​វិចារណកថា ៖ ខួប​ឆ្នាំ​ទី​៨​នៃ​ការ​គ្រងរាជ្យ​​របស់​ព្រះមហាក្សត្រ​

ដោយ​ ៖ ​នួន​ ន​រិ​ន្ទ្រ​ ថ្ងៃទី 30 តុលា 2012ម៉ោង 09:17:22


​ប្រជាពលរដ្ឋ​កម្ពុជា​,​ រាជរដ្ឋាភិបាល​កម្ពុជា​,​ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ បាន​ប្រារឰ​ ទិវា​ខួប​ឆ្នាំ​ទី​៨​ នៃ​ការ​ឡើង​គ្រងរាជ្យសម្បត្ដិ​របស់​សម្ដេចព្រះ​ បរមនាថ​ នរោត្ដម​ សីហ​មុនី​ កាលពី​ថ្ងៃ​ទី​២៩​ ខែតុលា​ ក្នុង​ភាព​មិន​អធិកអធម​។​ ខួប​ឆ្នាំ​នេះ​ ប្រព្រឹត្ដ​ ទៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះរាជ​បរម​ សព​ សម្ដេចឪ​ ព្រះ​នរោត្ដម​ សីហ​នុ​ ។​ ការ​ផ្ទេរ​រាជ្យសម្បត្ដិ​ឱ្យទៅ​ព្រះរាជបុត្រ​ កាលពី​៨​ឆ្នាំ​មុន​ ត្រូវ​បាន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ ចាត់ទុកជា​ សមិទ្ធផល​ដ៏​ធំធេង​មួយទៀត​របស់​អង្គ​សម្ដេចឪ​ក្នុង​ការ​បញ្ចៀស​វិបត្ដិ​រាជ្យ​បល្ល័ង្ក​ ក្រោយ​ពេល​ព្រះ​អង្គ​ចូល​ទិវង្គត​។​

​រៀងរាល់ថ្ងៃ​ទី​២៩​ ខែតុលា​ ចាប់ពី​ឆ្នាំ​២០០៥​មក​ ប្រទេស​កម្ពុជា​តែងតែ​ប្រារឰ​ ខួប​នៃ​ការ​ឡើង​គ្រងរាជ្យសម្បត្ដិ​របស់​ព្រះមហាក្សត្រ​សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​។​ អតីត​ជា​អ្នក​រាំ​របាំ​បា​ឡេ​ និង​ជា​ព្រះរាជបុត្រ​ដាក់​ព្រះ​កាយ​មួយ​អង្គ​នេះ​ គ្មាន​នរណា​នឹក​ស្មាន​ឡើយ​ថា​ សម្ដេចព្រះ​បរមនាថ​ ត្រូវ​បាន​ក្រុមប្រឹក្សា​រាជ​ សម្បត្ដិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​ដើម្បី​បន្ដវេន​ពី​ព្រះរាជ​បិតា​ព្រះ​អង្គ​នោះ​ឡើយ​។​ ព្រះ​អង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្ដិ​ជ្រើសរើស​ឱ្យ​ឡើង​គ្រងរាជ្យ​ជា​ព្រះ​មហា​ ក្សត្រ​នៃ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០០៤​ បន្ទាប់​ពី​ព្រះករុណា​ សម្ដេចព្រះ​ នរោត្ដម​ សីហ​នុ​ បាន​ដាក់រាជ្យ​នៅ​ដើមខែ​តុលា​ ឆ្នាំ​ដដែល​នោះ​។

ខួប​ឆ្នាំ​ទី​៨​ នៃ​ការ​ឡើង​គ្រងរាជ្យសម្បត្ដិ​របស់​សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ បាន​ប្រព្រឹត្ដ​ទៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ទាំងមូល​កំពុង​ប្រារឰ​ពិធី​ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​បរមសព​អង្គ​សម្ដេចឪ​ ។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​រំឭក​អំពី​សមិទ្ធផល​ដ៏​ធំ​មួយទៀត​របស់​អតីត​ព្រះមហាក្សត្រ​ នោះ​គឺ​ការ​ ដែល​ព្រះ​អង្គ​ផ្ទេរ​រាជ្យសម្បត្ដិ​កាលពី​ចុងឆ្នាំ​២០០៤​ ដើម្បី​បញ្ចៀស​វិបត្ដិ​រាជ្យ​បល្ល័ង្ក​ នា​ពេល​នេះ​។​ ប្រសិនបើ​មិន​យ៉ាង​ដូច្នោះ​ទេ​ វិបត្ដិ​រាជ្យ​បល្ល័ង្ក​នឹង​កើតឡើង​ធំ​ ពិបាក​ ដោះស្រាយ​នា​ពេល​នេះ​ជា​មិន​ខាន​ ពីព្រោះ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​តម្រូវ​ឱ្យ​ ជ្រើសរើស​ព្រះមហាក្សត្រ​រយៈពេល​តែ​៧​ថ្ងៃ​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ព្រះមហាក្សត្រ​ ចាស់​សោយ​ទិវង្គត​។​

​សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ត្រូវ​បាន​ជ្រើសតាំង​ជា​ព្រះ​មហា​ ក្សត្រ​កាលពី​៨​ឆ្នាំ​មុន​។​ គិតៗ​ទៅ​មួយ​ភ្លែត​សោះ​ រយៈពេល​៨​ឆ្នាំ​ដែល​ព្រះ​អង្គ​បាន​ បំពេញ​ព្រះ​រាជ្យ​តួនាទី​ដើម្បី​សន្ដិភាព​ ការ​អភិវឌ្ឍ​ និង​ភាព​រុងរឿង​របស់​ប្រទេស​ កម្ពុជា​។​ រយៈពេល​៨​ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​ ស្វាហាប់​ និង​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​។​ កត់សម្គាល់​ ឃើញ​ថា​ ប្រជាជន​កម្ពុជា​កាន់តែ​មាន​ជីវភាព​ធូរធារ​ជាង​មុន​ ស្រប​ពេល​ដែល​ ហេដ្ឋារចនាសម្ព័ន្ធ​មាន​ដូច​ជា​ សាលារៀន​,​ មន្ទីរពេទ្យ​,​ ផ្លូវ​,​ ស្ពាន​,​ ថ្នល់​...​ បាន​និង​ កំពុង​រីក​ដុះដាល​ជា​បន្ដបន្ទាប់​។​ វា​ជា​ការ​រីក​ដុះដាល​ប្រកបដោយ​មោទនភាព​ ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះមហាក្សត្រ​ និង​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរ​ដ្ឋា​ ភិ​បាល​កម្ពុជា​ ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ដឹកនាំ​។​

​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​៨​ឆ្នាំ​នៃ​ការ​គ្រងរាជ្យសម្បត្ដិ​ ក្រៅពី​សមិទ្ធ​ ផល​ដ៏​ហូរហៀរ​នោះ​គឺ​ព្រះ​អង្គ​បាន​បំពេញ​ព្រះរាជ​តួនាទី​មួយ​គឺ​ការ​នៅ​ឆ្ងាយ​ពី​ឆាក​ នយោបាយ​ដ៏​ហែកហួរ​ ។​ ព្រះមហាក្សត្រ​គ្រងរាជ្យ​ ប៉ុន្ដែ​មិន​កាន់​អំណាច​ដោយ​ ផ្ទាល់​ គឺ​ទទួល​បាន​នូវ​ការ​គោរព​យ៉ាង​ទូលំទូលាយ​បំផុត​ពី​ប្រជារាស្ដ្រ​ខ្មែរ​។​ ការងារ​ សង្គមកិច្ច​ ជំរុញ​ឱ្យ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ និង​ការ​រួមសុខទុក្ខ​រវាង​ប្រជារាស្ដ្រ​ នឹង​ព្រះ​អង្គ​។​  ការ​រួមសុខទុក្ខ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នៅ​ពេល​ដែល​មនុស្ស​ម្នា​មក​ ពី​គ្រប់​ទិស​ទី​ប្រមូលផ្ដុំ​គ្នា​មុខ​ព្រះ​បរមរាជវាំង​កាន់ទុក្ខ​ដ៏​សោកសង្រេង​បំផុត​ចំពោះ​  ការ​សោយ​ទិវង្គត​ព្រះ​បិតា​ព្រះ​អង្គ​។​ ព្រះមហាក្សត្រ​បាន​បង្ហូរទឹក​ព្រះ​នេត្រា​ព្រម​គ្នា​ ជាមួយ​ប្រជារាស្ដ្រ​បាន​សម្រក់​ទឹកភ្នែក​លាយឡំ​នឹង​ការ​លួងលោម​ព្រះ​អង្គ​ផង​។​

​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​សន្យា​ដោយ​គ្មាន​ងាករេ​ចំពោះ​ការ​ការពារ​រាជ្យ​បល្ល័ង្ក​ និង​របប​រាជា​ និយម​។​ នៅ​ឯ​ទីក្រុង​ប៉េ​កាំ​ង​ សម្ដេច​តេ​ជោ​ដែល​ហូរ​ទឹកភ្នែក​ជាមួយ​ការ​រំជួលចិត្ដ​ បំផុត​នោះ​ បាន​សន្យា​ចំពោះ​ព្រះ​បរមសព​សម្ដេចឪ​ថា​ នឹង​ថែរក្សា​ការពារ​ព្រះ​ មហាក្សត្រ​,​ សម្ដេចម៉ែ​,​ រាជ្យ​បល្ល័ង្ក​ និង​របប​រាជា​និយម​ ។​  ការ​សន្យា​ដ៏​មុតមាំ​ នេះ​ គឺជា​ក្ដី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ហើយ​យល់​ថា​ មាន​តែ​រាជ​ រដ្ឋាភិបាល​ និង​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​ដែល​ជា​ម្លប់​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ ដូចដែល​ប្រជាជន​ធ្លាប់​ទទួល​បាន​សេចក្ដីសុខ​អស់​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នោះ​​ ៕