ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ឆ្នាំ​នេះ​អាច​នឹង​កើន​ដល់​៦០០០​នាក់​

ដោយ​ ៖ យឺន​ ពន្លឺ|ថ្ងៃទី 10 វិច្ឆកា 2012 ម៉ោង 10:18:10

​ភ្នំពេញ​ ៖​ ដោយ​យោង​តាម​គណៈ​ក​ម្មា​ធិ​ការ​រៀបចំ​ទិវា​រត់ប្រណាំង​ពាក់​ កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ បានឱ្យ​ដឹង​ថា​ អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់ប្រណាំង​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ខេត្ដសៀមរាប​នោះ ​មាន​ចំនួន​៤.៤២៥​នាក់​ហើយ​ ដោយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​នៅ​តាម​សហ​ ព័ន្ធ​ និង​អង្គភាព​ផ្សេង​ផង​ទេ​ ខណៈ​ដែល​ព្រឹត្ដិការណ៍​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​ ២០១២​ខាង​មុខ​នេះ​ ។​

​លោក​ វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិកា​ជាតិ​អួ​ឡាំ​ពិ​ក​កម្ពុជា​ ឱ្យ​ដឹង​ថា​ តាម​គម្រោង​លោក​ចង់​កំណត់​ ត្រឹមតែ​៥.៨០០​នាក់​ប៉ុណ្ណោះ​ តែ​ខ្លះ​មិន​ ដាក់​ពាក្យ​ប្រកួត​មុន​ទេ​ ទាល់តែ​ដល់​ថ្ងៃ​ ប្រកួត​ទើប​មក​ដាក់​ពាក្យ​ ហើយ​ចូលរួម​ ប្រកួត​តែ​ម្ដង​ ។​ យើង​មិន​អាច​រារាំង​គេ​ មិន​ឱ្យ​ប្រកួត​បាន​ឡើយ​ ព្រោះ​ពួក​គេ​ជា​ អ្នកទេសចរ​ ដែល​ខ្លះ​ទើបនឹង​មក​ដល់​ កម្ពុជា​ ហើយ​គេ​ចង់​រត់​ជា​ការ​កម្សាន្ដ​ សប្បាយ​ប៉ុណ្ណោះ​ ។​ លោក​សង្កត់ធ្ងន់​ថា​ ព្រឹត្ដិការណ៍​នេះ​មិន​ស្រួល​អាច​មាន​អ្នកចូលរួម​រត់ប្រណាំង​ដល់​ទៅ​៦០០០​នាក់​ជាង​ឯណោះ​ ។​

​ព្រឹត្ដិការណ៍​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​រក​ជំនួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា​ និង​ជន​ពិការ​ក្នុង​ប្រទេស​កម្ពុជា​ និង​ដើម្បី​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​លេង​ប្រទេស​ កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​តាម​ រយៈ​ការ​លេង​កីឡា​នេះ​ ។​ ព្រឹត្ដិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ខេត្ដសៀមរាប​ឆ្នាំ​នេះ​ក៏​មានការ​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ ៥​គីឡូម៉ែត្រ​ និង​៣​គីឡូម៉ែត្រ​ ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ​ ។​

​សម្រាប់​កម្ពុជា​មក​ទល់​ពេល​នេះ​ មាន​ព្រឹត្ដិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​ តុង​ចំនួន​៣​ហើយ​ គឺ​ពាក់កណ្ដាល​ម៉ា​រ៉ា​ តុង​អន្ដរជាតិ​ខេត្ដសៀមរាប​ ពាក់កណ្ដាល​ ម៉ា​រ៉ា​តុង​ខេត្ដ​ព្រះ​សីហ​នុ​ និង​ពាក់កណ្ដាល​ ម៉ា​រ៉ា​តុង​ភ្នំពេញ​ ។​ លោក​ វ៉ា​ត់​ ចំរើន​ កំពុង​តែ​មាន​មហិច្ឆតា​បង្កើត​ព្រឹត្ដិការណ៍​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ភូមិភាគ​ឦសាន​ មួយទៀត​ តែ​នៅ​មិន​ទាន់​ដឹង​ថា​ពេល​ ណា​នោះ​ទេ​ ។​

​គួរ​រំលឹក​ផង​ដែរ​ថា​ ព្រឹត្ដិការណ៍​នេះ​ មាន​ប្រវត្ដិ​១៦​ឆ្នាំ​មក​ហើយ​ គឺ​ចាប់​តាំង​ ពី​ឆ្នាំ​១៩៩៦​មក​ ដែល​ជា​ព្រឹត្ដិការណ៍​ ប្រកួត​អន្ដរជាតិ​មួយ​សម្រាប់​រក​ជំនួយ​សប្បុរសធម៌​ ។​ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ ឡើង​ក្នុង​តំបន់​កេរដំណែល​វប្បធម៌​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក​ដែល​បាន​ជ្រើស​ រើស​ និង​ទទួលស្គាល់​ដោយ​អង្គការ​យូ​ ណេ​ស្កូ​នៅ​ឆ្នាំ​១៩៩២​ ៕