
ខ្យល់ព្យុះរលំផ្ទះជាង១០ខ្នងនៅសង្កាត់ក្បាលកោះ
ដោយ ៖ សណ្តោស ថ្ងៃទី 12 វិច្ឆកា 2012ម៉ោង 09:25:15
ភ្នំពេញ ៖ ផ្ទះឈើជាង១០ខ្នងឋិតនៅក្នុងភូមិ២ គឺភូមិយកបាត្រ និងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ត្រូវខ្យល់ព្យុះកួចបោកបក់ដួលរលំកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ វេលាម៉ោង៥និង៣០នាទីល្ងាច ។
ក្នុងករណីគ្រោះធម្មជាតិនេះ បានបណ្ដាលឱ្យក្មេងប្រុសម្នាក់រងរបួសនិងស្ដ្រីចំណាស់ម្នាក់ផងដែរ ក្នុងនោះផ្ទះឈើ១០ខ្នង ត្រូវខ្យល់ព្យុះបោកដួលរលំរាបដល់ដីទាំងស្រុង និងផ្ទះជាច្រើនខ្នងទៀតបានប៉ើងដំបូងក្បឿង និងសង្ក័សី ។ ដោយឡែក ដើមឈើត្រូវខ្យល់ព្យុះកួចដួលរលំផងដែរ ។
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា អធិការខណ្ឌមានជ័យ និងក្រុមការងារសាលាខណ្ឌបានចុះត្រួតពិនិត្យពីស្ថានភាពនៃការខូច ខាតដោយគ្រោះធម្មជាតិនេះ ក្នុងនោះក៏បានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះផងដែរ ៕
