កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​សន្និសីទ​ស្ត្រី​ និង​កីឡា​អាស៊ី​នៅ​ចុងឆ្នាំ​២០១៣

ដោយ​ ៖ យឺន​ ពន្លឺ ថ្ងៃទី 13 វិច្ឆកា 2012ម៉ោង 08:57:41

​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ លោក​ វ៉ា​ត់​ ចំរើន​ ដែល​ចូលរួម​ក្នុង​ស​ន្និ​បាទ​ទី​៣១​ នៅ​ម៉ា​កាវ​ជា​ មួយ​លោក​ប្រធាន​អូ​ឡាំ​ពិ​ក​កម្ពុជា​ គឺ​លោក​ថោ​ង​ ខុន​ នោះ​បាន​ឲ្យ​ដឹង​ថា​ ក្រុមប្រឹក្សា​កីឡា​អាស៊ី​ផ្ដល់​សិទ្ធិ​ឲ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​សន្និសីទ​ស្ត្រី​ និង​កីឡា​អាស៊ី​ ដែល​នឹង​ធ្វើ​នៅ​ចុងឆ្នាំ​ ២០១៣​ ។​ ព្រឹត្តិការណ៍​សន្និសីទ​នេះ​ កម្ពុជា​គ្រោង​នឹង​រៀបចំ​នៅ​ខេត្តសៀមរាប​ ដើម្បី​បង្អួត​ពី​តំបន់​ទេសចរណ៍​នេះ​ដល់​ភ្ញៀវ​ ដែល​ចូលរួម​ ។​

​ក្រៅពី​នេះ​គេ​ក៏​ប្រគល់​សិទ្ធិ​ឲ្យ​កម្ពុជា​ទទួល​រៀបចំ​ទិវា​អូ​ឡាំ​ពិ​ក​ អាស៊ី​តាម​តំបន់​ដែល​ប្រទេស​ជា​សមាជិក​ទាំង​អស់គេ​នឹង​មក​ចូលរួម​រត់​ដើម្បី​ អបអរសាទរ​ និង​ លើក​ស្ទួយ​ចលនា​អូ​ឡាំ​ពិ​ក​អាស៊ី​ទី​១០០​ឆ្នាំ​ ។​ ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ធ្វើ​នៅ​ឆ្នាំ​ ២០១៣​ដែរ​ ។​ លោក​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​នេះ​ប្រសិនបើ​ធ្វើ​នៅ​ភូមិភាគ​ឦសាន​ល្អ​ណាស់​ តែ​ទីនោះ​យើង​គ្មាន​សណ្ឋាគារ​សម្រាប់​ទទួល​ពួក​គេ​ ។​ ហេតុនេះ​យើង​ប្រហែលជា​រៀបចំ​នៅ​ភ្នំពេញ​តែ​ម្ដង​ ។​

​លោក​បន្ត​ថា​ មហាសន្និបាត​ក៏​បាន​បោះ​ឆ្នោត​ជូន​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អាស៊ី​លើក​ទី​១៨​នៅ​ឆ្នាំ​២០១៩​ ខណ​:​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា​ (​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​)​ ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​យុវជន​ទ្វីបអាស៊ី​ ។​ សូម​បញ្ជាក់​ថា​ ក្នុង​ការ​ជ្រើសរើស​ទីក្រុង​សម្រាប់​រៀបចំ​កីឡា​អាស៊ី​លើក​ទី​១៨​ មាន​ ទីក្រុង​ចំនួន​៣​បាន​ដាក់​ជា​បេក្ខភាព​ ដូច​ជាទី​ក្រុង​ហាណូយ​(​វៀតណាម​)​ ទីក្រុង​ស៊ូ​រ៉ា​បៃ​យ៉ា​ និង​ ទីក្រុង​ ឌុ​យ​បៃ​ (​ប្រទេស​ អា​រ៉ាប់​រួម​អេ​មី​រ៉ាត​)​ តែ​ក្រោយមក​ទីក្រុង​ឌុ​យ​បៃ​បាន​ដកខ្លួន​ចេញ​ សល់​តែ​ពីរ​គឺ​ហាណូយ​ និង​ស៊ូ​ រ៉ា​បៃ​យ៉ា​ប៉ុណ្ណោះ​។​ ល​ទ្ឋ​ផល​ចុង​ក្រោយ​បាន​ទៅ​ ទីក្រុង​ហាណូយ​ ជា​អ្នក​ក​រៀបចំ​នៅ​ឆ្នាំ​២០១៩​ ។​

​កត្តា​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​ផង​ដែរ​ គឺ​សម្រាប់​លើក​នេះ​ វៀតណាម​ បាន​អះអាង​ ដល់​ប្រទេស​ជា​សមាជិក​ OCA​ ថា​ វៀតណាម​នឹង​មិន​យក​ថ្លៃ​ចុះ​ឈ្មោះ​សម្រាប់​ការ​ចូលរួម​ ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨​ឡើយ​ទាំង​មន្ត្រី​កីឡា​ និង​អត្ត​ព​លិ​ក​ ដែល​តាម​ធម្មតា​ម្ចាស់ផ្ទះ​តែងតែ​ទាមទារ​ឲ្យ​អ្នកចូលរួម​បង់ថ្លៃ​ជា​និច្ច​។​

​គួ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​១​ហើយ​ ដែល​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កម្មវិធី​ ស​ន្និ​សិ​ទ​ស្ត្រី​នឹង​ កីឡា​ នេះ​ ហើយ​នេះ​ក៍​ជា​កម្មវិធី​មួយ​ដែល​អាច​ទាក់ទាញ​ភៀវ​ទេសចរ​បរទេស​នឹង​សមាជិក​ OCA​ ទាំង​៤៥​ប្រទេស​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នោះ ៕