​សេចក្តី​ប្រកាស​ព័ត៌មាន​​ស្តី​ពី​លទ្ធផល​ប្រជុំ​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​​​​ ​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១២

ដោយ​ ៖ ថ្ងៃទី 02 វិច្ឆកា 2012ម៉ោង 15:57:49


​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៨​និង​៣០​នាទី​ នៅ​វិមាន​សន្តិភាព​ មាន​បើក​ អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​អាណត្តិ​ទី​ ៤​ ដើម្បី​ឆ្លង​ ៖

១-​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ និង​ការ​វិនិយោគ​គម្រោង​នេះ​

២-​បញ្ហា​ផ្សេងៗ​

​ក្រោយ​ពី​បាន​ស្តាប់​របាយការណ៍​ និង​មតិ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​រួច​មក​ កិច្ចប្រជុំ​ពេញអង្គ​ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​នូវ​ ៖

១-​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ និង​ការ​វិនិយោគ​គម្រោង​នេះ​ ៖ គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ អនុភាព​ ៤០០​មេ​ហ្គា​វ៉ា​ត់​ ស្ថិត​នៅ​ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ និង​អនុ​ស្ថានីយ៍​ព្រមទាំង​បណ្តាញ​បញ្ជូន​អគ្គិសនី​ពាក់ព័ន្ធ​ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​ HYDRO​ POWER​ LOWER​ SESAN​ 2​ Co.,​ Ltd​ ដែល​ជា​ក្រុមហ៊ុនចំរុះ​ កើតឡើង​ដោយ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​វៀតណាម​ និង​ ក្រុមហ៊ុន​អគ្គិសនី​ដ៏​ធំ​មក​ពី​ប្រទេស​ចិន​ ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ ៧៨១.៥២​ លាន​ដុល្លារ​ អា​មេ​រិ​ក​ ។​ គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ត្រូវ​បាន​សិក្សា​តាំង​ ពី​ឆ្នាំ​ ២០០៤​ មក​ម្ល៉េះ​ លើ​ផល​ចំណេញ​ផង​ និង​ផល​ប៉ះពាល់​ខាង​បរិស្ថាន​រូបសាស្ត្រ​ បរិស្ថាន​ ជីវសាស្ត្រ​ បរិស្ថាន​សង្គម​ និង​បាន​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ ដោយ​ធានា​ឲ្យ​បាន​នូវ​សុខដុម​នី​យ​កម្ម​ រវាង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ក៏​ដូច​ជា​ការ​វិនិយោគ​សាងសង់​ស្ថានីយ៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ ឲ្យ​ដំណើរការ​បាន​ ដោយ​រលូន​សម្រាប់​បំពេញតម្រូវការ​អគ្គិសនី​ដែល​ កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​ស្ថានភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាន់តែ​មាន​ ស្ថេ​រ​ភាព​ខាង​នយោបាយ​ និង​សេដ្ឋកិច្ច​ ។​ ក្នុង​ការ​វិនិយោគ​តាម​រូបភាព​ BOT​ (​សាងសង់​  ដំណើរការ​ ផ្ទេរ​)​ រយៈពេល​ ៤៥​ឆ្នាំ​ ដែល​ក្នុង​នោះ​រយៈពេល​ ៥​ឆ្នាំ​សម្រាប់​ធ្វើការ​សាងសង់​ និង​រយៈពេល​ ៤០​ឆ្នាំ​ ធ្វើ​អាជីវកម្ម​ ផលប្រយោជន៍​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​រួម​មាន​ ៖

១-​ទទួល​បាន​នូវ​ប្រភព​អគ្គិសនី​មួយ​ដែល​ចេញពី​ធនធានធម្មជាតិ​ក្នុងស្រុក​ កាត់​បន្ថយ​ការ​ប្រើ​ ប្រាស់​ប្រេង​ និង​មាន​ថ្លៃ​លក់​ថេរ​ក្នុង​រយៈពេល​ ៤០​ឆ្នាំ​ ដែល​ជួយ​ធានា​នូវ​សន្តិសុខ​ថាមពល​ធ្វើ​ឲ្យ​ ព្រះរាជាណាចក្រ​កម្ពុជា​មាន​លទ្ធភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​ បាន​ឆាប់រហ័ស​ ជា​ពិសេស​ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​តាម​បណ្តោយ​បណ្តាញ​បញ្ជូន​ ភ្នំពេញ​-​កំពង់ចាម​-​ក្រចេះ​-​ស្ទឹង​ត្រែង​

២-​គម្រោង​នឹង​ធ្វើការ​សាងសង់​ផ្លូវ​ថ្មី​ចូល​ទៅ​កាន់​ទីតាំង​គម្រោង​ ផ្លូវ​រវាង​ស្ពាន​ និង​លូ​រំដោះ​ទឹក​ នៅ​ផ្នែក​ខាងកើត​នៃ​ទន្លេសេសាន​ ដើម្បី​ភ្ជាប់​តំបន់​តាំងទី​លំនៅ​ដ្ឋា​ន​ថ្មី​របស់​ភូមិ​ស្រែ​គរ​ និង​ភូមិ​ខ្សាច់​ថ្មី​

៣-​គម្រោង​ក៏​នឹង​ធ្វើការ​សាងសង់​ផង​ដែរ​ នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​របស់​ សហគមន៍​ នៅ​តំបន់​តាំងទី​លំនៅ​ថ្មី​ ដោយ​រាប់​បញ្ចូល​ទាំង​សាលារៀន​ វត្ត​អារាម​ ផ្លូវ​ភូមិ​ អណ្តូងទឹក​ សហគមន៍​ និង​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​សម្រាប់​ការ​ប្រកប​របរ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​

៤-​គម្រោង​នឹង​ផ្តល់​ការងារ​ជូន​ពលករ​កម្ពុជា​រាប់​ពាន់​នាក់​ ក្នុង​កំឡុង​ពេល​សាងសង់​

៥-​ការ​កែ​លំអ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ លូ​រំដោះ​ទឹក​ ស្ពាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ ទៀត​របស់​គម្រោង​នឹង​បង្កើត​ឲ្យ​មានគុណ​តម្លៃ​ថែម​ទៀតដល់​អេកូ​ទេសចរណ៍​នៅ​តំបន់​នោះ​

៦-​គម្រោង​នឹង​បង្កើត​ប្រាក់​ចំណូល​ដល់​ប្រជាជន​ក្នុង​តំបន់​មូលដ្ឋាន​ ក្នុង​ខេត្ត​ និង​ថ្នាក់​ជាតិ​ ដោយ​ការ​ផ្តល់​ការងារ​យ៉ាងច្រើន​នៅ​ពេល​សាងសង់​ និង​ប្រតិបត្តិការ​ ប្រជាជន​មួយ​ចំនួន​ក៏​អាច​ បង្កើត​ប្រាក់​ចំណូល​ពីមុខ​របរជំនួញ​ផ្ទាល់​របស់​ពួក​គេ​ដែល​ទាក់ទង​នឹង​សកម្មភាព​គម្រោង​ ។​

៧-​លើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តី​ពី​សារពើពន្ធ​ដែល​មាន​ជា​ធរមាន​ រាជរដ្ឋាភិបាល​នឹង​ទទួល​បាន​ ចំណូល​ពន្ធ​សរុប​ជា​មធ្យម​ប្រមាណ​ ២៩.៥៩​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ ១​ឆ្នាំ​ នេះ​មិន​ទាន់​គិតដល់​ ពន្ធ​ដទៃ​ទៀត​ដែល​អគ្គិសនី​កម្ពុជា​ និង​អ្នក​ចែកចាយ​អគ្គិសនី​ដទៃ​ទៀត​ត្រូវ​បង់​ជូន​រដ្ឋ​ក្នុង​ការ​ចែក​ ចាយ​លក់​បន្ត​ឲ្យ​អ្នក​ប្រើប្រាស់​ ។​

២-​បញ្ហា​ផ្សេងៗ​

​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ និង​អាជ្ញាធរ​រាជធានី​ ខេត្ត​ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​ ដែល​ ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វី​ដេ​អូ​ខន​ហ្វឺ​រឹ​ន​ (Video​ Conference)​ បាន​ធ្វើការ​ស្មឹង​ស្មា​ធ​ ១​នាទី​ គោរព​ ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរមសព​ព្រះ​មហា​វីរក្សត្រ​ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជាមួយ​និង​ការ​សំដែង​ការ​សោកស្តាយ​ ចំពោះ​ការ​ទទួលមរណៈភាព​របស់​យុវជន​ស្ម័គ្រចិត្ត​ឈ្មោះ​ ច័ន្ទ​ មារ​ឌី​ ដោយសារ​ឧបទ្ទវហេតុ​ខ្យល់​ ព្យុះ​នៅ​ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ សម្តេច​បាន​មាន​ប្រសាសន៍​តឿន​រំលឹក​សារ​ជា​ថ្មី​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ ពិសេស​ អាជ្ញាធរ​ដែនដី​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ដល់​ជីវភាព​ សុវត្ថិភាព​ និង​សុខទុក្ខ​ របស់​ ក្រុម​យុវជន​ស្ម័គ្រចិត្ត​ឲ្យ​បាន​ល្អ​ ពិសេស​ហាមឃាត់​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ចូល​វាស់វែង​ដី​នៅ​ទី​ កន្លែង​ណា​ដែល​សង្ស័យ​ថា​ មាន​មីន​ឡើយ​ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ សហការ​ ជាមួយ​អាជ្ញាធរ​ខេត្តព្រៃវែង​ចុះ​ពិនិត្យ​ដោយ​កៀរគរ​យុវជន​នៅ​មូលដ្ឋាន​ឲ្យ​ចូលរួម​ក្នុង​ការ​កំចាត់​ចោល​ សត្វ​ខ្យង​មួយ​ប្រភេទ​ដែល​បាន​ បំផ្លាញ​សន្ទូង​របស់​ប្រជា​កសិករ​ ដោយ​យក​តាម​បទ​ពិសោធន៍​នា​ ពេល​កន្លង​មក​ដែល​សម្តេច​បាន​ដាក់​ចេញ​ក្នុង​ការ​កំចាត់​សត្វ​កណ្តុរ​ ដើម្បី​កុំ​ឲ្យ​ការ​បំផ្លាញ​សន្ទូង​ រាលដាល​ដល់​ស្រុក​ផ្សេង​ ឬ​ខេត្ត​ជិតខាង​ ។​

បញ្ជាក់​បន្ថែម​លើ​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ៍​អគ្គិសនី​សេ​សាន​២​ អនុភាព​តម្លើង​ ៤០០​ មេ​ហ្គា​វ៉ា​ត់​ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ភ្លុក​ ស្រុក​សេ​សាន​ ខេត្តស្ទឹងត្រែង​ គឺ​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ រៀបចំ​លិខិត​បទដ្ឋាន​ ដើម្បី​ផ្តល់​ដល់​ការ​វិនិយោគ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​កំណត់​ទីតាំង​ និង​វាស់វែង​ដីធ្លី​ ទុក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ក្នុង​ ១​ គ្រួសារ​ទទួល​បាន​ដី​ ៥​ហិ​កតា​ ដើម្បី​ ឲ្យ​ក្រុមហ៊ុន​អាច​ជួយ​ធ្វើការ​ឈូស​ឆាយ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​បង្កបង្កើន​ផល​ ។​

ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​បាន​ណែនាំ​ឲ្យ​គណៈកម្មការ​អន្តរក្រសួង​ និង​ ក្រុមហ៊ុន​ត្រូវ​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ស្តង់ដារ​តែ​មួយ​ គឺ​ស្តង់ដារ​សម្រាប់​មនុស្ស​ ៨​នាក់​ រស់នៅ​ ឲ្យ​បាន​ស្រេច​ទើប​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ផ្លាស់​ប្តូរ​ទីលំនៅ​ ដោយ​ក្រុមហ៊ុន​ជា​អ្នក​ចេញ​សោហ៊ុយ​ រុះរើ​ និង​ដឹក​ជញ្ជូន​ ។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ក្រសួង​ សាធារណការ​ និង​ដឹក​ជញ្ជូន​ ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ ធ្វើការ​ចាក់​កៅស៊ូ​លើ​ផ្លូវ​ចម្ងាយ​ជាង​ ២០​គីឡូម៉ែត្រ​ ភ្ជាប់​ពី​ផ្លូវជាតិ​ទៅ​ការដ្ឋាន​ ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​សម្រាប់​ការ​ សាងសង់​វា​រី​អគ្គិសនី​ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ ។​

​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ បាន​បិទ​សម័យប្រជុំ​នៅ​វេលា​ម៉ោង​ ១២:០០​ ។​

                                                        ​រាជធានី​ភ្នំពេញ​,​ ថ្ងៃ​ទី​ ០២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១២