ័យនូវកំណែទម្រង់វិស័យហិរញ្ញវត្ថុនិងធនាគារ និង៣-ការសម្រេចឲ្យបាននូវកំ ណើន ដែលបើកទ្វារនិងឱកាសឲ្យទាំងអស់គ្នាបានចូលរួមក្នុងសេដ្ឋកិច្ច និងទទួលផ្លែផ្កាពី កំណើនប្រកបដោយសមធម៌ ។
កិច្ចប្រជុំនេះក៏បានរំលឹកថា ៣ឆ្នាំចុងក្រោយ (២០១០-២០១២) កម្ពុជានឹងសម្រេចបាន កំណើនជាមធ្យម៦,៧% ដោយរក្សាបានអតិផរណាក្នុងកម្រិតតិចជាង៥% ។ នៅឆ្នាំ២០១១ ទោះបីជាត្រូវរងផលប៉ះពាល់ពីវិបត្តិកលិយុគហិរញ្ញវត្ថុពិភពលោក និងគ្រោះទឹកជំនន់ក្តី ក៏កម្ពុជានៅតែអាចសម្រេចបានកំណើន ៧,១% ។ កម្ពុជាសង្ឃឹមថា នឹងរក្សាបានកំណើនក្នុង កម្រិត៧%នេះនៅឆ្នាំ២០១២ ។ សូចនាករសេដ្ឋកិច្ចទាំងអស់បង្ហាញឲ្យឃើញថា កម្ពុជា សម្រេចបានជោគជ័យក្នុងការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដោយស្ថានភាពបំណុលស្ថិតក្នុង កម្រិតហានិភ័យទាប ។ កម្ពុជានឹងបន្តអនុវត្តគោលនយោបាយប្រុងប្រយ័ត្ន ដើម្បីរក្សាសមិទ្ធ ផលសេដ្ឋកិច្ចនេះ ។
គណៈប្រតិភូកម្ពុជាដែលបានចូលរួមប្រជុំ បានសម្តែងក្តីសង្ឃឹមថា ធនាគារពិភពលោក នឹងខិតខំប្រឹងប្រែងធ្វើការងារប្រកបដោយភាពទន់ភ្លន់ ភាពឆ្លើយតប និងភាពស៊ីសង្វាក់ជា មួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាសមាជិក និងជាពិសេសសុំឲ្យធនាគារនេះ គោរពយ៉ាង ហ្មត់ចត់តាមរបៀបវារៈការងារដើមរបស់ខ្លួន គឺការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រស្រប តាមតម្រូវការជាអាទិភាពរបស់ប្រទេសជាសមាជិក និងដោយគ្មានរបៀបវារៈនយោបាយនៅពី ក្រោយ ។ គណៈប្រតិភូកម្ពុជាក៏បានសើ្នសុំឲ្យស្ថាប័ននេះ ពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការបង្កើនថែមទៀតនូវការធ្វើប្រតិភូកម្មសិទ្ធសម្រេច និងបំពេញការងារ មកការិយា ល័យប្រចាំប្រទេសរបស់ខ្លួន ដែលដឹងនិងស្គាល់តម្រូវការជាក់ស្តែងរបស់ប្រទេសសមាជិក នីមួយៗច្បាស់លាស់ជាង ៕
