
វីរយុវនិស្សិតសម្តេចតេជោហ៊ុនសែនចូលរួមប្រកួតបាល់ទាត់មិត្តភាពក្នុងផ្ងៃឈប់សំរាក
ដោយ ៖ ទឹកថ្លា ថ្ងៃទី 13 វិច្ឆកា 2012ម៉ោង 13:04:50
ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលម៉ោង២ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ នៅទីលានបាល់ទាត់វិទ្យាល័យថ្មពួក ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងក្រុមវីរយុវជនសម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូវិទ្យាល័យថ្មពួក ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការអាវុធហត្ថខេត្តខេត្តបន្ទាយមានជ័យ, លោក អ៊ឹម ភ័ណសុផល អភិបាលរងខេត្ត និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សូរ ចាន់ហេង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត, លោក រុន តូ ប្រធានវីរយុវនិស្សិត និងអស់លោក-លោកស្រី មន្ត្រីរាជការគ្រប់ជាប់ថ្នាក់ មកពីមន្ទីរស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ ។
យោងតាមគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា កីឡាករមានចំនួន០៤ក្រុម ស្មើនឹង២ប្រកួត ក្នុងនោះក្រុមកីឡាបាល់ទាត់កងវរសេនាតូចលេខ៥១៤ ប្រកួតជាមួយក្រុមមហាជនស្រុកថ្មពួក ជាក្រុមទី១ ហើយក្រុមវីរយុវជនសម្តេចតេជោ ហ៊ុន សែន ប្រកួតជាមួយក្រុមលោកគ្រូវិទ្យាល័យថ្មពួកប្រកួតលើកទី២។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានថ្លែងថា លោកបានរៀបចំកម្មវិធីនេះនៅថ្ងៃសចុងសប្តាហ៏ចំថ្ងៃដែលក្រុមយុវជនសំរាកពីការងារ ។ ការប្រកួតថ្ងៃនេះ គឺគ្រាន់តែជាការប្តូរបទពិសោធន៏ពីគ្នាប៉ុណ្ណោះ ក្នុងគោលបំណងស្វែងរកភាពរីកចម្រើន ប៉ុន្តែនឹងអាចឈានទៅប្រកួត ជាមួយខេត្តជិតខាង ដូចជាខេត្តឧត្តរមានជ័យរវាងក្រុមយុវជនសម្តេចតេជោដូចគ្នា និងអាចចូលប្រកួតដណ្តើមពានរង្វាន់ជើងឯកទូទាំងប្រទេសនាពេលខាងមុខទៀតផង ។
បន្ទាប់ពីធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញ ក្រុមវីរយុវនិសិត្សសម្តេចតេជោក៏បានយកឈ្នះក្រុមកីឡា គ្រូវិទ្យាល័យថ្មពួក២ទល់នឹង១ ចំណែកក្រុមកីឡាបាល់ទាត់កងវរសេនាតូច៥១៤ យកឈ្នះក្រុមមហាជនស្រុកថ្មពួក ២ទល់នឹង១ផងដែរ ។
លោក អ៊ឹម ភាន់សុផល បានថ្លែងការកោតសរសើរចំពោះលោក រត្ន័ ស្រ៊ាង ដែលបានរៀបចំបង្កើតឲ្យមានការប្រកួតនេះឡើង នេះគឺជាលើកទី១និងដំបូងគេបង្អស់ ដែលខេត្តបន្ទាយមានជ័យបង្កើតឲ្យមានក្រុមបាល់ទាត់យុវជនស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ហើយចាប់ផ្តើមប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទាត់មហាជនលើទឹកដីខេត្តបន្ទាយមានជ័យ ៕
