ការ​អនុវត្ដ​ថវិកាជាតិ​ឆ្នាំ​២០១២​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១១

ដោយ​ ៖ សហការី ថ្ងៃទី 09 វិច្ឆកា 2012ម៉ោង 14:01:05

​ភ្នំពេញ​ ៖​ ការ​អនុវត្ដ​ថវិកាជាតិ​ឆ្នាំ​ ២០១២​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០១១​ នេះ​បើ​តាម​ប្រសាសន៍​លោក​ ឧបនាយករដ្ឋមន្ដ្រី​ គាត​ ឈ​ន់​ រដ្ឋមន្ដ្រី​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៅ​ក្នុង​សិក្ខាសាលា​របស់​សភា​ ដើម្បី​ឈ្វេង​ យល់​អំពី​យុទ្ធសាស្ដ្រ​កសាង​ក្របខ័ណ្ឌ​គោល​ នយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ ក្នុង​ការ​រៀបចំ​ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ គ្រប់​គ្រង់​ឆ្នាំ​២០១៣​ ក្រោម​អធិបតីភាព​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ វិច្ឆិកា​នេះ​ នៅ​វិមាន​រដ្ឋសភា​ ។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​ គាត​ ឈ​ន់​ បាន​បង្ហាញ​ថា​ បើ​តាម​ការ​ព្យាករ​ណ៍ឱន​ភាព​ថវិកា​សរុប​នឹង​ធ្លាក់​មក​នៅ​ត្រឹម​ -៥,៧៩​ភាគរយ​ នៃ​ផ​.​ស​.​ស​ ធៀប​នឹង​   -៨,១៨​នៅ​ឆ្នាំ​២០១១​ ដោយសារ​ការ​ ត្បិតត្បៀត​ចំណាយ​ចរន្ដ​ និង​កំណើន​ ចំណូល​ក្នុងស្រុក​ដែល​នឹង​ធ្វើ​ឱ្យ​អតិរេក​ ចរន្ដ​មាន​កំណើន​ប្រមាណ​០,៥៥​ភាគរយ​ នៃ​ ផ​.​ស​.​ស​ ។​ លោក​ឧបនាយករដ្ឋមន្ដ្រី​ បន្ដ​ថា​ តាម​ការ​ព្យាករណ៍​ កំណើន​សេដ្ឋ​ កិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​អាច​នឹង​សម្រេច​ បាន​៧​ភាគរយ​ បើ​ទោះបីជា​ស្ថានភាព​ វិបត្ដិ​បំណុល​នៅ​អឺរ៉ុប​ និង​ភាព​មិន​ប្រាកដ​ ប្រជា​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ របស់​សហរដ្ឋអាមេរិក​ នៅ​តែ​បន្ដ​គំរាម​ កំហែង​ដល់ទី​ផ្សារ​សេដ្ឋកិច្ច​កម្ពុជា​ ពិសេស​ទីផ្សារ​វាយនភ័ណ្ឌ​ និង​ទេសចរណ៍​ ព្រមទាំង​ការ​ធ្លាក់​ចុះ​ ថ្លៃ​នៃ​កសិផល​នាំ​ ចេញ​មួយ​ចំនួន​ក៏​ដោយ​ ។​

​លោក​ គាត​ ឈ​ន់​ បន្ថែម​ថា​ តាម​ការ​ ព្យាករណ៍​ចុង​ក្រោយ​ កំណើនសេដ្ឋកិច្ច​ឆ្នាំ​ ២០១២​ អាច​នឹង​សម្រេច​បាន​ខ្ពស់​ជាង​ ៦,៥​ភាគរយ​ ដែល​អាច​គ្រោង​នៅ​ក្នុង​ ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​ គ្រង​ឆ្នាំ​២០១២​ ដោយសារ​តែ​ផ្នែក​ ឧស្សាហកម្ម​កាត់ដេរ​ និង​ផ្នែក​សេវាកម្ម​ ទេសចរណ៍​បាន​និង​កំពុង​បន្ដ​កើនឡើង​គួរ​ ឱ្យ​កត់សម្គាល់​ ។​

​តាម​ការ​គណនា​វិស័យ​កសិកម្ម​នឹង​ មាន​កំណើន​២,៤​ភាគរយ​ ឧស្សាហកម្ម​ នឹង​មាន​កំណើន​១១,៨​ភាគរយ​ ក្នុង​នោះ​ ផ្នែក​វាយនភ័ណ្ឌ​នឹង​កើន​១៤,៥​ភាគរយ​ និង​វិស័យ​សេវាកម្ម​មាន​កំណើន​៦,៨​ ភាគរយ​ ដែល​ក្នុង​នោះ​ផ្នែក​សេវាកម្ម​ ទេសចរណ៍​នឹង​កើន​ប្រមាណ​៧​ភាគរយ​ ផង​ដែរ​ ។​

​រាជរដ្ឋាភិបាល​នឹង​បន្ដ​ខិតខំ​ជំរុញ​បន្ថែម​ ទៀត​លើ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ វិស័យ​ ហិរញ្ញវត្ថុ​ និង​ធនាគារ​ ទេសចរណ៍​ សកម្មភាព​សំណង់​ និង​សេវាកម្ម​ ដើម្បី​ ជំរុញ​កំណើន​ ពិសេស​បន្ដ​ការ​ធ្វើ​ពិពិធ​ កម្ម​សេដ្ឋកិច្ច​ ដោយ​ផ្ដោត​ការ​យកចិត្ដ​ ទុកដាក់​លើ​ការ​ជំរុញ​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ព្រមទាំង​ការ​ពង្រឹង​ និង​ពង្រីក​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ រូប​វន្ដ​ ពិសេស​ប្រព័ន្ធ​ស្រោចស្រព​ ។​

​លើស​ពី​នេះ​រាជរដ្ឋាភិបាល​នឹង​បន្ដ​ ពង្រឹង​ការ​អនុវត្ដ​គោលនយោបាយ​ម៉ា​ក្រូ​ សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកប​ ដោយ​ភាព​ត្រឹមត្រូវ​ ម៉ឺងម៉ាត់​ និង​ ប្រុង​ប្រយ័ត្ន​ខ្ពស់​ គួប​ផ្សំ​ជាមួយនឹង​ការ​ ជំរុញ​ការ​កែ​លម្អ​ការ​ពង្រឹង​ការ​ប្រមូល​ និង​ការ​គ្រប់គ្រង​ចំណូល​ ការ​កែ​លំអ​ និង​ ការ​ពង្រឹង​ការ​អនុវត្ដ​ និង​ការ​គ្រប់គ្រង​ ចំណាយ​ ក្រោម​កម្មវិធី​កែទម្រង់​ការ​ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ព្រមទាំង​ ធ្វើ​វិចារណ​កម្ម​ចំណាយ​សម​ស្រប​ដើម្បី​ ធានា​ឱ្យ​ការ​អនុវត្ដ​ថវិកា​ឆ្នាំ​២០១២​ សម្រេច​បាន​លទ្ធផល​ល្អ​ ។​ តាម​ការ​គណនា​ ចំណូល​ក្នុងស្រុក​ថវិការ​រដ្ឋ​សរុប​អាច​នឹង​  សម្រេច​បាន​លើស​ច្បាប់​ប្រមាណ​៣,២​ ភាគរយ​ ស្មើនឹង​១៣,៨៥​ភាគរយ​នៃ​ ផ​.​ស​.​ស​ ។​

​ដោយឡែក​ចំណាយ​ថវិការដ្ឋ​សរុប​ អាច​នឹង​អនុវត្ដ​លើស​ច្បាប់​ប្រមាណ​១,៦​ភាគរយ​ ស្មើនឹង​១៩,៦៤​ភាគរយ​នៃ​ ផ​.​ស​.​ស​ តែ​ថយ​ចុះ​១​្ប​៣៨​ភាគរយ​នៃ​ ផ​.​ស​.​ស​ ធៀប​នឹង​ការ​អនុវត្ដ​ឆ្នាំ​២០១១​ ។​ ការ​អនុវត្ដ​ចំណូល​ចំណាយ​នេះ​អាច​នឹង​ ធ្វើ​ឱ្យ​មាន​អតិរេក​ចរន្ដ​ប្រមាណ​១,៨៨​ ភាគរយ​នៃ​ផ​.​ស​.​ស​ និង​ឱនភាព​ថវិកា​ សរុប​ប្រមាណ​-៥,៧៩​ភាគរយ​ នៃ​ផ​.​ស​.​ស​ គឺ​ថយ​ចុះ​២,៣៧​ភាគរយ​នៃ​ផ​.​ស​.​ស​ ធៀប​នឹង​ការ​អនុវត្ដ​ឆ្នាំ​២០១១​ ។​ លោក​ ឧបនាយករដ្ឋមន្ដ្រី​បន្ដ​ទៀត​ថា​ តាម​ថ្លៃ​ ថេរ​នឹង​សម្រេច​បាន​ជាង​៧​ភាគរយ​ដែល​ ធ្វើ​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​)​ គិត​ជា​ទឹកប្រាក់​តាម​ថ្លៃ​បច្ចុប្បន្ន​មាន​ចំនួន​ ៦៣.២៤០.០០០​លាន​រៀល​ ដែល​ត្រូវជា​ ប្រមាណ​១៥.៦១៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ដូច្នេះ​នៅ​ឆ្នាំ​២០១៣​ ផលិតផល​ក្នុងស្រុក​ សរុប​សម្រាប់​មនុស្ស​ម្នាក់​អាច​នឹង​ឡើង​ លើស​ពី​១.០០០​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ កម្ពុជា​អាច​នឹង​ចេញ​ផុត​ពី​ចំណាត់ថ្នាក់​ ជា​ប្រទេស​នៃ​ចំណូល​ទាប​ក្លាយទៅជា​ ប្រទេស​មាន​ចំណូល​មធ្យម​ម​កម្រិត​ ទាប​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​ គាត​ ឈ​ន់​ បន្ដ​ទៀត​ថា​ អតិផរណា​នឹង​រក្សា​ឱ្យ​ស្ថិត​ ក្នុង​រង្វង់​៥​ភាគរយ​ ដោយ​រាជរដ្ឋាភិបាល​ ត្រូវ​អនុវត្ដ​គោលនយោបាយ​ហិរញ្ញវត្ថុ​ សាធារណៈ​ និង​គោលនយោបាយ​រូបិយ​ វត្ថុ​សម​ស្រប​ និង​ដោយ​ប្រុង​ប្រយ័ត្ន​ ហើយ​អត្រា​ប្ដូរ​ប្រាក់​រៀល​-​ដុល្លារ​ អា​មេ​រិ​ក​ នឹង​រក្សា​ស្ថិត​ក្នុង​រង្វង់​៤.០៥០​ រៀល​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក​ ។​ ជាមួយ​គ្នា​ នេះ​ដែរ​ ឱនភាព​ពាណិជ្ជកម្ម​នឹង​ថយ​ចុះ​ ពី​-៩,១​ភាគរយ​នៃ​ផ​.​ស​.​ស​.​ក្នុង​ឆ្នាំ​ ២០១២​ មក​-៨,៣​ភាគរយ​នៃ​ផ​.​ស​.​ស​.​ ក្នុង​ឆ្នាំ​២០១៣​ ដោយសារ​កំណើន​នៃ​ការ​ នាំ​ចេញ​ខ្ពស់​ជាង​កំណើន​នៃ​ការ​នាំ​ចូល​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ឈាន​ទៅ​រក្សា​បាន​នូវ​ តុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​ក្នុង​ កម្រិត​សម​ស្រប​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ឱនភាព​ថវិកា​ សរុប​នឹង​ថយ​ចុះ​ពី​-៥,៧៩​ភាគរយ​នៃ​ ផ​.​ស​.​ស​.​ក្នុង​ឆ្នាំ​២០១២​ មក​-៥,៦០​ ភាគរយ​នៃ​ផ​.​ស​.​ស​.​ក្នុង​ឆ្នាំ​២០១៣​ និង​ អនុវត្ដ​គោលនយោបាយ​កាត់​បន្ថយ​ឱន​ ភាព​ថវិកា​សរុប​ជា​បណ្ដើរៗ​ទៅ​រក​កម្រិត​ ដែល​មាន​ចីរភាព​ថវិកា​គឺ​-៣​ភាគរយ​នៃ​ ផ​.​ស​.​ស​.​ និង​សន្សំ​អតិរេក​សាច់ប្រាក់​ ឡើង​វិញ​ដូច​មុន​វិបត្ដិ​ឆ្នាំ​២០០៩​ ដើម្បី​ បង្កើន​ទុន​សម្រាប់​របស់​រដ្ឋ​សម្រាប់​ត្រៀម​ ទប់ទល់​វិបត្ដិ​ និង​ហានិភ័យ​ដែល​អាច​ កើតឡើង​ជាយថាហេតុ​ ។​

​លោក​គាត​ ឈ​ន់​ បាន​ធ្វើ​បទ​បង្ហាញ​ ថា​ ផ្អែក​លើ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​ បាន​បញ្ជាក់​កន្លង​មក​ ពិសេស​ផ្អែក​លើ​ លទ្ធផល​នៃ​ការ​អនុវត្ដ​ឆ្នាំ​២០១២​ និង​ការ​ គណនា​សម្រាប់​ឆ្នាំ​២០១២​ ក្របខ័ណ្ឌ​ គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ឆ្នាំ​២០១៣​ ត្រូវ​បាន​កណ​ត់​ជា​សូចនាករ​សម្រាប់​ កំណើនសេដ្ឋកិច្ច​តថ្លៃ​ថេរ​ និង​សម្រេច​ បាន​៧​ភាគរយ​នៅ​ឆ្នាំ​នេះ​ ។​ មូលដ្ឋាន​ សំខាន់​នៃ​គោលនយោបាយ​ហិរញ្ញវត្ថុ​ សាធារណៈ​ឆ្នាំ​២០១៣​ គឺ​រក្សា​ចំណាយ​ក្នុង​ កម្រិត​មួយ​សម​ស្រប​សម្រាប់​បម្រើ​ឱ្យ​ គោលនយោបាយ​ និង​សកម្មភាព​ការងារ​ អាទិភាព​សំខាន់ៗ​និង​ចាំបាច់​ រួម​ជាមួយ​ ការ​បន្ដ​ជំរុញ​ និង​បង្កើន​ការ​ប្រមូល​ ចំណូល​ឱ្យ​អស់​លទ្ធភាព​ និង​សក្ដានុពល​ ភាព​ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា​សរុប​ មក​ត្រឹម​ប្រមាណ​៥,៦​ភាគរយ​ និង​ជា​ បណ្ដើរៗ​ត្រូវ​បាន​រក្សា​ឱ្យមក​ត្រឹម​កម្រិត​ ៣​ភាគរយ​វិញ​ដូច​មុន​វិបត្ដិ​ក្នុង​គោល​ ដៅ​រក្សា​ស្ថិរភាព​ និង​និរន្ដរភាព​នៃ​ហិរញ្ញ​ វត្ថុ​សាធារណៈ​ និង​ម៉ាក្រូសេដ្ឋកិច្ច​ ។​

​លោក​ជាម​ យៀ​ប​ ប្រធាន​គណៈ​ កម្ម​ការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​ សវន​កម្ម​មាន​ប្រសាសន៍​ថា​ ច្បាប់​ថវិកា​ ជាតិ​ឆ្នាំ​២០១៣​ នឹង​ត្រូវ​រដ្ឋសភា​ប្រជុំ​ អនុម័ត​នៅ​ថ្ងៃ​ទី​១៤​ វិច្ឆិកា​នេះ​ គឺ​ពិតជា​ ឧបករណ៍​គោលនយោបាយ​ដ៏​មាន​សារ​ សំខាន់​បំផុត​ ដើម្បី​អនុញ្ញាត​ឱ្យ​រាជរ​ដ្ឋា​ភិ​ បាលប​ន្ដ​អនុវត្ដន៍​បញ្ចប់​នូវ​ផែនការ​យុទ្ធ​ សាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ ២០០៩-២០១៣​ និង​យុទ្ធសាស្ដ្រ​ចតុ​ កោណ​ដំណាក់កាល​ទី​២​ សំដៅ​ឈាន​ទៅ​ សម្រេច​បាន​នូវរ​បៀ​វ​វារៈ​គោ​លន​យោ​ បាយ​សង្គម​-​សេដ្ឋកិច្ច​ នៃ​កម្មវិធី​ន​យោ​ បាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​ ។​ ជា​ពិសេស​ដើម្បី​បន្ដ​រក្សា​ស្ថិរភាព​ន​យោ​ បាយ​បន្ដ​ពង្រឹង​និង​ពង្រីក​ការ​អនុវត្ដ​លទ្ធិ​ ប្រជាធិបតេយ្យ​ រក្សា​ម៉ាក្រូសេដ្ឋកិច្ច​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​គ្រប់​ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា​ ។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ មាន​ប្រសាសន៍​ថា​ សេចក្ដី​ព្រាង​ ច្បាប់​ស្ដី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ ឆ្នាំ​២០១៣​ ត្រូវ​រៀបចំ​ផ្អែក​លើ​មូលដ្ឋាន​  នៃ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ ២០០៩-២០១៣​ និង​ជា​ពិសេស​ការ​បន្ដ​ ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​ កាល​ទី​២​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​កាត់​ បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​កម្រិត​ ជីវភាព​របស់​ប្រជាពលរដ្ឋ​ ៕