
អ៊ីតាលីប្រឈមនឹងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល១៥០ឆ្នាំកន្លងមក
ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 12 វិច្ឆកា 2012ម៉ោង 17:20:44
ទីក្រុង Venice របស់អ៊ីតាលី ដែល ធ្លាប់តែមានភាពស្រស់ស្អាតជាចំណាប់ អារម្មណ៍របស់អ្នកទេសចរជាច្រើន ហើយពុំដែលជួបប្រទះនូវគ្រោះធម្មជាតិ ឡើយ ។ ពេលនេះទីក្រុងដ៏ទំនើបនោះ បានលិចលង់ដោយទឹកជំនន់ទ្រង់ទ្រាយធំ មិនធ្លាប់មាន ក្នុងរយៈពេល១៥០ឆ្នាំ កន្លងមក ។
តំបន់ទេសចរណ៍ល្បីៗនៅទីក្រុង Venice គ្របដណ្ដប់ដោយទឹកជំនន់បង្កឡើងដោយ ភ្លៀងខ្យល់ជាច្រើនថ្ងៃ ធ្វើឱ្យទីក្រុងតំណាង នៃភាពរូម៉េទិច និងស្នេហាស្មោះស្ម័គ្រ ធ្លាក់ក្នុងសភាពស្ងប់ស្ងៀមគ្រប់ទិសទី សុទ្ធសឹងតែជាទឹកជំនន់ ។
ក៏ប៉ុន្ដែដោយសារតែទីក្រុងស្រស់ស្អាត មានអនាម័យល្អ ធ្វើឱ្យទឹកជំនន់នោះ មានភាពថ្លាឆ្វង់ ហើយមនុស្សជាច្រើន បានអង្គុយលេងត្រាំទឹកលើសួនសាធារណៈ យ៉ាងព្រងើយ ដោយមិនខ្វាយខ្វល់អ្វីនោះ ឡើយ ។
ភ្លៀងនិងខ្យល់ខ្លាំងបានជំរុញឱ្យទឹកជំនន់ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់ តាំងពីឆ្នាំ១៨៧២ ។ បច្ចុប្បន្នផ្ទៃដីនៅក្នុង ទីក្រុង៧០ភាគរយ គ្របដណ្ដប់ដោយទឹក ជំនន់ តំបន់ខ្លះលិចដល់១.៥១មែត្រ។
តាមសារព័ត៌មានអ៊ីតាលីស្ថានភាព អាកាសធាតុប្រែប្រួលខុសប្រក្រតីមិន ត្រឹមតែប៉ះពាល់ដល់ទីក្រុង Venice ប៉ុណ្ណោះឡើយ គឺនៅមានតំបន់ជាច្រើន ទៀតទូទាំងប្រទេស ។ តំបន់ភាគខាងជើង និងភាគកណ្ដាលនៃប្រទេសអ៊ីតាលី ក៏បាន ភៀសខ្លួនពលរដ្ឋរាប់រយនាក់ទៅកាន់ តំបន់មានសុវត្ថិភាពផងដែរ ។
នៅទីក្រុង Venice ក៏ធ្លាប់ជួបប្រទះ ទឹកជំនន់ជាញឹកញាប់ផងដែរ ប៉ុន្ដែមិន មានទ្រង់ទ្រាយធំដូចពេលនេះ ។ រដ្ឋាភិ បាលអ៊ីតាលី បានខិតខំសាងសង់ទំនប់ទឹក រារាំងទឹកជន់វាយប្រហារចូលទីក្រុង ប៉ុន្ដែ មិនទាន់អាចដំណើរការបាននៅមុនឆ្នាំ ២០១៤ ដោយបញ្ហាហិរញ្ញវត្ថុ ៕
