ស្ថាបនា​ទទួល​បាន​ភាគ​ទុ​និក​ដ៏​សំខាន់​ថ្មី

ដោយ​ ៖ ថ្ងៃទី 03 វិច្ឆកា 2012ម៉ោង 09:48:17

​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ភ្នំពេញ​ កម្ពុជា​ ៖ ស្ថាបនា​ លីមីត​ធី​ត​ ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​របស់​ប្រទេស​កម្ពុជា​ មាន​ក្ដី​សោមនស្ស​ក្នុង​ការ​ប្រកាស​អំពី​ការ​លក់​ភាគហ៊ុន​ចំនួន​ ៩៥,១%​  អោយទៅ​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ ភី​អ៊ិ​ល​ស៊ី​។​ ការ​ទិញ​ភាគហ៊ុន​នេះ​ ធ្វើ​អោយ​ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​ធ្វើការ​វិនិយោគ​ហ៊ុន​ផ្ទាល់​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ហើយ​នេះ​ក៏​បង្ហាញ​អោយ​ឃើញ​នូវ​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​ទំលាយ​ឧបសគ្គ​ដែល​ខណ្ឌ​ផ្តាច់​រវាង​ធនាគារពាណិជ្ជ​ និង​មីក្រូហិរញ្ញវត្ថុ​ដែល​កើត​មាន​ជា​យូរ​មក​ហើយ​។​

​ការ​សម្រេចចិត្ត​ទិញ​យក​ភាគហ៊ុន​នេះ​គឺ​បាន​ឆ្លងកាត់​ការ​សិក្សា​ និង​ការ​វាយតម្លៃ​ប្រកបដោយ​វិជ្ជាជីវៈ​ហ្មត់ចត់​ ទៅ​លើ​អាជីវកម្ម​មីក្រូហិរញ្ញវត្ថុ​ដែល​ធ្វើ​ដោយ​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ បាន​រក​ឃើញ​ថា​  ស្ថាបនា​ លីមីត​ធី​ត​ ជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ (MFI)​ ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ប្រកបដោយ​វិ​ជា្ជ​ជីវៈ​ ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ក្រុមប្រឹក្សាភិបាល​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ ដែល​ទាមទារ​នូវ​ស្ថាប័ន​ដែល​មានការ​គ្រប់គ្រង​រឹង​មាំ​ មាន​តម្លាភាព​ច្បាស់លាស់​ កេរ្ដិ៍ឈ្មោះ​ល្អ​ ប្រកបដោយ​វិជ្ជមាន​ និង​ទទួល​បានការ​ទុកចិត្ដ​ពី​សាធារណជន​។

​ការ​លក់​ភាគហ៊ុន​របស់​ ស្ថាបនា​ លីមីត​ធី​ត​ រួម​មាន​ Nederlandse​ Financierings-Maatschappijvoor​ Ontwikkelingslanden​ N.V.​ (FMO),​ធនាគារ​អភិវឌ្ឍ​អន្តរជាតិ​របស់​ប្រទេស​ហូ​ឡង់​,​ StichtingTriodos-Doen​ (​ធនាគារ​ Triodos)​ អ្នក​វិនិយោគ​សកល​ផ្នែក​ធនាគារ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូ​ឡង់​  Developing​ World​ Markets​ (DWM)​ ក្រុមហ៊ុន​វិនិយោគ​មក​ពី​សហរដ្ឋអាមេរិក​ឯកទេស​ខាង​មីក្រូហិរញ្ញវត្ថុ​ និង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ទីផ្សារ​កំពុង​រីក​លូតលាស់​,​ ក្រុមហ៊ុន​វិនិយោគ​បុគ្គលិក​ស្ថាបនា​ លីមីត​ធី​ត​ (SEI)​។​ អង្គការ​ស្ថាបនា​សហគមន៍​កម្ពុជា​ (CCB)​ ជា​ភាគ​ទុ​និក​ និង​ជា​អ្នក​បង្កើត​ក្រុមហ៊ុន​នេះ​ និង​បន្តកាន់កាប់​ភាគហ៊ុន​ ៤,៩%​ នៅ​ក្នុង​ស្ថាបនា​ លីមីត​ធី​ត​។​

​ហេតុផល​ចម្បង​ក្នុង​ការ​ចាកចេញ​របស់​ភាគទុន​និក​បច្ចុប្បន្ន​គឺ​ដោយសារ​ការ​រីក​ចំរើន​របស់​គ្រឹះស្ថាន​តាម​រយៈ​ ការ​គាំទ្រ​ និង​ការ​វិនិយោគទុន​របស់​ពួក​គេ​រយៈពេល​៦​ឆ្នាំ​កន្លង​មក​ ស្ថាបនា​បាន​សម្រេច​ជោគជ័យ​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​បង្កើន​លទ្ធភាព​ដល់​ជន​ក្រីក្រ​អាច​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​ និង​មាន​ប្រសិទ្ធិ​ភាព​ រហូត​ដល់​សហគមន៍​ជនបទ​នានា​ក្នុង​ប្រទេស​កម្ពុជា​។​ ដូចនេះ​ ក្នុង​ទស្សនៈ​ជា​អ្នកលក់​ ឃើញ​ថា​ស្ថាបនា​បាន​ឈាន​ដល់​កម្រិត​ពេញ​លក្ខណៈ​ គឺ​មាន​ភាពរឹងមាំ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ រួម​បញ្ចូល​ទាំង​ការ​ដឹកនាំ​ ការ​គ្រប់គ្រង​ហានិភ័យ​ និង​ការ​ប្រតិបត្ដិ​ដែល​នាំ​អោយ​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​នេះ​អនុវត្ត​ស្រប​តាម​ចក្ខុវិស័យ​ ម​ហិ​ច្ឆិ​តា​ក្នុង​ការ​ធ្វើ​អោយ​មានការ​រីក​ចម្រើន​ក្នុង​ប្រទេស​កម្ពុជា​ និង​ធនធាន​ហិរញ្ញវត្ថុ​សំខាន់ៗ​ ដែល​ត្រូវការ​សម្រាប់​ការ​ពង្រីក​បន្ថែម​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ធំៗ​។​

​លោក​ Arno​ de​ Vette​ នាយក​វិនិយោគទុន​ថ្នាក់ខ្ពស់​ប្រចាំ​ FMO​ មាន​ប្រសាសន៍​ថា​ «​អ្នកលក់​មាន​ជំនឿ​មុតមាំ​ថា​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ តំណាង​អោយ​ជម្រើស​អស្ចារ្យ​បំផុត​ទាក់ទង​នឹង​ភាព​ដែល​អាច​ដើរតួ​នាទី​ជា​ភាគ​ទុ​និក​យុទ្ធសាស្ត្រ​នៅ​ក្នុង​ស្ថាបនា​ ហើយ​ម៉ា​រ៉ូ​ហាន់​មាន​ធនធាន​ និង​សមត្ថភាព​ធ្វើ​អោយ​ស្ថាបនា​រីក​ចម្រើន​យ៉ាង​ខ្លាំង​ប្រកបដោយ​ស្ថិរភាព​ និង​ការ​ទទួលខុសត្រូវ​ ខណៈ​ដែល​ម៉ា​រ៉ូ​ហាន់​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​ និង​បេសកកម្ម​របស់​គ្រឹះស្ថាន​។​ ជាក់ស្តែង​អ្នកទិញ​គឺជា​ធនាគារពាណិជ្ជ​ដែល​មាន​អាជ្ញាប័ណ្ណ​ពេញលេញ​ មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨​ គឺជា​គុណសម្បត្តិ​បន្ថែម​ដែល​យើងខ្ញុំ​យល់​ថា​វា​សំខាន់​ក្នុង​ការ​ជ្រើសរើស​ជា​ភាគទុន​និក​យុទ្ធសាស្ត្រ​រយៈពេល​យូរអង្វែង​។​ យើងខ្ញុំ​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ដ​របស់​យើង​ ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ស្ថាបនា​ដោយ​រក្សា​ការ​ផ្ដល់​ប្រាក់​កម្ចី​បច្ចុប្បន្ន​របស់​យើងខ្ញុំ​ដល់​ក្រុមហ៊ុន​។​»

ស្ថាបនា​ លីមីត​ធី​ត​ និង​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ នឹង​បន្ត​មុខងារ​ជា​អង្គភាព​ពីរ​ផ្សេង​គ្នា​ ដោយ​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ ផ្ដល់​ផលិតផល​ និង​សេវាកម្ម​ធនាគារពាណិជ្ជ​ និង​ ស្ថាបនា​ លីមីត​ធី​ត​ បន្ត​ផ្ដោត​ទៅ​លើ​មីក្រូហិរញ្ញវត្ថុ​របស់​ខ្លូ​ន​ ការ​វិនិយោគទុន​នេះ​នឹង​ធ្វើ​អោយ​ក្រុមហ៊ុន​ទាំង​ពីរ​ និង​អតិថិជន​របស់​ពួក​គេ​ទទួល​បាន​ផលប្រយោជន៍​បន្ថែម​ដែល​បាន​ពី​ការ​ចូលរួម​នូវ​សមត្ថភាព​សំខាន់ៗ​ ជំនាញ​ និង​ធនធាន​ ដែល​នឹង​នាំ​មក​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​កម្រិតស្តង់ដារ​អន្តរជាតិ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ និង​ភ្ជាប់​ទំនាក់ទំនង​ប្រទេស​កម្ពុជា​ជាមួយ​ទីផ្សារ​ពិភពលោក​។​

លោក​បណ្ឌិត​ ហាន់​ ចាង​វូ​ (Han​ Chang​ Woo)​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​ ម៉ា​រ៉ូ​ហាន់​ជប៉ុន​ មាន​ប្រសាសន៍​ថា​ «​ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ បាន​បង្កើត​ឡើង​ដោយ​មាន​គោលបំណង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ហើយ​ពួក​យើង​បាន​ទទួលស្គាល់​ជា​យូរ​មក​ហើយ​ ថា​ជា​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ និង​ធនាគារ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​បន្ត​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​។​ ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​នេះ​ដោយ​ការ​ផ្គត់ផ្គង់​ផលិតផល​ និង​សេវាកម្ម​ជូន​ដល់​អតិថិជន​ឯកជន​ ស្ថាប័ន​អាជីវកម្ម​ធន​តូច​ និង​មធ្យម​ និង​ស្ថាប័ន​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។​ យើងខ្ញុំ​បាន​មើលឃើញ​ថា​ ស្ថាបនា​ជា​ក្រុមហ៊ុន​ឈានមុខ​ដែល​មាន​គំរូ​អាជីវកម្ម​រឹង​មាំ​ និង​ថ្នាក់ដឹកនាំ​ដែល​មាន​ជំនាញ​ខ្ពស់​។​ ក្រុមការងារ​នេះ​សម្រេច​បានការ​ងារ​យ៉ាងច្រើន​តាំងពី​ចាប់ផ្ដើម​ដំបូង​ជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៥​ និង​បាន​កម្លា​យ​ខ្លួន​ជា​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​ឆ្នាំ​២០០៣​ព្រមទាំង​ទទួល​ បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ខ្លួន​។​ យើងខ្ញុំ​ជឿជាក់​ថា​ ស្ថាបនា​មាន​សក្ដានុពល​ក្នុង​ការ​ផ្ដល់​ឱកាស​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងឡាយ​ណា​ដែល​ចង់​រំដោះខ្លួន​ពី​ភាព​ក្រីក្រ​ដើម្បី​រួមចំណែក​ក្នុង​ការ​ អភិវឌ្ឍន៍​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត​។​ ចំពោះ​យើងខ្ញុំ​ផ្ទាល់​ ដែល​ជា​ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ ភី​អ៊ិ​ល​ស៊ី​ ការ​ទិញ​យក​ហ៊ុន​នេះ​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ និង​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ ក្រុមហ៊ុន​ MARUHAN​ INVESTMENT​ ASIA​ PTE.​ LTD.​ មាន​ការិយាល័យ​ធំ​ក្នុង​ប្រទេស​សឹ​ង្ហ​បុរី​ ដែល​ទើបនឹង​បើក​ការ​សម្ពោធ​ជា​ផ្នែក​មួយ​នៃ​ MARUHAN​ Japan​ ASEAN​ Financial​ Group​ ដើម្បី​ពង្រឹង​ដល់​ការងារ​ត្រួសត្រាយ​ផ្លូវ​ដែល​យើង​បាន​ចាប់ផ្តើម​ក្នុង​ប្រទេស​កម្ពុជា​អោយ​បន្ត​ទៅ​ក្នុង​តំបន់​អាស៊ាន​ដ៏​ទូលំទូលាយ​។​»

​រចនាសម្ព័ន្ធ​នៃ​ការ​គ្រប់គ្រង​របស់​ ស្ថាបនា​ លីមីត​ធី​ត​ នឹង​រក្សា​នៅ​ដដែល​ទាំងអស់​ ដោយ​លោក​បណ្ឌិត​ ប៊ុ​ន​ មុនី​ បន្ត​ធ្វើ​ជា​ប្រធាន​នាយក​ប្រតិបត្ដិ​។​ លោក​បណ្ឌិត​ មាន​ប្រសាសន៍​ថា​ «​យើងខ្ញុំ​មាន​ក្ដី​រំភើប​ចំពោះ​លទ្ធភាព​នៃ​ការ​វិនិយោគ​នេះ​បាន​ផ្ដល់​អោយ​ពួក​យើង​ និង​ពួក​យើង​មាន​មោទនភាព​ជា​ខ្លាំង​ដោយ​ការ​ខំប្រឹង​ប្រែង​របស់​យើង​ក្នុង​ការ​ចងស្ពានមេត្រី​រវាង​ធនាគារពាណិជ្ជ​ និង​មីក្រូហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្រេច​ជោគជ័យ​។​ ការ​វិនិយោគ​ដែល​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ នៅ​ក្នុង​ស្ថាបនា​ នឹង​ជួយ​អោយ​ពួក​យើង​សម្រេច​គោលដៅ​ហួស​ពី​លទ្ធភាព​ផ្ទាល់​របស់​ពួក​យើង​។​ ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​របស់​យើង​រីករាយ​ចំពោះ​ការ​ដែល​មាន​អ្នក​វិនិយោគ​ថ្មី​ ដែល​នឹង​នាំ​មក​នូវ​ជំនាញ​ថ្មី​ ការ​ដឹកនាំ​ និង​ហិរញ្ញវត្ថុ​ដែល​នឹង​បង្កើន​សន្ទុះ​ទៅ​មុខ​របស់​ក្រុមហ៊ុន​ ហើយ​ពួក​យើង​បេ្ដ​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​ធានា​បាន​នូវ​ភាព​ឈានមុខ​គេ​    នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​ ការ​វិនិយោគ​នេះ​នឹង​ជួយ​ពង្រឹង​តួនាទី​របស់​ពួក​យើង​ ធ្វើ​អោយ​យើង​កាន់តែ​សកម្ម​ជាង​មុន​ក្នុង​ការ​បង្កើន​សំពៀត​ឥណទាន​របស់​យើង​ និង​ធ្វើ​អោយ​យើង​អាច​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​បន្ថែម​ទៀត​ដែល​សហគមន៍​កម្ពុជា​ត្រូវការ​ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​អោយ​បាន​គ្រប់គ្រាន់​ ប្រកបដោយ​ប្រ​សិ​ទិ្ធ​ភាព​ និង​និរន្តរភាព​។​ ការ​ចូលរួម​របស់​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ ក្នុង​ការ​ការ​វិនិយោគ​នៅ​កម្រិត​មូលដ្ឋាន​ គឺជា​គ្រឹះ​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​។​»

ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋ​កម្ពុជា​គឺ​មាន​ភាព​ទូលំទូលាយ​។​ ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ នឹង​បន្ត​ផ្ដល់​ផលិតផល​ និង​សេវាកម្ម​ធនាគារពាណិជ្ជ​ស្តង់ដារ​អន្តរជាតិ​ថ្មីៗ​ ចំណែកឯ​ស្ថាបនា​នឹង​បន្ត​ផ្ដល់​ផលិតផល​ និង​សេវាកម្ម​ល្អ​ជាងគេ​បំផុត​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។​

Shorebank​ International​ (“SBI”)​ បាន​ធ្វើ​ជា​អ្នក​ផ្ដល់​យោបល់​តែ​មួយ​គត់​ជំនួស​មុខ​អោយ​អ្នកលក់​។​ ដោយ​មានច្បាប់​ HBS​ ធ្វើ​ជា​ស្មាក្ដី​ស្របច្បាប់​សម្រាប់​អ្នកលក់​។​

​ម៉ា​រ៉ូ​ហាន់​ ធនាគារ​ជប៉ុន​ សូម​ថ្លែងអំណរគុណ​ចំពោះ​ក្លឹ​ប​មេធាវី​ Bun​ &​ Associates​ ដែល​បាន​បំពេញ​នាទី​ជាទី​ប្រឹក្សា​ច្បាប់​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ពួក​គេ​ក្នុងអំឡុងពេល​នៃ​ដំណើរការ​នៃ​ការ​វិនិយោគ​នេះ ៕