
ប្រេស៊ីលនិងថៃសាកថ្វីដៃជាមួយខ្មែរទៀតហើយនៅស្ដាតចាស់
ភ្នំពេញ ៖ កំពូលអ្នកប្រដាល់កម្ពុជា ៣រូបនឹងប្រកួតសាកកណ្ដាប់ដៃជាមួយ នឹងអ្នកប្រដាល់សញ្ជាតិប្រេស៊ីល និងថៃ ម្ដងទៀតនៅសង្វៀនប៉ុស្ដិ៍លេខ៥ស្ដាត ចាស់ នាថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១២ វេលាម៉ោង៤រសៀល ។
កំពូលអ្នកប្រដាល់ទាំង៣គូនោះមានកីឡាករ ពេជ្រ សីហា ត្រូវប្រកួតជាមួយ កីឡាករ Darathang អ្នកប្រដាល់ជន ជាតិថៃ, គូទី២ ជ័យ កុសល ប៉ះជាមួយ កីឡាករសងសឹកជំនួសសិស្សប្អូន នួន សូរិយា គឺកីឡាករ Jos Mendona មក ពីប្រទេសប្រេស៊ីល និងគូចុងក្រោយគឺ ម្ចាស់ខ្សែក្រវាត់ខេស៊ីមេន និងម្ចាស់ខ្សែ ក្រវាត់ស្រាពពែមាស ផល សុផាត ប៉ះជើងខ្លាំងមកពីប្រទេសថៃឈ្មោះ Nam Yapa ។
លោក សេង កដិកា អគ្គនាយករងទូរ ទស្សន៍ប៉ុស្ដិ៍លេខ៥មានប្រសាសន៍ថា ប៉ុស្ដិ៍លេខ៥ តែងតែរៀបចំកម្មវិធីប្រកួត ជារៀងរាល់ខែនៅតាមបណ្ដាខេត្ដក្នុង ប្រទេសកម្ពុជា ។ លើកនេះរៀបចំនៅ សង្វៀនស្ដាតចាស់ ដោយសារតែនៅ តាមបណ្ដាខេត្ដមានភ្លៀងធ្លាក់ច្រើនពិបាក រៀបចំកម្មវិធីប្រកួតនេះ ទើបលើកមក រាជធានីភ្នំពេញ ។
សម្រាប់ការប្រកួតនេះ ផល សុផាត ជួបដៃគូខ្លាំងហើយ ព្រោះកន្លងមកគេ ធ្លាប់ប៉ះថៃម្នាក់ដែរ (Lek Pheth) លើ សង្វៀនស្ដាតចាស់នេះ ដោយបានផ្ដួលអ្នក ប្រដាល់ថៃរូបនោះឱ្យសន្លប់ក្នុងទឹកទី១។ សុផាត ជាអ្នកលេងកណ្ដាប់ដៃ ពេលនេះ ជួបជាមួយថៃដែលជាអ្នកលេងជើង គឺ ម្យ៉ាងម្នាក់ទេ មិនអាចមើលស្រាល Yam Yaba បានឡើយ ។ អ្នកប្រដាល់ សញ្ជាតិថៃរូបនេះធ្លាប់ប្រកួតបាន៣៥ ដងក្នុងនោះឈ្នះ២៥ដង ចាញ់៨ដង ស្មើ២ ដងនិងធ្លាប់ផ្ដួលដៃគូឱ្យសន្លប់លើសង្វៀន ៩ដង ។ Yam Yaba ល្បីថា មានស្នៀត ជើងទាត់ល្អណាស់ ។ គេមិនដែលមក ប្រកួតនៅភ្នំពេញនោះដែរពីមុនមក។ ទោះជាយ៉ាងណាសម្រាប់គូនេះគេមិន ហ៊ានអះអាងថា អ្នកណាឈ្នះ អ្នកណា ចាញ់នោះទេ ។
ជ័យ កុសល វិញក៏មិនធម្មតាដែរ ប៉ុន្ដែកណ្ដាប់ដៃនិងជង្គង់របស់គេ គឺគួរ ឱ្យកត់សម្គាល់ណាស់រាល់ពេលដែលគេ វាយចេញម្ដងៗ ។ ចំណែកដៃគូរបស់ កីឡាករ ជ័យ កុសល គឺកីឡាករ Jos Mendona វិញក៏មិនធម្មតាដែរ មុននឹងគេឈានជើងចូលមកជួបកីឡាករកម្ពុជានេះ ដោយវាយឈ្នះកីឡាករ នួន សូរិយា របស់កម្ពុជា ។
Jos Mendona នេះគេចេះស្នៀត ប្រដាល់ក្បាច់បុរាណខ្មែរច្បាស់លាស់ ទាំងការប្រើកណ្ដាប់ដៃ កែង ជង្គង់ គួប ផ្សំនឹងមានកម្លាំងស៊ុហ្វខ្លាំងថែមទៀត នោះអ្នកប្រដាល់ខ្មែរយើងពិបាកផ្ដួលគេ ដែរ ។ តែកាលណោះគេប៉ះ នួន សូរិយា ដែលមានកម្លាំងអន់ខ្សោយតែប៉ុណ្ណោះ។ Jos Mendona មានប្រវត្ដិប្រកួតចំនួន ៥១ដង ឈ្នះ៣៤ដង ចាញ់៥ដង ស្មើ១២ ដងនិងធ្លាប់វាយឱ្យដៃគូសន្លប់លើរេញ ១០ដង ។
រវាង ពេជ្រ សីហា និង Darathang នេះមិនដែលជួបគ្នាទេកន្លងមក ។ មុននេះ កន្លះខែសីហាបានវាយឈ្នះអ្នកប្រដាល់ ថៃម្នាក់ហើយគឺ Phi Chhit Chhay ដោយពិន្ទុ ។ បើតាមប្រវត្ដិប្រកួតរបស់ Darathang ឃើញថា ចាញ់ពេជ្រ សីហា ច្រើនណាស់ ។
លោក សេង កដិកា អ្នកចាត់ចែង កម្មវិធីប្រដាល់ប្រចាំ TV5 បាននិយាយ ប្រាប់ឱ្យដឹងថា Darathang ថ្វីត្បិតតែ មានប្រវត្ដិប្រកួតតិចជាងសីហាក៏ដោយ ក៏មិនអាចមើលស្រាលបានដែរ ព្រោះ អ្នកប្រដាល់ថៃម្នាក់នេះល្អមិនចាញ់ សីហាប៉ុន្មានទេ ។ លោកថា Darathang ប្រកួតបាន៣៥ដងក្នុងនោះវាយឈ្នះ២៦ដង ចាញ់៧ដង ស្មើ២ដង និងធ្លាប់ផ្ដួល ដៃគូឱ្យសន្លប់លើរេញដល់ទៅ១២ដង ឯណោះ ។ ចាំមើលតើពេជ្រ សីហា យក ឈ្នះDarathang នៅក្នុងទឹកទីប៉ុន្មាន ឬក៏ ឈ្នះដោយពិន្ទុ? ព្រោះថា Dara Thang នេះធ្លាប់វាយចាញ់វង្ស ណយ អ្នកប្រដាល់ កម្ពុជាយើងដោយពិន្ទុម្ដងរួចមកហើយ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២កន្លងមក ៕
