ក្រុមអេស៊ីលីដា​លើក​ពាន​ Acleda​ John​ Brinsden​ up​ 2012​

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 30 តុលា 2012ម៉ោង 09:28:21

​ភ្នំពេញ ​៖ ​នៅ​ទីលាន​ពហុ​កីឡាដ្ឋាន​ជាតិ​ កាលពី​ថ្ងៃ​ទី​២៩​ តុលា​ ២០១២​ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ ដណ្ដើម​ពានរង្វាន់​ Acleda​ John​ Brinsden​ up​ 2012​ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ បន្ទាប់​ពី​ក្រុម​បាល់ទាត់​អេ​ស៊ី​លី​ដា​ បាន​លើក​ពាន​ Acleda​ John​ Brinsden​ up​ 2012​ ជា​លើក​ទី​២​ ខណៈ​ដែល​ក្រុម​មួយ​នេះ​ធ្លាប់​លើក​ពាន​របស់​ ខ្លួន​នេះ​ម្ដង​ ហើយ​កាលពី​ឆ្នាំ​២០១១​។​

​លោក​ នេ​ត​ ពិសិដ្ឋ​ តំណាង​ពី​នាយកដ្ឋាន​ OPD​ និង​ជា​តំណាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នេះ​ បាន​ប្រាប់​ថា​ ព្រឹត្តិការណ៍​នេះ​ មាន​៤២​ក្រុម​ចូលរួម​ប្រកួត​ ដែល​ការ​ប្រកួត​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១២​ ហើយ​បាន​បញ្ចប់​មក​វិញ​នៅ​ថ្ងៃ​ទី​២៩​ ខែតុលា​ ២០១២​  ។​ លោក​បន្ត​ថា​ ការ​ប្រកួត​ចាញ់​ ឬ​ឈ្នះ​ជា​រឿង​ធម្មតា​ទេ​ តែ​បញ្ហា​សំខាន់​គឺ​ធ្វើ​យ៉ាងណា​ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ បច្ចេកទេស​ពី​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ​។​ ម្យ៉ាងវិញទៀត​ ក្រុមបាល់ទាត់​អេ​ស៊ី​លី​ដា​ ក៏​មាន​បំណង​ពង្រឹងសមត្ថភាព​បច្ចេកទេស​ក្នុង​ការ​លេង​ឱ្យ​កាន់តែ​ ល្អ​ប្រសើរ​ថែម​ទៀត​ ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត​បាល់ទាត់​ផ្សេងៗ​នា​ពេល​ខាង​មុខ​។​

​លោក​បាន​រំលឹក​ថា​ កាលពី​ឆ្នាំ​មុន​ ការ​ប្រកួត​នេះ​គឺ​មាន​លក្ខណៈ​កាចៗ​ ដោយសារ​ក្រុម​នីមួយៗ​បាន​ផ្តោត​ខ្លាំង​ពេក​ ទៅ​លើ​ការ​ដណ្តើម​ពានរង្វាន់​ ប៉ុន្តែ​ឆ្នាំ​នេះ​គ្រប់​គ្នា​បាន​ព្យាយាម​លេង​ប្រកបដោយ​សីលធម៌​ ។​ កត្តា​នេះ​ដោយសារ​ការ​ប្រកួត​លើក​នេះ​ យើង​បាន​ផ្តល់​ចំណាត់ថ្នាក់​មួយទៀត​ឲ្យ​ក្រុម​លេង​មាន​សីលធម៌​ខ្ពស់​ ដែល​ក្រុម​មួយ​នេះ​ អាច​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​ពី​ក្រុម​ម្ចាស់​ជ័យ​លា​ភី​ណាមួយ​ ដែល​មាន​កីឡាករ​លេង​មិន​មាន​ក្រមសីលធម៌​ ហើយ​ក្រុមហ៊ុន​ក៏​បាន​គាំទ្រ​និង​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ក្រុម​លេង​មាន​ សីលធម៌​ផង​ដែរ​ ។​

​ការ​យកចិត្តទុកដាក់​លេង​ប្រកបដោយ​សីលធម៌​នៅ​លើ​ទីលាន​  របស់​ក្រុម​នីមួយៗ​ បាន​ជំរុញ​ឲ្យ​កម្រិត​បច្ចេកទេស​លេង​របស់​ពួក​គេ​ ហាក់​មានការ​រីក​ចម្រើន​ជាង​ឆ្នាំ​មុន​។​ សកម្មភាព​នេះ​វា​សម​ស្រប​ទៅ​តាម​គោលបំណង​របស់​យើង​ ដែល​យើង​នឹង​ធ្វើការ​ចម្រាញ់​យក​កីឡាករ​ឆ្នើមៗ​នៅ​តាម​ក្រុម​នីមួយៗ​ ដើម្បី​បង្កើត​ជា​ក្រុម​ថ្មី​មួយទៀត​តំណាង​ឲ្យ​ធនាគារ​អេ​ស៊ី​លី​ដា​ សម្រាប់​ទុក​ប្រកួត​លក្ខណៈ​ផ្លូវការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ ក៏​ដូច​ជា​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ណា​មួយ​ ។​

​ចំពោះ​លទ្ធផល​នៃ​ការ​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​វិញ​ ក្រុម​អេ​ស៊ី​លី​ដា​ ឈ្នះ​បាន​ពាន​ Acleda​ John​ Brinsden​ up​ 2012​ បន្ទាប់​ពី​បាន​យកឈ្នះ​ក្រុម​កំពង់ត្របែក​ ក្នុង​លទ្ធផល​៤-០​ ទាត់​ចូល​ដោយ​កីឡាករ​ អ៊ុ​ន​ វិពុធ​ ទាត់​ចូល​នៅ​នាទី​២២,​ សំ​ សី​ណាត​ រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​១១​ និង​នាទី​ទី​៦១​និង​ធូ​ ថា​រិ​ន​ រកបាន​គ្រាប់​ទី​៤​ នៅ​នាទី​ទី​ ២៥​ច​ ។​ ដែល​ឈ្នះ​ពាន​នេះ​ ទទួល​បាន​ទឹកប្រាក់​លេខ​១​ចំនួន​ ១​លាន​៣​សែន​រៀល​ ក្រុម​កំពង់ត្របែក​បាន​លេខ​២​ ទទួល​បាន​៧​សែន​រៀល​ លេខ​៣​ ទទួល​បាន​៥​សែន​រៀល​ និង​ក្រុម​ដែល​ ឈ្នះ​បាន​លេខ​៤​ ទទួល​បាន​៣​សែន​រៀល៕