ខ្យល់ព្យុះ​រលំ​ផ្ទះ​ជាង​១០​ខ្នង​នៅ​សង្កាត់​ក្បាលកោះ​

ដោយ​ ៖ សណ្តោស ថ្ងៃទី 12 វិច្ឆកា 2012ម៉ោង 09:25:15

​ភ្នំពេញ​ ៖​ ផ្ទះ​ឈើ​ជាង​១០​ខ្នង​ឋិត​នៅ​ក្នុងភូមិ​២​ គឺ​ភូមិ​យក​បាត្រ​ និង​ភូមិ​ព្រែក​ធំ​ សង្កាត់​ក្បាលកោះ​ ខណ្ឌមានជ័យ​ ត្រូវ​ខ្យល់ព្យុះ​កួច​បោកបក់​ដួល​រលំ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ។​

​ក្នុង​ករណី​គ្រោះ​ធម្មជាតិ​នេះ​ បាន​បណ្ដាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​រង​របួស​និង​ស្ដ្រី​ចំណាស់​ម្នាក់​ផង​ដែរ​ ក្នុង​នោះ​ផ្ទះ​ឈើ​១០​ខ្នង​ ត្រូវ​ខ្យល់ព្យុះ​បោក​ដួល​រលំ​រាប​ដល់​ដី​ទាំងស្រុង​ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត​បាន​ប៉ើង​ដំបូង​ក្បឿង​ និង​ស​ង្ក័​សី​ ។​ ដោយឡែក​ ដើមឈើ​ត្រូវ​ខ្យល់ព្យុះ​កួច​ដួល​រលំ​ផង​ដែរ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ អធិការ​ខណ្ឌមានជ័យ​ និង​ក្រុមការងារ​សាលា​ខណ្ឌ​បាន​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​នៃ​ការ​ខូច​ ខាត​ដោយ​គ្រោះ​ធម្មជាតិ​នេះ​ ក្នុង​នោះ​ក៏​បាន​យក​អំណោយ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ផង​ដែរ​​ ៕